បង្ក្រាប​បទល្មើស​ស្តុក​ឈើ​ប្រណីត​នៅ​ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គ្រាន់តែ​ជា​រឿង​លេងសើច

កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ហើយ​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​៣០៤​ដុំ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមច្បាប់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រហែល​ឈ្មួញ​ម្ចាស់​ឈើ​មិន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​លោក ប៉ុក តារា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​ប្រឈម​នឹង​ការបង្ក្រាប​។ ជាងនេះទៅទៀត​សមត្ថកិច្ច​ចម្រុះ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ស្តុក​ឈើ និង​ឈ្មួញ​ម្ចាស់​ឈើ ដើម្បី​ចាត់វិធានការ​តាមច្បាប់​នោះទេ​។

ប្រភពពី​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ក្នុង​ការចុះ​ឆែកឆេរ​នោះបាន​រកឃើញ​ឈើ​ធ្នង់​ចំនួន​៣០៤​ដុំ ដែល​ឈ្មួញ​លាក់ទុក​សម្រាប់​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​។ ម្ចាស់ផ្ទះ​មានឈ្មោះ លី សុ​ព្រី​ន ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ ហួរ ស្រី​គីម រស់នៅក្នុង​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ហើយ​ពួកគេ​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ទៅដល់​។ ចំណែក​ឈ្មួញ​ម្ចាស់​ឈើ មិន​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បញ្ចេញ​ឈ្មោះ​នៅឡើយ​ទេ ហាក់ដូច​ជាមាន​អាថ៌កំបាំង​យ៉ាងខ្លាំង​ជុំវិញ​ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​នោះ​។ ចំណែក​អាជ្ញាធរ​ស្រុក​មេមត់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​នេះ ប្រហែល​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។​

សូមបញ្ជាក់ថា​រហូតមក​ដល់ពេលនេះ ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង ក្នុងស្រុក​មេមត់ ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។ ក្នុងនោះ​លោក ចាន់ សូផាត ដែលជា​មេ​គយ​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ជាប្រចាំ​។ ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ធ្នង់​ក្នុងភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ គ្រាន់តែ​ជា​ល្បិច​របស់​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​តុលាការ ដើម្បី​ឲ្យ​ឈ្មួញ​ម្ចាស់​ឈើ​ផ្ដល់​ផលប្រយោជន៍​ដល់​ពួកគេ​ជាប្រចាំ​តែប៉ុណ្ណោះ​។ ប្រសិនបើ​ពួកគេ​មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ពិតមែន គឺ​ឈ្មួញ​មិនអាច​ស្តុក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ តាម​ច្រកព្រំដែន​ក្នុងស្រុក​ត្បូងឃ្មុំ ដូច​សព្វថ្ងៃ​នេះឡើយ​៕

W@t-151015 W@t-151016