ករណី​អតីត​នាយក​សាលា​បឋម​សិក្សា​កំពង់​ក្របៅ​រំលោភ​ដី​សាលា អាជ្ញាធរ​និង​ពលរដ្ឋ​ស្នើ​ឱ្យ​ខេត្ត​ចេញ​ប្លង់​សាលា​ថ្មី

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​ព័ត៌មាន​ចុះ​ផ្សាយ​ថា​លោក ជូ គឹ​ម​សួ អតីត​នាយក​សាលា​បឋម​សិក្សា​កំពង់​ក្របៅ​​បាន​ឃុបឃិត​គ្នា​ជា​ចង្កោម​ជាមួយ​អាជ្ញាធរ​ភូមិ​កំពង់​ក្របៅ, សង្កាត់​កំពង់​ក្របៅ, ភូមិបាល​ក្រុង​ស្ទឹង​សែន និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ រំលោភ​យក​ដី​សាលា​មក​ធ្វើ​ជា​ផ្លូវ​កម្មសិទ្ធិ​ដែល​មាន​ទទឹង​៨​ម៉ែត្រ​ ដើម្បី​ចូល​ទៅ​កាន់​ដី​របស់​ខ្លួន​នៅ​ខាងក្រោយ​សាលារៀន ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​ខេត្ត​ចេញ​ប្លង់​សាលា​សារជាថ្មីឡើងវិញ ។

លោក ជូ វុន​ធី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​មាន​ប្រសាសន៍​ថា រឿង​ដី​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​កំពង់​ក្របៅ​នេះ បន្ទាប់​ពី​គណៈកម្មការ​របស់​មន្ទីរ​ចុះ​ស្រាវជ្រាវ​​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៦ តុលា ២០១៥ រក​ឃើញ​ថា ដី​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ជូ គឹ​ម​សួ ជា​នាយក​សាលា (​កាល​មិន​ទាន់​ចូល​និវត្ត​) លោក​បាន​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​មាន​ផ្ទៃដី​ទំហំ​៦១០៦​ម៉ែត្រការ៉េ ក្រោយមក​នៅ​ឆ្នាំ​២០០៨ លោក ជូ គឹ​ម​សួ និង​អាជ្ញាធរ​សម្រេច​ទុក​ដី​ខាងលិច​សាលារៀន​ទទឹង​៨​ម៉ែត្រ ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ឡើយ ហើយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ក៏​ចេញ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​ធ្វើ​ឱ្យ​ផ្ទៃដី​សាលា​នៅ​សល់​ទំហំ​តែ​៤២៩៣​ម៉ែត្រការ៉េ​តែ​ប៉ុណ្ណោះ ដែល​ការ​ទុក​ផ្លូវ​នេះ​គឺ​សម្រាប់​ចូល​ទៅ​ចំ​ដី​​របស់​លោក ជូ គឹ​ម​សួ ដែល​មាននៅ​ខាងក្រោយ​សាលារៀន​តែ​ម្នាក់ឯង​ទេ ។

លោក ជូ វុន​ធី បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​ចុះ​ស្រាវជ្រាវ តំណាង​សហគមន៍ និង​អាជ្ញាធរ សុំ​ឱ្យ​បិទផ្លូវ​ខាងលិច​សាលារៀន​វិញ និង​សុំ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត ធ្វើការ​កែសម្រួល​ប្លង់​កាន់កាប់​អចលនវត្ថុ​ដី​សាធារណៈ​របស់​សាលា​បឋម​សិក្សា​កំពង់​ក្របៅ​សារ​ជា​ថ្មី​ឡើង​វិញ និង​បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​កំពង់ធំ​បាន​ជ្រាប និង​ជួយ​អន្តរាគមន៍​ដោយ​សេចក្តី​អនុគ្រោះ ។

លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៥​នេះ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ​ ដោយ​សារ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ៕