​ប៊ូយ ដារី​ មាន​មោទនភាព​ដែល​U-18ក្រោន​ប្រកួត​នឹង​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន​


​ប៊ូយ ដារី​ មាន​មោទនភាព​ដែល​U-18ក្រោន​ប្រកួត​នឹង​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន​

លោក​គ្រូ​បង្វឹក​ក្រុម​យុវជន​ភ្នំពេញ​ក្រោន​អាយុ​ក្រោម​១៨​ឆ្នាំ​មាន​អារម្មណ៍សប្បាយ​ចិត្ត​ និង​មោទនភាព​ដែល​ក្រុម​របស់​លោក​បាន​ប្រកួត​នឹង​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ជប៉ុន​ Kashim Antlers កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​កន្លង​ទៅ​នេះ​ ទោះ​ជា​ក្រុម​របស់​លោក​ចាញ់​២-០​ នៃ​ពាន​រង្វាន់ U-18 Asia Champions Trophy 2015។

 

លោក​គ្រូ​បង្វឹក​ ប៊ូយ ដារី ​បាន​ប្រាប់​ Sabay ថា ក្រុម​មួយ​ខ្លាំង​ទៅ​បាន​អាស្រ័យ​ការ​ហ្វឹកហាត់​ និង​ប្រកួត​ជា​មួយ​ដៃ​គូ​ខ្លាំង​ទើប​បាន​ក្លាយ​ជា​ក្រុម​មួយ​ដ៏​រឹង​មាំ​បាន។ ចំពោះ​ក្រុម​របស់​លោក​ដែល​បាន​ចាញ់​យុវជន​មក​ពី​ជប៉ុន​ Kashima Antlers​ ២-០ ​មិន​អាច​ចាត់​ទុក​ថា ជា​រឿង​អាក្រក់​ខ្លាំង​ឡើយ ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​ និង​មោទនភាព​ដែល​ក្រុម​របស់​ខ្លួន​បាន​លេង​ជា​មួយ​ក្រុម​ខ្លាំង​ដែល​ជា​យុវជន​ឈាន​មុខ​គេ​នៅ​ប្រទេស​ជប៉ុន។

​ប៊ូយ ដារី​ មាន​មោទនភាព​ដែល​U-18ក្រោន​ប្រកួត​នឹង​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន​លោក ប៊ូយ ដារី

 

លោក​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​​ប្រកួត​​នឹង​ក្រុម​ខ្លាំង​ ហើយ​ពួក​គេ​ខ្លាច​ក្នុង​ការ​លោត ប៉ះ​ទង្គិច​​ បុក​ ឬ​ពាំង​​ជា​ដើម​ដែល​ទាំង​នេះ​​ដោយ​សារ​តែ​កន្លង​មក​លេង​តែ​ជា​មួយ​ក្រុម​ដែល​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ ឬ​ខ្សោយ​ជាង។

 

ទោះ​ជា​យ៉ាង​ណា​ លោក ប៊ូយ ដារី​ សង្កេត​ឃើញ​ថា ក្រុម​របស់​លោក​មាន​បច្ចេកទេស​ និង​ល្បិច​កល់​មិន​ចាញ់​ក្រុម​ Kashima Antlers ឡើយ​ ប៉ុន្តែ​ក្រុម​របស់​លោក​​ធ្វើ​មិន​បាន​សម្រេច​សម្រាប់​លទ្ធផល​ចុង​ក្រោយ​ពោល​គឺ​ស៊ុត​មិន​ចូល​ទី​គេ។

 

កាល​ពី​ជើង​ទី​១ ក្រុម​យុវជន​ភ្នំពេញ​ក្រោន​បាន​ចាញ់​ Kashima Antlers នៅ​ប្រទេស​ជប៉ុន​ដោយ​លទ្ធផល​៥-០ ប៉ុន្តែ​នៅ​ជើង​ទី​២​ក្នុង​ដី​ខ្លួន​ឯង​ចាញ់​ត្រឹម​តែ​២-០ និង​មាន​ឱកាស​ស៊ុត​បាល់​ជា​ច្រើន​លើក​ដែរ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​យុវជន​អាស៊ី​ U-18 Asia Champions Trophy 2015​នៅ​ពូល​ B៕

 
សូម​ទស្សនា​វីដេអូ

អត្ថបទ៖ ជាន ចាន់រ៉ា​​