ឃាត់​ខ្លួន​បុរស​ម្នាក់​ខ្ចី​ទូរ​ស័ព្ទ​ដៃ​គេ​​យក​ទៅ​លក់ ធ្លាយ​រឿង​ប្លន់​ម៉ូតូ​

រាជ​ធានី​ភ្នំពេញ​ ៖ ​​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​មិន​តិច​ជាង១០​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ពេល​យប់​ក្នុង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​​ឃាត់ខ្លួន​បាន​យក​មក​សួរនាំ ក្រោយ​ពេល​ដែល​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក Iphone5 មួយ​គ្រឿង​ពី​បុរស​ម្នាក់​នៅ​ក្នុង​ក្លឹ​ប ថប បាន​ហើយ​ឡើង​ម៉ូតូ​ប្រុងយក​ទៅ​លក់​ ​។

​ជនសង្ស័យ​ជា​បក្សពួក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​​​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​​​កាលពី​វេ​ល​ម៉ោង២ ​និង៤៥​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី១៦ ​តុលា ២០១៥ នៅ​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ផ្លូវ​លេខ ៤៣០ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ នួន ម៉ាច អាយុ២១​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុង​តំបន់​មិន​រៀបរយ ផ្លូវ​លេខ​៤៣៤ ភូមិ​ផ្អេ​រ​(​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ​មុខ​របរ​មិន​ពិតប្រាកដ ​។​

​ក្រោយ​ពី​​ឃាត់ខ្លួន​​​ជនសង្ស័យ​ខាងលើ​បាន​ហើយ​ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បានដក​ហូត​ទូរ​ស័ព្ទ​ពី​ជន​សង្ស័យ​​​​ប្រគល់​​ទៅឱ្យ​បុរស​រង​គ្រោះ​វិញ និង​​​សាកសួរ​ជា​បន្ត​ទៀត​ត្រូវ​បានជន​សង្ស័យ​​​សារភាព​ថា ​​ក្នុង​ពេល​កន្លង​មក​រូបគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នៅ​ពេល​យប់​បាន​ចំនួន៦លើក​មក​ហើយ ដោយ​មាន​គ្នា​ចំនួន៩​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក រ៉ូ​ឡូ ព៌​ណ​ស​មួយ​ដើម និង​ជិះ​ម៉ូតូ​ចំនួន៣​គ្រឿង​ជិះ​ស្ទាក់​ប្លន់​ពី​ជន​រង​គ្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​​។​

ក្រោយ​ពី​ធ្វើការ​សួរនាំ​បែកធ្លាយ​ដល់​ករណី​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​នេះ​ហើយ កម្លាំង​នគរបាល​ខណ្ឌចំការមន​​បាន​បើក​ការ​​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្សពួក​របស់​គេ​ដែល​នៅ​សេសសល់​បន្ថែ​មទៀត​​៕