បទល្មើស​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ រាលដាល​កាន់តែខ្លាំង​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មាន​ទីតាំង​ជីក​កកាយ​យក​រ៉ែ​មាស​រាប់រយ​កន្លែង​នៅក្បែរ​ផ្លូវជាតិ​លេខ​៦២ ដែល​លាតសន្ធឹង​ពី​តំបន់ភ្នំ​ដែក រហូតដល់​ខេត្តព្រះវិហារ​។ អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ភូមិ​ចាស់ ឃុំ​រមណីយ ស្រុក​រវៀង ដោយ​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​នានា​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ព្រមទាំង​ជនជាតិ​ចិន​បាន​ជីក​យក​រ៉ែ​មាស​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ឯ សារ៉ូ អភិបាលស្រុក​រវៀង និង​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រមណីយ បាន​ឲ្យ​ដឹងថា ប្រហែលជា​លោក ឯ សារ៉ូ និង​លោក គង់ មករា ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ ទើប​បណ្ដោយ​ឲ្យ​មានការ​ជីក​កកាយ​បូម​យក​រ៉ែ​មាស ដោយ​គ្មាន​ចាត់វិធានការ​ទប់ស្កាត់​។ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មកពី​បណ្ដា​ខេត្ត​ផ្សេង​បាន​ឲ្យ​ដឹងថា ពួកគាត់​ជួល​ដី​ពី​ម្ចាស់​ដី​ក្នុង​មួយថ្ងៃ​២០០០០​រៀល​និង​បង់​ឲ្យ​មន្ត្រី​បរិស្ថាន មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អាចធ្វើ​សកម្មភាព​បាន​។ ក្នុង​មួយថ្ងៃ​ពួកគាត់​អាចរ​កមាស​បាន​១​ហ៊ុន​ទៅ​២​ហ៊ុន​ឬ​ច្រើនជាង​នេះ គិត​ជា​ប្រាក់​ប្រហែល​១០​ម៉ឺន​រៀល​ឡើងទៅ ប៉ុន្តែ​ដោយសារ​ការចំណាយ​ច្រើន​ទើប​នៅសល់​តិចតួច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ទាំង​លំបាក​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង បាន​ឲ្យ​ដឹងថា លោក ឯ សារ៉ូ អភិបាលស្រុក​រវៀង និង​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន​ទទួលបាន​ផលប្រយោជន៍ ទើប​បណ្ដា​យ​ឲ្យ​កើតមាន​បទល្មើស​បំផ្លាញ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​យ៉ាង​រាលដាល​នោះឡើយ​។ ជាងនេះទៅទៀត​មាន​សេចក្ដីរាយការណ៍​ថា ដោយសារ​តែមាន​ការបើក​ដៃ​ពី​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ និង​អភិបាលស្រុក​រវៀង ទើប​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កាន់តែ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​៕

d11 d21 d61