ស្ត្រី​ងងឹតមុខ​ដួល​លើ​ឆ្នាំងសម្ល​រលាក​ពេញ​ខ្លួន ដោយ​អត់​លុយ​ព្យាបាល ទុក​រហូត​ធ្ងន់ធ្ងរ

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់​ឈ្មោះ​តាំង មួយ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ប្ញ​ស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ បាន​ងងឹតមុខ​ដួល​លើ​ឆ្នាំងសម្ល​កំពុង​តែ​ពុះ បណ្តាល​ឱ្យ​រង​របួស​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ដោយសារ​តែ​ស្ថានភាព​ជីវភាព​ក្រីក្រ​ខ្វះខាត​លុយ​សម្រាប់​ព្យាបាល​នោះ ក៏​ត្រូវ​លោក​អ៊ំ​ជា​មេឃុំ​រកា​ព​ប្រាំ បាន​ស្នើ​សុំ​ទៅ​លោក​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ព្រឹក​ថ្ងៃ​​ទី​១៦ តុលា ២០១៥ ដើម្បី​សុំ​ជួយ​ឧបត្ថម្ភ​ថវិកា​សំរាប់​ព្យាបាល ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ដេក​នៅ​លើ​គ្រែ​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ តុលា ២០១៥ កន្លង​ទៅ ស្ត្រីរ​រង​គ្រោះ​បាន​រៀបចំ​ដាំបាយ និង​សម្ល​មួយ​ឆ្នាំង សម្រាប់​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ចៃដន្យ​ស្ត្រី​ឈ្មោះ​មួយ បាន​ងងឹតមុខ ជា​ហេតុ​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ឆ្នាំ​សម្ល​កំពុង​តែ​ពុះ បណ្តាល​ឱ្យ​រលាក​ក្តៅ​ក្រហល់ក្រហាយ​ស្រែក​ទ្រហោយំ ហើយ​ក៏​ខក​ខាន​ទៅ​វត្ត  ។

លោក​បន្ត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ ស្ត្រី​រង​គ្រោះ​នេះ​មិន​មាន​ថវិកា​សម្រាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ គឺ​បាន​សំងំ​នៅផ្ទះ​ហើយ​​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ស្ថានភាព​រលាក​ទឹក​សម្ល​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។  ដោយ​ឃើញ​បែប​នេះ ទើប​លោក​មេ​ឃុំ​រកា​ព​ប្រាំ​បាន​ស​សេរ​លិខិត​មួយ​ច្បាប់ មក​កាន់​ប្រធាន​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ផ្តល់​ជា​ថវិកា ។

លោក​អ៊ុំ ជា​មេឃុំ​រកា​ព​ប្រាំ​បាន​ប្រាប់​ថា ក្រោយ​ពីរ​លាក​ពេញ​ខ្លួន ត្រូវ​បាន​អ្នក​ភូមិ​ជួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សម្រាក​បាន​តែ​១​ថ្ងៃ ក៏​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​កំដរ ។  ដោយ​រាល់ថ្ងៃ​បាន​​ពេទ្យ​មណ្ឌល​សុខភាព​រកា​ព​ប្រាំ​ជួយ​ព្យាបាល និង​ឃើញ​ពី​ការ​លំបាក​ពេក ត្រូវ​អាជ្ញាធរ​បាន​ជួយ​រាយ​លុយ​ពី​អ្នក​ភូមិ​ជាង​១០​ម៉ឺន​រៀល យក​ទៅ​ជូន​សម្រាប់​ចំណាយ​លើ​ថ្នាំសង្កូវ ។