មនុស្ស​ច្រើន​សិប​នាក់​ស្លាប់​នៅ​នី​ហ្សេ​រី​យ៉ា​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ

សាក្សី​ទាំងឡាយ​គូសបញ្ជាក់​ថា មនុស្ស​ជា​ច្រើន​សិប​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​១៥ តុលា ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ​នាទី​ក្រុង​ម៉ា​អុ​ី​ឌូ​ហ្គូ​រី ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ពេល​ជន​អត្តឃាត​ច្រើន​នាក់​បាន​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ​ក្នុង​ព្រះ​វិហារ​នេះ ។

លោក MUHTARI AHMADU ពាណិជ្ជករ​ម្នាក់​ស្ថិត​នៅ​ជិត​កន្លែង​វាយប្រហារ​និយាយ​ថា មនុស្ស​ទាំងអស់​ស្ថិត​ក្នុង​ព្រះ​វិហារ​ត្រូវ​ស្លាប់ ដោយ​ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​ណា​ឡើយ ។ ចំណែក​សមាជិក​កងជីវពល​ស្និទ្ធ​កងទ័ព​ម្នាក់​និយាយ​ថា យើង​រាប់​ឃើញ​សាកសព​មនុស្ស​ដល់​ទៅ​៤២​នាក់​នៅ​ខាងក្រៅ​ព្រះ​វិហារ ។ ពួក​អ្នក​វាយប្រហារ​បន្លំ​ខ្លួន​ជា​សាសនិក​អ៊ិ​ស្លា​ម ដើម្បី​ចូល​ខាងក្នុង​ព្រះ​វិហារ ។ ការ​ផ្ទុះ​នានា​កើត​មាន​នា​វេលា​ម៉ោង​១៨​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ពេល​សាសនិក​អ៊ិ​ស្លា​ម​កំពុង​សូត្រធម៌​ពេល​យប់​ក្នុង​ព្រះ​វិហារ​នេះ ស្ថិត​នៅ​ជាយក្រុង​ខាងលិច​នៃ​ទីក្រុង​ម៉ា​អុ​ី​ឌូ​ហ្គូ​រី ដែល​មាន​សកម្មភាព​ខ្លាំង​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ក្រុម​បូ​កូ​ហា​រ៉ា​ម ។ ក្រុម​នេះ​បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​ប្រឆាំង​បណ្តា​គោលដៅ​ស៊ី​វិល រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ប្រើប្រាស់​បណ្តាជន​អត្តឃាត និង​គ្រឿងផ្ទុះ​ច្នៃ ។

សាក្សី​និយាយ​ថា ព្រះ​វិហារ​នេះ​អាច​ទទួល​មនុស្ស​ត្រឹម​៤០​នាក់ ក៏​ប៉ុន្តែ​គេ​ពុំ​ដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ខាងក្នុង​ឡើយ ពេល​មានការ​វាយប្រហារ ៕