អ៊ុ​ង វិ​រៈ និង​ផ​ន ផល្លា ចាំ​ស្វាគមន៍​ថៃ​នៅ​លើ​សង្វៀន​ប្លេ​ក​ខេត

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​វេលា​ម៉ោង​៨​យប់​ស្អែក កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​របស់​កម្ពុជា​២​រូប​គឺ អ៊ុ​ង វិ​រៈ និង ផ​ន ផល្លា នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ នេះ​ជា​ការ​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​មានឈ្មោះ​ថា «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» ដែល​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​មាន​អ្នកគាំទ្រ​កកកុញ​ដោយសារ​តែ​វត្តមាន​របស់​កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ល្អ​។

យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​អ្នក​ស្នេហា​ការ​ប្រដាល់​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការ​ប្រដាល់​នេះ បន្ទាប់​ពី​មានការ​ប្រកាស​ថា​កីឡាករ​ទម្ងន់​ធ្ងន់​អ៊ុ​ង វិ​រៈ និង​ផ​ន ផល្លា ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ស្រា​បៀរ​ប្លេ​ក​ខេត​នោះ​ត្រូវ​គេ​កត់​សម្គាល់ថា រមែង​បង្ហាញខ្លួន​ដោយ​វត្តមាន​កីឡាករ​ខ្លាំង​ៗ​ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​ថៃ ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​រមែង​ទទួល​បាន​អ្នក​ទស្សនា​កកកុញ​នៅ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ។ អ្នក​រៀបចំ​ការ​ប្រកួត​លោក​ញាណ សុធី បាន​អះអាង​ថា វត្តមាន​កីឡាករ​ថៃ​ដែល​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ទាំង​២ គឺជា​ជើង​ខ្លាំង​ដែល​មាន​ប្រវត្តិ និង​ស្នាដៃ​លេចធ្លោ​នៅ​លើ​សង្វៀន​។ លោក​ហាក់​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​តស៊ូ​ដោយ​ពិបាក និង​មិន​ងាយស្រួល​នោះ​ទេ សម្រាប់​ការ​ប្រកួត​នៅ​វេលា​យប់​ស្អែក ។ ក្នុង​នោះ​លោក​ក៏​អះអាង​ថា កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​របស់​កីឡាករ​កម្ពុជា​សុទ្ធតែ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បង្ហាញ​យ៉ាង​ច្បាស់​ថា ថ្វីដៃ​របស់​ពួក​គេ​គឺ​ពិតជា​មិនធម្មតា ។

កីឡាករ​អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉ង យ៉ុ​ន​ឡេ​ក ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម និង​កីឡាករ​ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផា រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ កីឡាករ​ថៃ​ទាំង​២ មិន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៅ​លើ​សង្វៀន​ឲ្យ​បានដឹង​ច្បាស់​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​ប្រកាស​ថា​អ្នក​ទាំង​ពីរ​គឺជា​កីឡាករ​ល្អ​ដែល​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​កីឡាករ​អ៊ុ​ង វិ​រៈ និង​កីឡាករ​ផ​ន ផល្លា បាន ។

លោក​ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​បញ្ជាក់​ថា កីឡាករ​យ៉ង យ៉ុ​ន​ឡេ​ក គូប្រកួត​កីឡាករ​អ៊ុ​ង វិ​រៈ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​វត្តមាន​របស់​គេ​គឺ​ទម្រាំ​តែ​អាចយ​កមក​ប្រកួត​នៅ​យប់​ស្អែក​បាន ត្រូវ​ដាក់​សំណើ​ពី​ចម្ងាយ និង​ច្រើន​អន្លើ​ខុស​ពី​វត្តមាន​កីឡាករ​ផ្សេង ។ លោក​និយាយ​ថា​៖ «​អា​យ៉ុ​ន​ឡេ​ក​ហ្នឹង​នៅ​ថៃ​ខ្លាំង ខ្ញុំ​អត់​ដឹង​ថា វា​ធ្លាប់​ប្រកួត​ប៉ុន្មាន​ដងនោះ​ទេ ប៉ុន្តែ​វា​ល្បី​ណាស់​នៅ​ថៃ គឺ​ល្បី​យូរ​មក​ហើយ​។ ខ្ញុំ​ថា​ការ​ប្រកួត​នៅ​យប់​ស្អែក​ហ្នឹង អ៊ុ​ង វិ​រៈ​គឺ​ពិតជា​ពិបាក​ទប់​!»​។ ទោះជា​បាន​ទទួលស្គាល់​ថា កីឡាករ​កម្ពុជា​មាន​ភាព​អំណោយផល​ត្រង់​កែង ម៉ាត់ និង​ទាត់ ដោយសារ​តែ​គេ​មាន​កម្ពស់​ខ្ពស់ និង​ដៃជើង​វែង​ៗ ក៏​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រូប​នេះ នៅ​តែ​ប្រាកដ​ថា​កីឡាករ​របស់​ខ្លួន​នឹង​អាច​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat » យប់​ស្អែក កក្រើក​និង​មានការ​គាំទ្រ​ខ្លាំង ។ លោក​ថា កីឡាករ យ៉ង យ៉ុ​ន​ឡេ​ក មាន​សមត្ថ​ភាពល្អ​ត្រង់​ចំណុច​ដែល​អ៊ុ​ង វិ​រៈ​ពូកែ​ដូច​គ្នា អ​ញ្ចឹ​ង​ហើយ​ទើប​លោក​មាន​ជំនឿ​ដោយ​មុតមាំ​ថា កីឡាករ​កម្ពុជា​នឹង​មិន​ងាយស្រួល​សម្រាប់​ការ​ប៉ះ​គ្នា​នៅ​យប់​ស្អែក​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ​លោក​មិន​ហ៊ាន​ជឿ​ថា​កីឡាករ​ខ្លួន​នឹង​ស៊ី​អ៊ុ​ង វិ​រៈ​១០០%​នោះ​ទេ ដោយ​គ្រាន់តែ​ព្យាករ​ថា ជំនួប​របស់​ពួក​គេ​នឹង​តានតឹង​រៀងខ្លួន​នៅ​លើ​សង្វៀន​ដែល​រៀបចំ​ដោយ​ស្រា​បៀរ​ប្លេ​ក​ខេត​នោះ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ចំពោះ​កីឡាករ​ផ​ន ផល្លា និង​កីឡាករ ផា រ៉ា​វី វិញ លោក​ថៃ អ៊ូ ហាក់​មាន​ទំនុកចិត្ត​ខ្លាំង​ជាង​ថា កីឡាករ​របស់​ខ្លួន​ទទួល​ជ័យជម្នះ ។ លោក​ថា កីឡាករ​ថៃ​គូ​នេះ​មាន​ប្រៀប​ល្អ​ជាង​កីឡាករ​កម្ពុជា​ត្រង់​វ័យ និង​កម្លាំង​ស៊ុ​ហ្វ ។ គាប់​ជួន​ជា​ថ្វីដៃ​របស់​ពួក​គេ​មិន​ស៊ីសង​គ្នា​បូក​រួម​ទាំង​បច្ចេកទេស​ក៏​មិន​លើសខ្វះ​គ្នា​ផង​នោះ លោក​ថា កីឡាករ​ថៃ​ពិតជា​អាច​ស៊ី​ផ​ន ផល្លា​សម្រាប់​ការ​ប្រកួត ។ ទោះជា​កីឡាករ​កម្ពុជា​ល្បីឈ្មោះ​មុន និង​មាន​ប្រវត្តិ​ឡើង​រេញ​ច្រើន​ជាង ប៉ុន្តែ​លោក​ថា​កីឡាករ​របស់​លោក​ហាក់​មាន​កម្រិត​ប្រកួត​ល្អ​ជាង បើ​ធៀប​នឹង​ពេល​ចុង​ក្រោយ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា​ការ​ប៉ាន់ស្មាន​គឺ​បាន​ត្រឹមតែ​ប៉ាន់ស្មាន ប៉ុន្តែ​ភាព​ឈ្នះ​ចាញ់ គឺ​មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ដែល​កាត់ក្ដី​បាន ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ដែរ នៅ​វេលា​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​ក៏​មាន​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​កីឡាករ​៣​គូ​ផង​ដែរ ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​តទៅ ។ កីឡាករ មឿ​ន សុខ​ហ៊ុ​ច ហៅ​ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phach Aroun​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ ការ​ប៉ះ​គ្នា​កាលពី​លើក​ទី​១ កីឡាករ​កម្ពុជា​វាយ​ចាញ់ PhachAroun ដោយ​ពិន្ទុ ទើប​គេ​ឲ្យ​កីឡាករ​ពុទ្ធ ហ៊ុ​ច​ឡើង​ប៉ះ​ប្រកួត​ជា​ថ្មី​ម្ដងទៀត ដើម្បី​ចង់​ដឹង​ពី​លទ្ធផល​លើក​ទី​២ ។ នេះ​ជា​លើក​ទី​១៦​ដែល​កីឡាករ​កម្ពុជា​រូប​នេះ ឡើង​ប៉ះ​ជាមួយ​ថៃ​ដោយ​ការ​ប្រកួត​កន្លង​មក​គឺ​ឈ្នះ​១១​លើក​ចាញ់​៤​លើក និង​ស្មើ​១​លើក ក្នុង​នោះ​គឺ​គេ​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​PhachAroun នេះឯង​កាល​លើក​ចុង​ក្រោយ ។ កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​PhunSavath​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាករ​ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kham ។

សម្រាប់​ការ​ប្រកួត​ម៉ោង​២​រសៀល​នៅ​ថ្ងៃអាទិត្យ​ស្អែក​ដែរ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​គូ​ប្រដាល់​ក្នុងស្រុក​ដែល​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ប្រដាល់​ប៉ះ​គ្នា​ផង​ដែរ ដើម្បី​កំដរ​បរិយាកាស​នៅ​ចុង​ស​ប្ដា​ហ៍ ។ មិន​ខុស​គ្នា​ដែរ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ឯណោះ​វិញ កីឡាករ​៤​រូប​ក៏​នឹង​បើក​ឆាក​បន្ត​វាយ​ទម្លាក់​គ្នា​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន​Tiffy ផង​ដែរ ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច​តទៅ ។ នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​រាល់ថ្ងៃ​អាទិត្យ​ដូច​គ្នា ៕