កងទ័ព​ស៊ី​រី​ចាប់​វាយលុក​លើ​ក្រុង​អា​ឡែ​ប​ជាមួយ​ការ​ចូលរួម​របស់​កង​ទាហាន​អីុ​រ៉​ង់

ដោយ​មានការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​ដែល​អាច​ឱ្យ​ពួក​ឧទ្ទាម​ចុះ​ខ្សោយ កងទ័ព​ស៊ីរ​កាលពី​ថ្ងៃ​ទី​១៦ តុលា  ចាប់ផ្តើម​វាយលុក​ដើម្បី​ដណ្តើម​យក​វិញ​ទីក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​ទី​២ និង​ជា​អតីត​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស​ជាមួយ​ជំនួយ​យ៉ាង​ធំ​របស់​អីុ​រ៉​ង់ ។

ទាហាន​អីុរ៉​ង់​ជា​ច្រើន​ពាន់​នាក់​ត្រៀម​ជួយ​ទ្រទ្រង់​ដល់​ការ​វាយលុក​នេះ​របស់​កងទ័ព​ស៊ី​រី ដើម្បី​ដណ្តើម​យក​ទីក្រុង​នេះ​ពី​កណ្តាប់ដៃ​ពួក​បះបោរ ដែល​រួម​មាន​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី និង​បណ្តា​សម្ព័ន្ធមិត្ត​អ៊ិ​ស្លា​ម​និយម ។

អ្នក​ទទួលខុសត្រូវ​តំបន់​ម្នាក់​ថ្លែងប្រាប់​រ៉​យ​ទ័​រថា ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​រួច​ហើយ ។ ការ​វាយលុក​នេះ​ប្រព្រឹត្ត​ទៅ​ទន្ទឹម​គ្នា​នឹង​ការ​វាយលុក​នៅ​តំបន់​ហា​ម៉ា នា​ភាគ​ខាងកើត​ប្រទេស​ដោយ​កងទ័ព​ស៊ី​រី និង​កង​យន្តហោះ​រុ​ស្ស៊ី ។

ការ​ទម្លាក់​គ្រាប់បែក​របស់​កង​យន្តហោះ​រុ​ស្ស៊ី​ចាប់ផ្តើម​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក អាច​ធ្វើ​ឱ្យ​បណ្តា​ទីតាំង​របស់​ពួក​បះបោរ​រង​ការ​ខូចខាត​យ៉ាងដំណំ ពិសេស​បាន​កម្ទេច​មូលដ្ឋាន​របស់​កងពលធំ​ទី​១៣ ជា​ពួក​ឧទ្ទាម​ដែល​ទទួល​អាវុធ​ពី​អា​មេ​រិ​ក ។

ការ​ចុះ​ខ្សោយ​នេះ​របស់​ពួក​ឧទ្ទាម​ក៏​ញ៉ាំង​ឱ្យ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បើក​ការ​វាយលុក​វាទ​ទឹកដី​កាន់កាប់​ដែរ ។ ពួក​នេះ​អាច​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន​ជា​ច្រើន​នៅ​ជុំវិញ​ក្រុង​អា​ឡែ​ប ។ ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក អង់គ្លេស និង​បារាំង ហាក់ដូចជា​ពុំ​អាច​កាត់​បន្ថយ​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​រដ្ឋ​អិុ​ស្លា​ម​ឡើយ ។ កាលពី​ថ្ងៃ​ទី​៩ តុលា កន្លង​មកនេះ ពួក​រដ្ឋ​អិុ​ស្លា​ម​បាន​វាយ​បណ្តេញ​បណ្តា​ក្រុម​ឧទ្ទាម​ប្រជែង​គ្នា​ចេញពី​ភូមិ​ជា​ច្រើន​នា​ភាគ​ខាងជើង​ក្រុង​អា​ឡែ​ប ។ ការ​ប៉ះទង្គិច​គ្នា​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ។ រួច​នា​ថ្ងៃ​ទី​១០ តុលា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​អា​ឡែ​ប ជិត​តំបន់ឧស្សាហកម្ម CHEIKH NAJJAR ។ ពួក​រដ្ឋ​អិុស្លា​ម​ធ្លាប់​ប្រកាស​ជា​ច្រើន​លើក​ថា ពួក​គេ​នឹង​ធ្វើការ​វាយលុក​មួយ​លើ​ក្រុង​អា​ឡែ​ប ។

វត្តមាន​ដ៏​ច្រើន​នៃ​កងទ័ព​អីុ​រ៉​ង់​ក្នុង​តំបន់​អា​ឡែ​ប​ត្រូវ​បាន​អះអាង​តាម​រយៈ​ការ​ស្លាប់​កាលពី​ស​ប្តា​ហ៍​មុន​របស់​ឧត្តមសេនីយ៍​អីុ​រ៉​ង់ HOSSEIN HAMEDANI  ។ លោក​ស្លាប់​នៅ​ឯ​ព្រ​លាន​យន្តហោះ QWEIRES ជិត​ក្រុង​អា​ឡែ​ប ។ កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​បាន​បរិហារ​ការ​ជាប់​ទាក់ទិន​របស់​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍​រូប​នេះ ។

អ្នកនាំពាក្យ​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ទទួលស្គាល់​តាម​ទូរទស្សន៍​រដ្ឋ​អីុ​រ៉​ង់​ថា ឧត្តមសេនីយ៍​រូប​នេះ​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ទីប្រឹក្សាយោធា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សាយោធា​អីុរ៉​ង់​ដែល​មាន​ឥទ្ធិពល​បំផុត ដែល​ដើរតួ​នាទី​សំខាន់​មួយ​នៅ​ស៊ី​រី ។

ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​កងទ័ព​អីុ​រ៉​ង់​ជួយ​ច្បាំង​រួម​ជាមួយ​របប​ស៊ី​រី​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ។ កាលពី​និទាឃ​រដូវ​កន្លង​មកនេះ ឧត្តមសេនីយ៍​អីុ​រ៉​ង់ MAHDI FAHBERI ប្រមុខ​កងវរសេនាតូច FATIMIOUN បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​នា​ភាគ​ខាងត្បូង​ប្រទេស​ស៊ី​រី ។ ក៏​ប៉ុន្តែ​ពេល​នេះ​កងទ័ព​អីុ​រ៉​ង់​ហាក់ដូចជា​ប្រមូល​កម្លាំង​ដល់​៥.០០០​នាក់ ជា​សមាជិក​កងកម្លាំង​ពិសេស AL-QODS នៃ​កង​ឆ្មាំ​បដិវត្តន៍​ដែល​នឹង​ដាក់​ពង្រាយ​ក្នុង​ប្រទេស​ស៊ី​រី​ទាំងមូល ព្រមទាំង​នៅ​អា​ឡែ​ប​ផង​ដែរ ។

របប​ស៊ី​រី​បាន​ពង្រីក​ការ​វាយលុក​របស់​ខ្លួន​នៅ​ភាគ​កណ្តាល​ប្រទេស ដោយ​វាយប្រហារ​ពួក​ឧទ្ទាម​ក្នុង​ខេត្ត​ហូ​ម ហើយ​ប៉ុនប៉ង​ដណ្តើម​យក​មូលដ្ឋាន​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៅ​ខេត្ត​ហា​ម៉ា ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៥ តុលា បាន​បរិហារ​ជំហរ​មិន ស្ថាបនា​របស់​សហរដ្ឋ​អា​មេ​រិ​ក ដែល​លោក​ថា បដិសេធ​គោលការណ៍​នៃ​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្នា​ជាមួយ​ក្រុង​មូ​ស្គូ ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ស៊ី​រី ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រៀបរាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងទ័ព​ស៊ី​រី និង​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងត្បូង​មូលដ្ឋាន TALBISSE ស្ថិត​តាម​ដងផ្លូវ​ភ្ជាប់​រវាង​ខេត្ត​ហូ​ម និង​ហា​ម៉ា ហើយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ចាប់តាំងពី​ឆ្នាំ​២០១២​មក ។ របប​ស៊ី​រី​ចង់វាយ​កាន់កាប់​ផ្លូវថ្នល់​រវាង​ក្រុង​ហូ​ម និង​ក្រុង​អា​ឡែ​ប ។ ផ្លូវថ្នល់​នេះ​ឆ្លងកាត់​ខេត្ត​ហា​ម៉ា និង​អីុ​ដ​លី​ប ដែល​ស្ទើរ​ធ្លាក់​ទាំងស្រុង​ក្នុង​ការ​ត្រួតត្រា​របស់​ពួក​បះបោរ​អ៊ិ​ស្លា​ម​និយម​សម្ព័ន្ធមិត្ត​របស់​ក្រុម​អាល់​ណូ​ស្ត្រា ។

នា​ថ្ងៃ​ទី​១៥ តុលា អីុរ៉​ង់​និយាយ​ថា ត្រៀម​ពិនិត្យ​ពី​សំណើ​ជាយថាហេតុ​មួយ​របស់​របប​ស៊ី​រី​ឱ្យ​ជួយ​បញ្ជូន​កងកម្លាំង​ជំនួយ ។ ទោះបី​យ៉ាងណា បណ្តា​ប្រភព​យោធា​ស៊ី​រី​រៀប​រាប់​ពី​ទាហាន​អីុ​រ៉​ង់​ជា​ច្រើន​ពាន់​នាក់ ដែល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បញ្ជូន​មក​ដល់​ព្រ​លាន​យន្តហោះ​យោធា MMEIMIM ភាគ​ខាងត្បូង​ខេត្ត LARTTAQUIE ដើម្បី​ជួយ​ពង្រឹង​ដល់​កងទ័ព​ស៊ី​រី​ក្នុង​ការ​វាយលុក ៕