ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​ថា​បង្ក​ក្លិន​ស្អុយ​នៅ​កន្លែង​សាធារណៈ

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ខេត្ត​​ថា យក​ដី​បាត​លូ​ទឹក​ស្អុយ​​ទៅ​ចាក់​ទុក​ចោល​នៅ​សួន​​វេទិកា​ខេត្ត ដែល​ជា​កន្លែង​លំហែ​កាយ​សាធារណៈ​អស់​ជា​ច្រើន​ខែ​ ដោយ​ពុំ​មាន​ការ​អភិវឌ្ឍ​នោះ​ទេ។ អ្នក​ភូមិ​អះអាង​ថា​ ការ​ចាក់​ដី​នេះ​ បាន​បង្ក​ឲ្យ​មាន​​ក្លិន​ស្អុយ​​ខ្លាំង​ ដែល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ​ អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់ព័ន្ធ​យក​ដី​បាត​លូ​ទឹក​ស្អុយ​ដែល​ចាក់​នៅ​សួន​សាធារណៈ​​​នោះ​ចេញ ឬ​ធ្វើ​ការ​អភិវឌ្ឍ​សួន​នោះ​​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​​ក្នុង​ការ​លំហែ​កាយ​សាធារណៈ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​សួន​វេទិកា​ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ទី​ថ្ងៃ​ទី​១៥ ខែ​តុលា ថា អាជ្ញាធរ​ក្រុង​​សិរីសោភ័ណ​ និង​មន្ត្រី​ពាក់ព័ន្ធ បាន​យក​​ដី​បាត​លូ​ទឹក​ស្អុយ​ទៅ​ចាក់​ក្នុង​សួន​វេទិកា​ខេត្ត​ ដែល​ជា​សួន​សាធារណៈ​​ដែល​ប្រជាពលរដ្ឋ​លំហែ​កាយ​ប្រចាំថ្ងៃ​​​និង​​បាន​ជះ​ក្លិនស្អុយ​​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ២​ខែ​មក​ហើយ ដោយ​ពុំ​មាន​ការ​អភិវឌ្ឍ​អ្វី​នោះ​ទេ។

អ្នក​ភូមិ​​អះអាង​ថា​ អាជ្ញាធរ​ចាក់​ដី​​ស្អុយ​ទុក​ចោល​បែប​នេះ​ ពុំ​បាន​ផល​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​ គឺ​ផ្ទុយ​ទៅ​វិញ បាន​ធ្វើ​​ឲ្យ​ខូច​សោភណភាព​ក្រុង​ និង​នាំ​ឲ្យ​​បាត់បង់​ទី​កន្លែង​លំហែ​កាយ​សាធារណៈ៖ «ខ្ញុំ​គាំទ្រ​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រូវ​យក​ដី​ទៅ​ចាក់​ទុក​ចោល​ឲ្យ​ក្លិន​ស្អុយ​បែប​នេះ​ទេ»

​​​​​​​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​សិរីសោភ័ណ អ្នកស្រី ចាន់ ថេង មាន​ប្រសាសន៍​​ថា​ ដី​ដែល​ចាក់​នៅ​សួន​វេទិកា​ខេត្ត​នោះ​ជា​ដី​បាត​ប្រឡាយ​ ហើយ​​អាជ្ញាធរ​ខេត្ត​​បន្ទាយមានជ័យ ចាក់​ដី​នោះ​ដើម្បី​អភិវឌ្ឍ​កែ​លម្អ​សួន​សាធារណៈ​​​នេះ​ឲ្យ​មាន​សោភណភាព​ក្នុង​ក្រុង​កាន់​តែ​​ស្រស់​ស្អាត។

ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ពុំ​ទទួល​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា មាន​ក្លិន​ស្អុយ​នេះ​នៅ​ឡើយ​ទេ៖ «ការ​អភិវឌ្ឍ​នេះ​ជា​ការ​ចំណាយ​​ថវិកា​របស់​ក្រុង ហើយ​បើ​ប្រជាពលរដ្ឋ​​ថា មាន​ក្លិន​ស្អុយ​យើង​នឹង​នាំ​រឿង​នេះ​ទៅ​ជម្រាប​លោក​អភិបាល​ខេត្ត​ដើម្បី​ដោះស្រាយ​បន្ត»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក​ ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​សួន​សាធារណៈ​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ខេត្ត​មិន​ត្រូវ​ចាក់​ដី​ទុក​ចោល​ដោយ​គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ ពី​ព្រោះ​ថា ទី​កន្លែង​នោះ​ គឺ​ជា​សួន​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​តែង​នាំ​គ្នា​លំហែ​កាយ​រៀង​រាល់​ថ្ងៃ៖ «បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​អភិវឌ្ឍន៍​បាន​ឆាប់​រហ័ស​នោះ​មិន​អី​ទេ​ ប៉ុន្តែ​បើ​ទុក​ដី​ចោល​ទៅ​មុខ​ទៀត គឺ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ហើយ»

សួន​វេទិកា​ខេត្ត​មាន​ទី​តាំង​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ក្បែរ​សាលា​ខេត្ត​បន្ទាយមានជ័យ។ ​​អាជ្ញាធរ​​ក្រុង​សិរីសោភ័ណ អះអាង​ថា អាជ្ញាធរ​នឹង​ធ្វើ​ការ​អភិវឌ្ឍ​សួន​សាធារណៈ​នេះ​ឲ្យ​បាន​ស្រស់​ស្អាត​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។