សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ​ត្រូវបាន​លោក ប៉ុល ហំ​ម និង​លោក ឆាយ ថន លើក​យកមក​ពិភាក្សា​

​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​អះអាងថា​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា នាពេល​ខាងមុខនេះ​។ ការអះអាង​យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ត្រូវបាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម សហការ​ជាមួយ​គណៈកម្មការ សេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និង​សវនកម្ម លើក​យកមក​ពិនិត្យ និង​សិក្សា​ជាមួយ​ក្រសួងផែនការ ដឹកនាំ​ដោយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ។​

​បន្ទាប់ពី​ជំនួប​នៅ​រដ្ឋសភា​ក្នុង​ចុង​សប្តាហ៍​នេះ លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល ពិសេស ក្រសួងផែនការ ដែល​បាន​ខិតខំ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ​ឡើង​។ អង្គប្រជុំ​ខាងលើ​បាន​ឯកភាព​លើ​ទម្រង់​ច្បាប់ និង​បាន​ពិនិត្យ​កែសម្រួល ពាក្យពេចន៍ អក្ខរាវិរុទ្ធ​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ជា​សេចក្តីព្រាងច្បាប់​មួយ ដែលមាន​អត្ថប្រយោជន៍​សំខាន់ ក្នុងការ​កំណត់​គោលនយោបាយ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​ប្រជាសាស្ត្រ​របស់​ប្រទេស ព្រមទាំង​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ ។​

គួរ​បញ្ជាក់ថា នៅក្នុង​យុគសម័យ​នៃ​ផ្នែក​ព័ត៌មានវិទ្យា​រីកចម្រើន ដូច​ពេល​បច្ចុប្បន្ននេះ ព័ត៌មាន​ទិន្នន័យ​ស្ថិតិ ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ និង​ជា​ឧបករណ៍​ដ៏​ចាំបាច់​បំផុត សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ អំពី​ស្ថានភាព​នៃ​ការវិវត្តន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​ប្រជាសាស្ត្រ របស់​ប្រទេសជាតិ​នីមួយៗ​។ ដូច្នេះ​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ដែលមាន​១០​ជំពូក ចែកចេញ​៣៨​មាត្រា ត្រូវគេ​រំពឹងថា​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា​៕

12143073_683693645065313_8691852881284004715_n