នាយ កណ្តុរ ជួបទុក្ខធំផ្ទួនៗ ក្នុង​រយៈ​ពេល​ជិត៣ខែ បង២នាក់ និងឪពុក ទទួលមរណភាព

ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ ទើបតែបញ្ចប់ទៅបានតែមួយថ្ងៃនោះ ស្រាប់តែ ឌីជេ កណ្តុរ ដែលមានឈ្មោះពិតថា ជុំ ផានិត បានរៀបរាប់ទាំងអារម្មណ៍ទុក្ខសោកថា នៅល្ងាចម្សិលមិញនេះ (ថ្ងៃទី១៥ ខែតុលា)ឪពុកជាទីស្រឡាញ់របស់លោក ដែលក្នុងឋានៈជាព្រះសង្ឃ បានសុគត ធ្វើឲ្យលោក និងបងៗពិតជា មានអារម្មណ៍ក្រៀមក្រំ ទុក្ខសោកយ៉ាងខ្លាំង។

នាយ កណ្តុរ បានបា្រប់គេហទំព័រ LookingTODAY ឲ្យដឹងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥នេះថា ឪពុករបស់លោកជាព្រះចៅអធិការវត្ត ព្រៃឃ្នេស បានសុគត កាលពីវេលាម៉ោង៥ និង៤៧ នាទីល្ងាច ក្នុងព្រះជន្ម៨៦ព្រះវស្សា ដោយសារជំងឺសាច់ដុះក្នុងតម្រង់នោម ។ នៅក្នុងរយៈពេល២-៣ខែនេះ លោកបានជួបទុក្ខធំផ្ទួនៗគ្នា ព្រោះថាលោកត្រូវបាត់បង់ សមាជិកគ្រួសារ៣នាក់ មានបងស្រី,បងប្រុស និងឪពុក ក្នុងពេលមួយប៉ប្រិចភ្នែក ដែលរឿងនេះ ធ្វើឲ្យលោកឈឺចាប់ លំបាកចិត្តខ្លាំងណាស់។

ឌីជេ កណ្តុរ បានរៀបរាប់ទាំងទុក្ខសោកទៀតថា «កាលពីជិត២ខែមុននេះ បងស្រីខ្ញុំបានស្លាប់ ដោយសារតែឆ្លងទន្លេនៅមន្ទីរពេទ្យរុស្សី ហើយក្រោយមកបានបន្តិច បងប្រុសរបស់ខ្ញុំក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ស្លាប់ទៀត មិនទាន់ទាំងបានធ្វើបុណ្យ១០០ថ្ងៃផង ក៏ស្រាប់តែកាលពីល្ងាចម្សិលមិញនេះ ឪពុកស្លាប់ទៀត នៅក្នុងរយៈពេលនេះ គ្រួសារខ្ញុំជួបទុក្ខផ្ទួនៗ ធ្វើបុណ្យសពជាប់ៗគ្នា។ ក្នុងនាមខ្ញុំជាកូន និងប្អូនពិតជាឈឺចាប់ ពិបាកចិត្តខ្លាំងណាស់»។

តារាកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនេះគ្រួសារលោក និងព្រះសង្ឃ នៅក្នុងវត្តព្រៃឃ្នេស កំពុងតែនាំគ្នារៀបចំពិធីបុណ្យសព ជូនលោកឪពុក ព្រោះថាពេលនេះ មានការខ្វះខាតច្រើន ឧបករណ៍ និងសម្ភារៈ ធ្វើបុណ្យមួយចំនួន ត្រូវទៅជួលពីស្រុកផ្សេង ព្រោះថាស្រុកលោករស់នៅ ហាក់ដាច់ស្រយាល មានការខ្វះខាតច្រើន ហើយសម្រាប់ពិធីបុណ្យសព៧ថ្ងៃ លោកនៅមិនទាន់ដឹងថា រៀបចំ ឬក៏អត់នោះទេ ។

ក្នុងនោះលោកក៏បានត្អូញត្អែរ ពីការលំបាកវេទនារបស់ខ្លួនថា ពេលនេះលោករស់នៅ ជួបការលំបាកខ្លាំងណាស់ គ្មានលុយនៅជាប់ខ្លួនទេ សូម្បីតែលុយជួលផ្ទះ២ខែនេះ ក៏មិនទាន់មានលុយឲ្យគេដែរ បើរំពឹងលើប្រាក់ចំណូលពីសិល្បៈ គឺបានតិចតួច មិនគ្រប់លើការចំណាយទេ ។ ហេតុដូច្នេះលោកក៏សុំធ្វើការអំពាវនាវ ទៅដល់សប្បុរជននានា មេត្តាជួយដល់លោក និងក្រុមគ្រួសារ ដែលកំពុងតែជួបការលំបាកនេះផង ។ បើមានបងប្អូនណាជួយ ដល់លោកសូមទំនាក់ទំនង ទូរស័ព្ទរបស់លោកផ្ទាល់ តាមរយៈលេខ ០១០ ៧០ ៧៥ ៩៥ ៕

នាយ កណ្តុរ ជួបទុក្ខធំផ្ទួនៗ ក្នុង​រយៈ​ពេល​ជិត៣ខែ បង២នាក់ និងឪពុក ទទួលមរណភាព

នាយ កណ្តុរ ជួបទុក្ខធំផ្ទួនៗ ក្នុង​រយៈ​ពេល​ជិត៣ខែ បង២នាក់ និងឪពុក ទទួលមរណភាព