លោក​អូ​បា​ម៉ា ប្រកាស​ពី​ការ​រក្សា​ទុក​ទាហាន​5.500​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ តុលា ពី​ផែនការ​មួយ​ដែល​គ្រោង​រក្សា​ទុក​ទាហាន​អា​េ​ម​រិ​ក​៥.៥០០​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូត​ដល់​ឆ្នាំ​២០១៧ និង​ពី​ការ​រក្សា​ទុក​ទាហាន​៩.៨០០​នាក់ ដែល​មាន​វត្តមាន​នា​ពេល​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​២០១៦ ។

អម​ដោយ​អនុ​ប្រធានាធិបតី លោក JOE BIDEN រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក ASH CARTER និង​នាយសេនាធិការ​កងទ័ព​ចម្រុះ​ឧត្តមសេនីយ៍ JOSEPH DANFORD លោក​អូ​បា​ម៉ា ថ្លែង​នៅ​សេត​វិមាន​ថា ទី​មួយ​ខ្ញុំ​សម្រេច​រក្សា​ទុក​ចំនួន​ទាហាន​បច្ចុប្បន្ន​៩.៨០០​នាក់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ផ្នែក​យ៉ាង​ធំ​នៃ​ឆ្នាំ​២០១៦ ។

លោក​អូ​បា​ម៉ា គូសបញ្ជាក់​ថា កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួល​បាន​ជោគជ័យ​នានា ក៏​ប៉ុន្តែ​កងទ័ព​នេះ​នៅ​ពុំ​ទាន់​រឹង​មាំ​នៅឡើយ ។ ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​ព្រមាន​ផង​ដែរ​ពី​ប្រការ​ដែល​ក្នុង​តំបន់​នានា​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​សភាពការណ៍​សន្តិសុខ​នៅ​តែ​ផុយ​ស្រួយ​ខ្លាំង​នៅឡើយ ។

លោក​អូ​បា​ម៉ា បន្ត​ថា ទី​ពីរ​ខ្ញុំ​សម្រេច​ថា ក្រៅពី​ធ្វើ​ឱ្យ​ស្ថានទូត​អា​មេ​រិ​ក​មានដំណើរ​ការ​ធម្មតា​នៅ​ក្រុង​កា​ប៊ុល ក្រោយ​ដំណាច់ឆ្នាំ​២០១៦ យើង​នឹង​រក្សា​ទុក​ទាហាន​៥.៥០០​នាក់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ លោក​ពន្យល់​ថា កង​ទាហាន​អា​េ​ម​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​តែ​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​កង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ភេរវ​ករ ពិសេស​វាយប្រហារ​ពួក​អាល់​កៃ​ដា ។

ទី​បី​យើង​នឹង​ធ្វើការ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត ព្រមទាំង​បណ្តា​ដៃគូ​ដែល​រក្សា​ទុក​វត្តមាន​របស់​ពួក​គេ​ផ្ទាល់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ ក្រោយ​ឆ្នាំ​២០១៦ ។ ម្យ៉ាងទៀត សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​បន្ត​ផង​ដែរ ជួយ​ទ្រទ្រង់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ការ​បន្ត​ការ​កែទម្រង់ ។

ការ​សម្រេចចិត្ត​កាលពី​ថ្ងៃ​ទី​១៥ តុលា របស់​លោក​អូ​បា​ម៉ា គឺ​ផ្ទុយ​នឹង​ការ​សន្យា​របស់​លោក​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​ថា លោក​នឹង​ដក​កង​ទាហាន​អា​េ​ម​រិ​ក​ទាំងអស់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​មុន​ពេល​លោក​ចាក​ចេញពី​តំណែង​នា​ខែមករា ឆ្នាំ​២០១៧ ៕