គ្រួ​ស៊ីម៉ាក់​​ស្នើ​ដល់​អាជ្ញាកណ្ដាល​​នៅ​កម្ពុជា​​មេត្តា​​កាត់​ក្ដី​ឲ្យ​បាន​សុក្រឹត

គ្រួ​ស៊ីម៉ាក់​​ស្នើ​ដល់​អាជ្ញាកណ្ដាល​​នៅ​កម្ពុជា​​មេត្តា​​កាត់​ក្ដី​ឲ្យ​បាន​សុក្រឹត

​លោក មាស សំអឿន គ្រូ​បង្គោល​របស់​ក្លិប​បាល់ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​​)​​​ស្នើ​ដល់​អាជ្ញាកណ្ដាល​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់ ​ពេល​កាត់​ក្ដី​លើ​ទីលាន​កំពុង​ប្រកួត​មេត្តា​វិនិច្ឆ័យ​​​ឲ្យ​បាន​ត្រឹមត្រូវ​ ​សុក្រឹត​​ និង​យុត្តិធម៌​បំផុត​ សម្រាប់​ការ​ប្រកួត​​បាល់ទាត់​លីក​កំពូល​របស់​កម្ពុជា​​ដែល​នៅ​សល់។

 

​លោក មាស សំអឿន បាន​ឲ្យ​ដឹង​ថា ​​​តាម​ការ​មើល​ឃើញ​របស់​លោក​អាជ្ញាកណ្ដាល​​បញ្ជា​​ការ​ប្រកួត​លើ​ទី​លាន​​ក្នុង​ប្រទេស​​កម្ពុជា​មួយ​ចំនួន​កាត់​ក្ដី​មិន​បាន​​ត្រឹម​ត្រូវ​ និង​សុក្រឹត​១០០ % ឡើយ។ ​ពិសេស​ពេល​ក្រុម​ខ្សោយ​ប៉ះ​​​​​ក្លិប​​ខ្លាំង​ៗ ​អាជ្ញាកណ្ដាល​ទាំង​នោះ​កាត់​ក្ដី​ហាក់​ដូច​ជា​រណប ឬ​លំអៀង​ខាង​​​​​ក្រុម​​កំពុង​មាន​ប្រៀប​ជាង​។ ​​នៅ​ពេល​​កីឡាករ​ក្នុង​ក្លិប​ខ្លាំង​​បង្ក​កំហុស​ក្នុង​ប្រអប់​បាល់​ពិន័យ​១១​ម៉ែត្រ​​អាជ្ញាកណ្ដាល​​ធ្វើ​ដូច​ជា​​មើល​មិន​ឃើញ។​

 

គ្រួ​ស៊ីម៉ាក់​​ស្នើ​ដល់​អាជ្ញាកណ្ដាល​​នៅ​កម្ពុជា​​មេត្តា​​កាត់​ក្ដី​ឲ្យ​បាន​សុក្រឹត

កីឡាករ​ក្លិប​បាល់ទាត់​ស៊ីម៉ាក់(រូប​ថត​៖ FB ស៊ីម៉ាក់)

 

​​លោក មាស សំអឿន ​​បាន​និយាយ​ថា ៖«ខ្ញុំ​សូម​សំណូម​ពរ​ដល់​អាជ្ញាកណ្ដាល​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​​មេត្តា​កាត់​ក្ដី​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​សុក្រឹត​យុត្តិធម៌​សម្រាប់​ក្រុម​ដែល​ខ្សោយ​ៗ​ ផង។ កុំ​កាត់​ក្ដី​​ដោយ​ភាព​ស្រពេចស្រពិល​ ត្រូវ​ហ៊ាន​​វិនិច្ឆ័យ​​​​ដោយ​ក្ដី​ម៉ឺង​ម៉ាត់​ យុត្តិធម៌ ​និង​គ្មាន​ភាព​លំអៀង»។

 

​​​​​​​​​​​​​​គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា ​​ចំពោះ​​បញ្ហា​នេះ​​លោក​មាន​ឯក​សារ​វីដេអូ​ក្នុង​ដៃ​ពេញ​លេញ​ ហើយ​បាន​​ទៅ​តវ៉ា​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​(FFC) ​ទៀត​ផង​។ ចំណែក​ខាង​សហព័ន្ធ​បាន​ឆ្លើយ​​តប់​វិញ​ថា​ លោក​នឹង​​ធ្វើការ​ណែនាំ​​ដល់​អាជ្ញាកណ្ដាល​ទាំង​នោះ​ឡើង​វិញ។

 

​ការ​លើក​ឡើង​របស់​​គ្រូ​បង្គោល ស៊ីម៉ាក់ ​​រូប​នេះ​សំដៅ​ទៅ​លើ​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ​រវាង​ក្រុម​លោក​ និង​ក្លិប​​ប៉ូលិស​​ដែល​ទទួល​លទ្ធផល​បរាជ័យ​៣-១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បើគិត​ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៥​ នេះ​ការ​ប្រកួត​​បាល់ទាត់​លីក​កំពូល​របស់​កម្ពុជា​នៅ​សល់​ចំនួន២​ប្រកួត​ទៀត​ប៉ុណ្ណោះ​​នឹង​រក​ឃើញ​ក្រុម​ធ្លាក់​ចេញ​ពី​លីក​​លំដាប់​ទី​១​របស់​កម្ពុជា​ ​ព្រម​ទាំង​​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​។ ​ប៉ុន្តែ​ក្រុម​របស់​លោក​ មាស សំអឿន កំពុង​ប្រជែង​គ្នា​ជា​មួយ អាស៊ីអឺរ៉ុប វេស្ទើន​ និង​គីរីវង់​សុខសែន​ជ័យ ដើម្បី​បានរួច​ផុត​ពី​តំបន់​កាត់​ចោល៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​