ចាប់ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ុ​ល​ដា​វី ព្រោះ​រឿងអាស្រូវ​ពុក​រលួយ​មាន​ទឹកប្រាក់​1​ពាន់​លាន​ដុល្លារ

អតីត​នាយក​រដ្ឋមន្ត្រី​ម៉ុ​ល​ដា​វី​មួយ​រូប​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ តុលា ក្នុង​សភា​តែ​ម្តង ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ពុក​រលួយ​មាន​ទឹកប្រាក់​សរុប​ដល់​១​ពាន់​លាន​ដុល្លារ ជា​ប្រភព​នៃ​ចលនា​តវ៉ា​ក្នុង​ប្រទេស​ក្រីក្រ​នេះ ។

លោក VLAD FILAT ជា​ប្រមុខ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​ម៉ុ​ល​ដា​វី ស្និទ្ធ​សហភាព​អឺរ៉ុប​ត្រូវ​បាន​អយ្យការ​ចោទប្រកាន់​ថា លួច​ដក​យក​ប្រាក់​២៥០​លាន​ដុល្លារ​ពី​ប្រព័ន្ធ​ធនាគារ​នៃ​អតីត​សាធារណរដ្ឋ​សូ​វៀត​នេះ ។

ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​មាន​ប្រជាជន​៣,៥​លាន​នាក់ ស្ថិត​នៅ​ចន្លោះ​អ៊ុយ​ក្រែ​ន និង​រូ​ម៉ា​នី ម៉ុ​ល​ដា​វី​ជួប​ប្រទះ​នឹង​បាតុកម្ម​នានា​ចាប់តាំងពី​ការ​បាត់​លុយ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ពី​ធនាគារ​៣​ពុំ​ដឹង​ធ្លាក់​លើ​ដៃ​នរណា ។ រឿង​នេះ​ដែល​គេ​ដាក់​ឈ្មោះ​ថា ការ​ក្លែងបន្លំ​ប្រចាំ​សតវត្ស​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏​ក្រីក្រ​នេះ​នៅ​អឺរ៉ុប ញ៉ាំង​ឱ្យ​រូបិយ​វត្ថុ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​ខ្លាំង រួច​អតិផរណា​មាន​អត្រា​កាន់តែ​ខ្ពស់ ។

ដោយ​នាំ​គ្នា​ស្រែ​កថា ចាប់​លោក FILAT ដាក់គុក​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១៥ តុលា បាន​លើកគ្នា​រាំង​ខ្ទប់​ច្រកចូល​សភា ដើម្បី​រារាំង​កុំឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី (២០០៩-២០១៣) រូប​នេះ ចេញពី​សភា​ដែល​នា​ព្រឹក​ថ្ងៃ​ទី​១៥ តុលា​នោះ ក៏​បាន​ដក​អភ័យឯកសិទ្ធិ​របស់​លោក​ដែរ ។

នៅ​មុខ​ពួក​អ្នក​តវ៉ា មេដឹកនាំ​បាតុកម្ម​លោក RENATO USATY ប្រមុខ​គណបក្ស​ស្និទ្ធ​រុ​ស្ស៊ី PARTIDUL NOSTRY បាន​សម្តែង​ក្តី​រីករាយ​ដោយ​ប្រកាស​ថា ការ​ក្តៅក្រហាយ​របស់​ពួក​បា​តុករ​ដែល​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​ជី​ស៊ី​ណូ បាន​បង្ខំ​សភា​ឱ្យ​ធ្វើការ​សម្របសម្រួល ។ នេះ​ជា​ជ័យជម្នះ​ដំបូង​របស់​យើង ៕