NOCC ធ្វើ​សិក្ខាសាលា​ស្ដី​ពី​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ តុលា បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​មួយ​ស្ដី​ពី​«​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង​»​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា លោក​Joreg Techmen គ្រូ​បង្គោល​ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​តំណាង​មក​ពី​សហព័ន្ធ​ចំនួន​២៥​នាក់ ។ សិក្ខាសាលា​នេះ​មាន​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧ តុលា ។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​ឱ្យ​មាន​សិ​កា្ខ​សាលា​បែប​នេះ​ឡើង​ប៉ុន្តែ​លើក​នេះ​មាន​សារៈសំខាន់​ជាងគេ ។ ចំណែក​លោក​Joreg Techmen គឺជា​គ្រូ​បង្គោល​មួយ​រូប​ដែល​ធ្លាប់​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​មក​បង្ហាត់បង្រៀន​ដល់​អត្ត​ព​លិ​ក​កម្ពុជា​បាន​ចំនួន​៣​លើក​មក​ហើយ ។ សិក្ខាសាលា​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជួយ​ឱ្យ​យើង​ទាំងអស់​គ្នា​ចេះ​ធ្វើ​ផែនការ​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​អត្ត​ព​លិ​ក​វ័យក្មេង​ក្លាយជា​កីឡាករ​ល្អ កីឡាករ​ឆ្នើម សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។ លោក​បន្ត​ទៀត​ថា សព្វថ្ងៃ​យើង​កំពុង​ខ្វះ​គ្រូ​ដែល​មាន​ទេព​កោសល្យ និង​បទ​ពិសោធន៍​ក្នុង​ការ​បង្ហាត់បង្រៀន ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ផែនការ​រួច​ហើយ គឺ​នៅ​ឆ្នាំ​ក្រោយ​នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក​១​គុណ​នឹង​២​ឬ​៣​។

លោក​Joreg Techman បាន​ថ្លែង​ឱ្យ​ដឹង​ថា លោក​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់​មានចិត្ត​ក្លាហាន​ហ៊ាន​សួរ ហ៊ាន​ឆ្លើយ ដើម្បី​ចាប់​យកចំណេះ​ដឹង​ល្អ​ៗ នាំ​យក​ទៅ​បង្ហាត់​បង្រៀន​​បន្ត ។ លោក​សន្យា​ថា នឹង​ផ្ដល់​នូវ​ចំណេះដឹង​ល្អ​ដល់​សិក្ខាកាម​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ក្លាយជា​គ្រូបង្ហាត់​មួយ​រូប​ដែល​មានបទពិសោធន៍​គ្រប់គ្រាន់ ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ។

សូម​បញ្ជាក់​ថា លោក​Joreg Techman ធ្លាប់​មក​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ NOCC ចំនួន​៣​លើក​រួច​មក​ហើយ ដោយ​លើក​ទី​១​នៅ​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៣ លើក​ទី​២​នៅ​ខែមីនា ឆ្នាំ​២០១៤ និង​លើក​ទី​៣​នៅ​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ​២០១៤ ។ សង្ឃឹមថា សិក្ខាសាលា​ថ្ងៃនេះ​នឹង​ធ្វើ​ឱ្យ​សិក្ខាកាម​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម និង​បទ​ពិសោធន៍​ល្អ​ៗ ក្នុង​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ៕