ស្ទ័​រលីង ខ្សែបម្រើ​ក្លិប Man City ត្រូវ​ថតរូប​បាន ខណៈ​ពេល​កំពុង​ជក់​ស៊ី​សា នៅ​អង់គ្លេស

សារព័ត៌មាន​The Sun របស់​អង់គ្លេស​ផ្សាយ​ថា កីឡាករ​រ៉ា​ហ៊ី​ម ស្ទ័​រលីង ខ្សែបម្រើ​ក្លិប Man City របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រូវ​អ្នកប្រមាញ់​រូបភាព​ថតរូប​បាន​ពេល​រូបគេ​កំពុង​ជក់​ស៊ី​សា  ដោយ​ចាត់​ទុក​ថា ជា​រឿងរ៉ាវ​ដែល​កើតឡើង​ញឹកញាប់​ទៀត​ផង ។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​៤៩​លាន​ផោន រូប​នេះ​ត្រូវ​អ្នកប្រមាញ់​រូបភាព​ថតរូប​បាន ពេល​កំពុង​ជក់​គ្រឿងញៀន​នៅ​កន្លែង​កម្សាន្ត«​ម៉ា​រី​ណា ឡោ​ញ​» ក្នុង​វេ​ម​ប្ល៊ី ជា​តំបន់​រៀបចំ​ឡើង​សម្រាប់​ភ្ញៀវ​ដែល​ជក់​ស៊ី​សា ។ គួរ​បញ្ជាក់​ថា កាលពីមុន​នេះ​កីឡាករ​ស្ទ័​រលីង អាយុ​២០​ឆ្នាំ ក៏​ធ្លាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​ពេល​លេង​ឱ្យ​ក្លិប Liverpool ប៉ុន្តែ​នៅ​ពេល​ផ្លាស់​មក​លេង​ឱ្យ Man City រូបគេ​ក៏​មិន​បញ្ឈប់ ប្រសិនបើ​ជក់​ច្រើន​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន ។

ដោយឡែក កាលពី​ខែមេសា កន្លង​មក លោក ប៊្រេន​ដេ​ន រ៉ុ​ត​ជឺ អតីត​គ្រូបង្វឹក​ក្លិបLiverpool ធ្លាប់​ក្រើនរំលឹក​ដល់​កីឡាករ​រូប​នេះ​ថា ត្រូវ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ និង​កាត់​បន្ថយ​ការ​បង្ហាញ​ទ​ង្វើ​មិន​សមរម្យ​នៅ​ទី​សាធារណៈ ប៉ុន្តែរូបគេ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​នឹង​ការ​ដាស់តឿន​នេះ​ទាល់តែ​សោះ ៕