ជនជាតិន័រវេស នឹងប្រគល់វត្ថុបុរាណ និងសិល្បៈរបស់ខ្មែរ ចំនួន១១ មកឲ្យកម្ពុជាវិញ នៅថ្ងៃ២០ តុលា

ភ្នំពេញ៖ វត្ថុបុរាណក្នុងសម័យអង្គរចំនួន២ និងវត្ថុសិល្បៈចំនួន ៩ដុំផ្សេងទៀត ដែលត្រូវបានគេជួញដូរ នៅក្នុងសម័យសង្រ្គាមនាអំឡុងទសវត្សរ៍ឆ្នាំ៧០ នឹងត្រូវធ្វើពិធីប្រគល់ជូនកម្ពុជាវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានការប្រឹងប្រែង និងអន្តរាគមន៍ពីឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉ារីស។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា វត្ថុបុរាណ ដែលជនជាតិន័រវេស លោក ម័រធិន បូស្ទ័ររូដ ប្រធានក្រុមហ៊ុន Atlasklinikken នឹងត្រូវប្រគល់ជូនកម្ពុជាវិញនាថ្ងៃទី២០ ខែតុលា ខាងមុខ រួមមាន៖ ព្រះកេសព្រះឥសូរ សម័យអង្គរសតវត្សរ៍ទី៩ រចនាបថព្រះគោ និងព្រះកេសទេពភេទប្រុស សម័យអង្គរចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ រចនាបថបាយ័ន។ ក្រៅពីវត្ថុបុរាណទាំង២ លោក ម័រធិន បូរស្ទ័ររូដ ក៏នឹងប្រគល់វត្ថុសិល្បៈចំនួន ៩ដុំផ្សេងទៀតផងដែរ។

វត្ថុបុរាណ និងសិល្បៈទាំង ១១នេះ នឹងត្រូវទទួលដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីពិធីទទួលវត្ថុបុរាណ និងវត្ថុសិល្បៈនេះហើយ លោកស្រី ភឿង សកុណា ក៏នឹងបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា «ថ្នាក់មហាសេរីវឌ្ឍន៍» ជូនលោក ម័រធិន បូស្ទ័ររូដ ផងដែរ។

លោកស្រី ភឿង សកុណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា វត្ថុបុរាណ និងវត្ថុសិល្បៈទាំង១១ ត្រូវបានគេជួញដូរនៅអំឡុងពេលកម្ពុជាកើតមានសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ហើយត្រូវបាន លោក ម័រធិន បូស្ទ័ររូដ ប្រ ធានក្រុមហ៊ុន Atlasklinikken ទិញយកបាន។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា វត្ថុបុរាណរបស់ខ្មែរជាច្រើន ត្រូវបានគេធ្វើការជួញដូរទៅក្រៅប្រទេស ក្នុងទសវត្សរ៍ឆ្នាំ៧០ ពេលកម្ពុជាកើតមានសង្រ្គាម។ មកដល់ពេលបច្ចុប្បន្ននេះ មានវត្ថុបុរាណជាច្រើនត្រូវបានប ណ្តាប្រទេស និងសារមន្ទីរនានាជុំវិញពិភពលោក បានប្រគល់មកជូនកម្ពុជាវិញ ហើយកម្ពុជា ក៏កំពុងបន្តស្វះស្វែង ចរចា និងអន្តរាគមន៍ទាមទារវត្ថុបុរាណរបស់ខ្មែរជាច្រើនទៀត ឲ្យបានវិលមកវិញ ក្រោយជាតិមានសន្តិភាព៕

ជនជាតិន័រវេស នឹងប្រគល់វត្ថុបុរាណ និងសិល្បៈរបស់ខ្មែរ ចំនួន១១ មកឲ្យកម្ពុជាវិញ នៅថ្ងៃ២០ តុលា