ផ្ទះ​បណ្តែត​ទឹកមុខ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង ចាកចេញ​ប្រមាណ​៩៧​ភាគរយ

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ​២០១៥ នេះ ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ទន្លេ​មុខ​ផ្សារឆ្នាំង ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចាកចេញ​ទៅ​តាំងទី​លំនៅ​ថ្មី​តាម​ការ​កំណត់ និង​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត បាន​ប្រមាណ​៩៧​ភាគរយ​ហើយ   នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ខណៈ​ដែល​លោក​កំពុង​ចុះ​ពិនិត្យ​មើល​ការ​រៀបចំផ្ទះ​បណ្តែត​ទឹក ដែល​កំពុង​នៅ​ទីតាំង​ថ្មី  មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ខាងជើង​ផ្សារឆ្នាំង​។

លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ មុខ​ផ្សារឆ្នាំង មាន​សរុប​ចំនួន​៩៩៦​គ្រួសារ ស្មើនឹង​១.៤៨៦​ខ្នង រួម​នឹង​បែ​ចិញ្ចឹម​ត្រី​បាន​ចាកចេញ​ស្ទើ​អស់ទាំង​ស្រុង​ហើយ នៅ​សេសសល់​មួយ​ចំនួន​ទៀត ដែល​នឹង​ត្រូវ​ចាកចេញ​បន្ត​រហូត​ដល់​ថ្ងៃ​ផុតកំណត់ គឺ​ថ្ងៃ​ទី​៣០ តុលា ២០១៥ ។ យោង​តាម​ផែនការ​របស់​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក មាន​បែ​ចិញ្ចឹម​ត្រី មាន​សិប្បកម្ម​ជួសជុល​ម៉ាស៊ីន សិប្បកម្ម​បញ្ជូន​អា​គុយ​ជាដើម  នៅ​ក្នុង​ទន្លេ​មុខ​ផ្សារឆ្នាំង ដោយ​ឱ្យ​ចាកចេញ​ទៅ​តាំងទី​លំនៅ​ថ្មី​មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ ពី​ខាងជើង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារឆ្នាំង ទាំងនេះ​គឺ​ដើម្បី​ឱ្យ​មាន​របៀបរៀបរយ  អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​ក្រុង​កំពង់ឆ្នាំង​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ មាន​បរិស្ថាន​ល្អ សោ​ភ័​ណ្ឌ​ភាពល្អ ស្រប​តាម​គោលការណ៍​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ​តាម​មាត់ទន្លេ និង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ភ្នំ​នាង​ក​ង្រី និង​ម្យ៉ាងវិញទៀត គឺ​ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រណាំងទូក​ងរ​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ ដោយឡែក​ផ្ទះ​បណ្តែត​ទឹក​ដែល​នៅ​សេសសល់​ប្រមាណ​១​ភាគរយ ម្ចាស់ផ្ទះ​ភាគច្រើន​មាន​សញ្ជាត្តិ​ខ្មែរ និង​ត្រូវ​រុះរើ​ដោយ​ខ្លួនឯង​ទៅ​សាងសង់​លើ​ទីតាំង​ថ្មី​ជា​ដីគោក​របស់​ខ្លួន​ដែល​មាន​ស្រាប់​។

លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង មាន​គម្រោង​កសាង​សួនច្បារ​បន្ថែម ទីតាំង​លក់ដូរ​ផ្សារឆ្នាំង ផ្លូវ ច្រាំង​ទន្លេ បណ្តាញទឹក​ស្អាត បណ្តាញ អគ្គិសនី កន្លែង​ហាត់ប្រាណ និង​វេទិការ​មួយ​សម្រាប់​ធ្វើ​ពិធី​ផ្សេង​ៗ​ផង​ដែរ ដែល​គម្រោង​នេះ  មាន​ប្រវែង ២.៧១១​ម៉ែត្រ ចាប់​ពីមុខ​វត្ត​លោកយាយ​ទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អាន​កូ ក្នុងភូមិ​ចុង​កោះ សង្កាត់ ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ទោះ​យ៉ាងណា​ក្តី ប្រជាពលរដ្ឋ​ដែល​បាន​បន្លាស់​ទី​ទៅ​ទីតាំង​ថ្មី​បាន​ត្អូញ​តែ្អ​ដែរ​ថា ពួក​គាត់​បាន​កំពុង​ជួប​ការ​លំបាក ដូច​ជា​កន្លែង​រស់នៅ​ថ្មី​មាន​ចម្ងាយ​ឆ្ងាយ​ពេក មាន​សន្តិសុខ​មិនល្អ ខ្វះ​ផ្លូវ ខ្វះ​អគ្គិសនី និង​មិន​អាច​ចិញ្ចឹម​ត្រី​ក្នុង​បែ​បាន ព្រោះ​ចំណុច​ដែល​កំពុង​តាំង​លំនៅ​ដ្ឋា​ន គឺជា​ទន្លេ​មានទឹក​រាក់ ក្នុង​ខែប្រាំង ចំណែក​ខ្លះ​ទៀត​បាន​និយាយ​ថា មាន​ម្ចាស់​ក្បាលដី​ចំការ​បាន​មក​ទារប្រាក់​ពី​ពួក​គាត់​ក្នុង​មួយ​ខ្នង​ផ្ទះ​ចំនួន​៥០​ដុល្លា​ជាដើម ទើប​ម្ចាស់​ចំការ​ព្រមឱ្យ​នៅ​ជាដើម ដែល​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​គួរ​ជួយ​គិតគូរ​ដល់​ពួក​គាត់​ផង ៕