ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី​កប់​សព

ប្រជាពលរដ្ឋ​នៅ​សង្កាត់​វិហារហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ភូមិ និង​ឃុំ​ឱ្យ​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ដី​កប់​សព។ ការ​ស្នើ​នោះ បន្ទាប់​ពី​មាន​ការ​ភ្ជួរ និង​ឈូស​ឆាយ​ដី​តំបន់​កប់​សព​ជា​ថ្មី​ទៀត​ពី​សំណាក់​ពលរដ្ឋ​មួយ​គ្រួសារ។ ទាក់ទង​រឿង​នេះ អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បញ្ជាក់​ថា បាន​បញ្ជូន​សំណើ​ពលរដ្ឋ​ទៅ​សាលាក្រុង​សួង រួចរាល់​ហើយ ប៉ុន្តែ​ការ​ដោះស្រាយ​យ៉ាង​ណា​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់ថ្មី សង្កាត់​វិហារហ្លួង បារម្ភ​ខ្លាច​បាត់បង់​ដី​កប់​សព​របស់​ពួកគេ បន្ទាប់ពី​មាន​សកម្មភាព​ភ្ជួរ​ដី​ទាំង​នោះ​ជា​បន្តបន្ទាប់ ស្រប​ពេល​ការ​ដោះស្រាយ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ ការ​បារម្ភ​នេះ ក្រោយ​ពេល​ពលរដ្ឋ​មួយ​គ្រួសារ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​តំបន់​ជម្លោះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា។

​ពលរដ្ឋ​នៅ​ភូមិ​ថ្នល់​ថ្មី មួយ​រូប អ្នកស្រី ស សាវ៉ាត មាន​ប្រសាសន៍​ថា ក្រោយ​ពេល​អ្នក​ភូមិ​នាំគ្នា​ទៅ​ឃាត់​គ្រឿងចក្រ​បាន​មួយ​ថ្ងៃ ពួកគាត់​ក៏​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ជួយ​ទប់ស្កាត់​មិន​ឱ្យ​មាន​សកម្មភាព​ឈូស​ឆាយ​ណា​មួយ​នៅ​ចំណុច​ដី​ជម្លោះ​ទៀត​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន​សិន៖ «ឱ្យ​ប្រធាន​ភូមិ​ហ្នឹង ប្រកាស​ប្រគល់​ដី​ហ្នឹង​ឱ្យ​ប្រជាពលរដ្ឋ​វិញ​ផង ព្រោះ​បើ​នៅ​តែ​ធ្វើ​អ៊ីចឹង ប្រជាជន​មិន​អាច​ធ្វើ​អី​កើត​ទេ»

ដី​កប់​សព​របស់​អ្នក​ភូមិ​ថ្នល់ថ្មី គឺ​មាន​ទំហំ​ជាង ៤​ហិកតារ ហើយ​កន្លង​មក​មាន​ពលរដ្ឋ​បី​គ្រួសារ​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​តំបន់​នោះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សាកសព​មួយ​ចំនួន។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​អាជ្ញាធរ​ជា​បន្តបន្ទាប់ ក្រោយ​មក​មាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ខេត្ត សម្រេច​កាត់​ដី​តំបន់​នោះ ៧០​ភាគរយ ទៅ​ឱ្យ​អ្នក​ភូមិ និង ៣០​ភាគរយ​ឱ្យ​ទៅ​ពលរដ្ឋ​បី​គ្រួសារ ដោយ​យោង​លើ​ពលរដ្ឋ​ទាំង​បី​គ្រួសារ បាន​កាន់កាប់​ជា​យូរ​មក​ហើយ។ យ៉ាងណា​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត គឺ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត។

អ្នក​ភូមិ​មួយ​រូប​ទៀត អ្នកស្រី ស៊ុល យ៉ាត និយាយ​ថា ពលរដ្ឋ​ភាគ​ច្រើន​មិន​យល់​ព្រម​ចំពោះ​ការ​កាត់​ដី​មួយ​ចំណែក​ទៅ​ធ្វើ​ជា​សម្បត្តិ​ឯកជន ព្រោះ​វា​ជា​សម្បត្តិ​រួម។ ជាង​នេះ​ទៀត អ្នកស្រី​ថា ក្នុង​ចំណោម​ពលរដ្ឋ​ចង់​បាន​ដី​កប់​សព​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន គឺ​ដើម្បី​យក​ធ្វើ​អាជីវកម្ម​លក់ដូរ​បន្ត​តែប៉ុណ្ណោះ៖ «ប្រជាជន​ប្រុង​សុំ​ប្រើ​អំពើ​ហិង្សា ព្រោះ​ដី​ហ្នឹង​ដី​កប់​សព មិន​មែន​ដី​បុគ្គល​ណា​ម្នាក់​ទេ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អ៊ីម អោក ជា​អ្នក​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​ដី​តំបន់​នោះ ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។

ដោយ​ឡែក​មេ​ភូមិ​ថ្នល់ថ្មី លោក ចាប ដុំ មាន​ប្រសាសន៍​ថា សកម្មភាព​ភ្ជួរ និង​ឈូស​ឆាយ​នៅ​តំបន់​ដី​កប់​សព​គឺ​បាន​បញ្ឈប់​ទៅ​វិញ​ហើយ បន្ទាប់ពី​ពលរដ្ឋ​ទៅ​រារាំង រី​ឯ​ខាង​លោក​ក៏​បាន​ណែនាំ​ពលរដ្ឋ​រូប​នោះ​មិន​ឱ្យ​ធ្វើ​សកម្មភាព​បន្ត​ទៀត​ទេ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ទៅ​ភ្ជួរ​ដី​តំបន់​កប់​សព គឺ​លោក អ៊ីម អោក ពិតជា​បាន​កាន់កាប់​យូរ​មក​ហើយ​មែន៖ «ម្សិលមិញ​ហ្នឹង​ពាក្យ​បណ្តឹង​គាត់​ហ្នឹង គឺ​គ្រាន់តែ​ឱ្យ​ខ្ញុំ​ឃាត់​មិន​ឱ្យ​ទៅ​ភ្ជួរ​លើ​ដី​ហ្នុង»

ពាក់ព័ន្ធ​បញ្ហា​នេះ សង្គម​ស៊ីវិល​មើល​ឃើញ​ថា មូលហេតុ​ការ​ដោះស្រាយ​មិន​អាច​ទៅ​រួច ព្រោះ​អាជ្ញាធរ​មិន​បាន​យក​ច្បាប់​មក​អនុវត្ត និង​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ផង។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ បញ្ជាក់​ថា ដី​សមូហភាព​របស់​អ្នក​ភូមិ បើ​ទោះ​បី​ជា​មាន​ការ​កាន់កាប់​យូរ​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​ដី​នោះ​នៅ​តែ​មិន​អាច​ក្លាយ​ជា​សម្បត្តិ​ឯកជន​បាន​ទេ ដរាប​ណា​វា​នៅ​តែ​បម្រើ​ផលប្រយោជន៍​ទូទៅ។ លោក​បារម្ភ​ខ្លាច​ក្រែង​តែ​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​កើត​ឡើង ម្យ៉ាង​ខាង​អង្គការ​លីកាដូ នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ ប្រសិនបើ​បញ្ហា​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។