បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់​បាន​៥​នាក់ ក្នុង​នោះ​វៀតណាម​២​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​វេលា​ព្រឹក​​ថ្ងៃ​ទី​១៦ តុលា ២០១៥ ដោយ​ចោទ​ពី​ពី​បទ​ជួញដូរ​គ្រឿងញៀន ។

លោក​អធិការ​ស្រុក​មេមត់​បានឱ្យ​ដឹង​ថា យោង​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ   កម្លាំង​​ប៉ុស្តិ៍​រដ្ឋបាល​រូង សហការ​ជាមួយ​យោធា​ការពារ​ព្រំដែន​គោក​វរ​២០៣ ត្រង់​ចំណុច​ត្រពាំង​ប្ញ​ស្សី បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កាលពី​វេលា​ម៉ោង​០៩ និង​៥​នាទី​យប់​ថ្ងៃ​ទី​១៤ តុលា ២០១៥  ក៏​បាន​ឃាត់​ជនជាតិ​វៀតណាម ក្នុង​នោះ ១-​ឈ្មោះ សឿង វ៉ា​ន់​គាន អាយុ​២៦​ឆ្នាំ  និង​២-​ឈ្មោះ​ម៉ា​យ វ៉ា​ន់​សឿង អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​តាំង​ហា ស្រុក​តឹង​ចូ​វ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​២​កញ្ចប់  ។

ផ្អែក​តាម​ការ​ឆ្លើយ​សារភាព​នោះ លុះ​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ក៏​ចាប់​បាន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ចាប់ វ៉េ​ត ហៅ​ស្រី​វ៉េ​ត  ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​រូង ស្រុក​មេមត់ ។ បន្ទាប់​មក​ទៀត នៅ​វេលា​ម៉ោង​១២ និង​២៥​នាទី​ថ្ងៃ​ទី​១៥ តុលា ២០១៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​ស្នាក់​ការ​អាវុធហត្ថ​៧០៣​ប្រចាំការ​នៅ​ស្រុក​មេមត់  បាន​អនុវត្ត​ដីកាចាប់ខ្លួន​ឈ្មោះ​វាសនា រចនា ហៅ​ដូង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ​សុង ស៊ី​ឡូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូម​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​តាម​ដីកា​លេខ​០៧ និង​លេខ​០៨ ចុះ​ថ្ងៃ​ទី​១៦ កញ្ញា ២០១៥ របស់​លោក​នូ ចន្ទ​សុ​គ​ន្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោយ​ពាក់ព័ន្ធ​ទៅ​ករណី​ជួញដូរ​ថ្នាំ​ញៀន កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៥ រស់នៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព