អ.ហ ក្រុងប៉ោយប៉ែត ឃាត់មនុស្សពីបទ លើទំនុកចិត្ត បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចំនួន៥នាក់ដឹកនាំ ដោយលោក  ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវរកឃើញឈ្មោះ ចៅ ភី នៅចំណុចរង្វង់មូល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការ ឃាត់ខ្លួន យកមកមូលដ្ឋាន អ ហ ក្រុងដើម្បីធ្វើការ ដោយតាមយោងតាមពាក្យបណ្ដឹង ពីជនរងគ្រោះ ពីបទលើ ទំនុកចិត្ត។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះថា ក្រោយពីទទួលពាក្យបណ្តឹង ពីជនរងគ្រោះ លោកក៏ចាត់អោយកម្លាំងចុះទៅស្រាវជ្រាវ រកហូតឈានមកដល់ការ ឃាត់ជនសង្ស័យ  ឈ្មោះ ចៅ ភី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ១E១ ផ្លូវប៉ាស្ទ័រ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទលួចរថយន្ត ពីជនរងគ្រោះឈ្មោះ ពាង សុខេង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ បានប្ដឹងចោទប្រកាន់ទៅលើ។

លោកបានបន្តថា បើការអះអាងពីជនរងគ្រោះថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ឈ្មោះ ចៅ ភី បានទំនាក់ទំនង ជាមួយ ឈ្មោះ ពាង សុខេង ជាម្ចាស់រថយន្ដ អោយទិញរថយន្ដម៉ាក លុច្សស៊ីស សេរី ២០១៤ ដើម្បីយកមក បង់រំលួស អោយខ្លួន ពេលឈ្មោះ ពាង សុខេង ក៏យល់ព្រមទិញរថយន្ត ១គ្រឿងម៉ាក លុច្សស៊ីស សេរី ២០១៤ ពណ៌ទឹកមាស តាមការចង់បាន របស់ឈ្មោះ ចៅ ភី ។

ក្នុងតម្លៃរថយន្តគឺ ៣៩៨០០ដុល្លារ មករំលួសអោយឈ្មោះ ចៅ ភី ដោយយកប្រាក់កក់ មុនចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លា) ហើយសល់ប៉ុន្មានបង់រំលួសក្នុង១ខែ ៦០០ដុល្លារដោយគិត អត្រាការប្រាក់១,៨ ភាគរយ។
   ដោយមានការព្រមព្រៀងបង់រំលួសនេះ មិនទាន់បានធ្វើផង ស្រាប់តែនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ជនសង្ស័យ បានទៅផ្ទះ ដែលជាម្ចាស់រថយន្ត ហើយនិយាយថា គេសុំជួលរថយន្តនោះ ទៅដឹកភ្ញៀវរយ:ពេល២ថ្ងៃសិន ដោយគេ អោយតំលៃឈ្នួលក្នុង១ថ្ងៃ ២៥០ដុល្លារ ហើយថាអោយម្ចាស់រថយន្ត (ជនរងគ្រោះ) ទៅជាមួយផងដើម្បីអោយមាន ការទុកចិត្ត ពេលនោះជនសង្ស័យឈ្មោះ ចៅ ភី យករថយន្តពីឈ្មោះ ពាង សុខេង បានហើយក៏ប្រើល្បិចកល ជិះរថយន្តចាកចេញទៅ តែម្នាក់ឯងដោយមិនយកម្ចាស់រថយន្ត ទៅជាមួយតាមការនិយាយគ្នានោះទេ ចាប់ពីពេល នោះមកស្រាប់តែ បាត់ឈ្មោះ ចៅ ភី រហូត ទាក់ទងទូរស័ព្ទក៏ពុំបាន។

ក្រោយមកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ឈ្មោះ ពាង សុខេង ជាម្ចាស់រថយន្តបាន ស៊ើបដឹងថាឈ្មោះ ចៅ ភី សព្វថ្ងៃរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបគាត់បានធ្វើដំណើរ មកកាន់ខេត្តបន្ទាយមានជ័យ ហើយ ដាក់ពាក្យបណ្ដឹង សុំអោយសមត្ថកិច្ចជួយស្រាវជ្រាវរក ជននោះដើម្បីយកមកសាកសួរ និងចាត់ការតាមច្បាប់។
នៅ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថារូបគេបាន យករថយន្តពីឈ្មោះ ពាង សុខេង កាល ថ្ងៃទី៦ ខែតុលា ពិតប្រាកដមែន ប៉ុន្តែយកមកជួលបន្តអោយ ទៅឈ្មោះ ជា សុភាព រស់នៅខេត្តកំពង់ធំ យកទៅ ដឹកភ្ញៀវ ពីព្រលានយន្តហោះពោធិ៍ចិនតុងហើយ យករថយន្តទៅក៏បាត់រហូតមក រូបគេក៏រកមិនឃើញដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនិតិវិធី។

ចំណែករថយន្ត និងជនសង្ស័យឈ្មោះ ជា សុភាព  សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

អ.ហ ក្រុងប៉ោយប៉ែត ឃាត់មនុស្សពីបទ លើទំនុកចិត្ត បញ្ជូនទៅតុលាការ

អ.ហ ក្រុងប៉ោយប៉ែត ឃាត់មនុស្សពីបទ លើទំនុកចិត្ត បញ្ជូនទៅតុលាការ