នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ល្បី​ខាង​ជំរិត​យកលុយ​ពី​ក្រុម​ជនល្មើស​

​លោក មូល សំ​វ៉ាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​ដឹកឈើ​តូចតាច​ថា ពូកែ​ខាង​ជំរិត​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្ដែង​ថ្មីៗ​នេះ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ និង​នគរបាល​ស្រុក បាន​ចាប់បញ្ជូន​គោយន្ត​១​គ្រឿង ដឹកឈើ​ប្រណីត​រួច​បញ្ជូនទៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ភ្លាមៗ​តែម្ដង​។ ប្រការនេះ​បានធ្វើ​ឲ្យ​ម្ចាស់​គោយន្ត​ដឹកឈើ​ប​ញ្ជេ​ញ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយ​អះអាងថា គាត់​បាន​រត់​ការបង់​លុយ​ឲ្យ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​រួចហើយ នៅតែមាន​ការបង្ក្រាប​ទៀត​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក មូល សំ​វ៉ាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ បង្ក្រាប​តែ​ឈ្មួញ​ដឹកឈើ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​យកមក​ធ្វើ​ទីជម្រក​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ធំៗ​ដូចជា ឈ្មោះ ឡាំ វង់ និង ឧកញ៉ា​ជាច្រើន​នាក់​ទៀត ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ទំនើបៗ និង​រថយន្ត​យី​ឌុប​ធំៗ មិនដែល​ឃើញ​លោក មូល សំ​វ៉ាង ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាក់ស្ដែង​ការបង្ក្រាប​គោយន្ត​ដឹកឈើ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ គឺ​ដោយសារ​គោយន្ត​នោះ​ដាច់​កាឡេ​ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ និង​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ទើប​ត្រូវគេ​បង្ក្រាប​យក​ស្នាដៃ​តែម្ដង​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ម្ចាស់​គោយន្ត​ដឹកឈើ​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​មេ​ឈ្មួញ​ឈ្មោះ ធី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្ដី​គាត់​បាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាមផ្លូវ​នេះ​អស់ហើយ ស្រាប់តែ​នៅពេល​គោយន្ត​ខូច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​តែម្ដង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រហែលជា​ឈ្មួញ​ឈ្មោះ ធី ខកខាន​ក្នុងការ​បង់លុយ​ឲ្យ​លោក មូល សំ​វ៉ាង ទើប​ប្រឈម​នឹង​ការបង្ក្រាប​បែបនេះ ព្រោះ​កន្លងមក​លោក មូល សំ​វ៉ាង និង​សមត្ថកិច្ច​នគរបាល​មិនដែល​បង្ក្រាប​ទាល់តែសោះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​រិះគន់ថា ការបង្ក្រាប​គោយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់លោក មូល សំ​វ៉ាង គ្រាន់តែ​ជា​ល្បិច​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

sds sds-22