អភិបាល​ក្រុង​ព្រះសីហនុ​​ថ្មី​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ

អភិបាល​ក្រុង​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​យក​ចិញ្ចើម​ផ្លូវ ឬ​ចំណី​ផ្លូវ​សាធារណៈ​យក​ទៅ​ដាក់​តាំង​លក់​សម្ភារៈ​ផ្សេងៗ បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នាំ​ឲ្យ​បាត់បង់​​សោភណភាព​​ក្រុង​ទេសចរណ៍ និង​គ្មាន​ផ្លូវ​​​សម្រាប់​អ្នក​ដំណើរ​ថ្មើរ​ជើង។ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​អបអរ​សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព និង​ឲ្យ​បាន​ស្មើ​ភាព​គ្នា។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អាច​នឹង​រឹបអូស​យក​សម្ភារៈ ឬ​ចាប់​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ពលរដ្ឋ​ដែល​ដាក់​តាំង​សម្ភារៈ​លក់ដូរ និង​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​ចិញ្ចើម​ថ្នល់ ឬ​ចំណី​ផ្លូវ​សាធារណៈ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៥ ត​ទៅ ប្រសិនបើ​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​ទាំង​នោះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ។

អភិបាល​ក្រុង​ព្រះសីហនុ ថ្មី លោក អ៊ី សុខឡេង ថ្លែង​នៅ​ចំពោះ​មុខ​ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ​ថា ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​នឹង​មាន​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ​ឡើង​វិញ។

លោក​ថា ការ​ចត​យានយន្ត និង​ការ​ដាក់​តាំង​សម្ភារៈ​លក់​ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​នាំ​ឲ្យ​បាត់បង់​សោភណភាព​ក្រុង​ទេសចរណ៍ ឬ​គ្មាន​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ត្រូវ​តែ​លុប​បំបាត់​ឲ្យ​បាន៖ «ទាក់ទង​ចិញ្ចើម​ផ្លូវ ទ្រូង​ផ្លូវ ដែល​បងប្អូន​ត​សំយាប​ផ្ទះ​លយ​មក​លើ​ចិញ្ចើម​ផ្លូវ ឬ​សង់​សំណង់​ផ្សេងៗ​នៅ​លើ​ចិញ្ចើម​ផ្លូវ អាជ្ញាធរ​មិន​អនុញ្ញាត​ទៀត​ទេ ហើយ​នឹង​ចុះ​រុះរើ​ដើម្បី​រក្សា​របៀប​រៀប​រយ​ខេត្ត​ទេសចរណ៍​នេះ​ឲ្យ​មាន​សោភណភាព​ឡើង​វិញ។ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រំលោភ​ដី​ចិញ្ចើម​ផ្លូវ​ទៀត​ទេ»

​បន្ថែម​លើ​នេះ​រាល់​ការ​ចត​យានយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ដឹក​ទំនិញ​ធំៗ ក៏​ត្រូវ​កម្រិត​ក្នុង​ការ​បើកបរ​ចេញ ឬ​ចូល​ក្រុង ឲ្យ​មាន​របៀបរៀបរយ​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ភាព​អនាធិបតេយ្យ​បំផុត។ លោក អ៊ី សុខឡេង មើល​ឃើញ​ថា រាល់​ថ្ងៃ​នេះ អ្នក​យក​ចិញ្ចើម​ផ្លូវ ឬ​ចំណី​ផ្លូវ​ថ្នល់​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​កើត​មាន​អនាធិបតេយ្យ ដោយ​អ្នក​ទាំង​នោះ​មិន​បាន​ខ្វល់ខ្វាយ​ជួយ​ថែរក្សា​សោភណភាព​ក្រុង​នោះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ លោក អ៊ី សុខឡេង ប្រកាស​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ទាំង​អស់​ដែល​កន្លង​មក​បាន​យក​ចិញ្ចើម​ថ្នល់​យក​ធ្វើ​ទីតាំង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ដក​ខ្លួន​ឲ្យ​បាន​ឆាប់ ហើយ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​អនាម័យ​ក្រុង​ព្រះសីហនុ ឲ្យ​មាន​សោភណភាព​ល្អ​ឡើង​វិញ៖ «រី​ឯ​អាជីវករ​ដែល​យក​តុ ឬ​កៅអី​ដាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​លក់​គុយទាវ ឬ​កាហ្វេ​ជាដើម គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។ សកម្មភាព​នេះ​ស្ទើរ​តែ​រក​ផ្លូវ​ឲ្យ​ថ្មើរ​ជើង​ដើរ​ពុំ​បាន​ទេ»

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្រកាស​គាំទ្រ​វិធានការ​រៀបចំ​ក្រុង​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន។ លោក​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ឲ្យ​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​ក្រុង​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ ត្រង់​ចំណុច​នេះ លោក យន្ត មីន បាន​ស្នើ​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ទូទៅ ឬ​ប្រតិបត្តិករ​ទេសចរ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ  ចំពោះ​វិធានការ​រៀបចំ​សោភណភាព​ក្រុង ឬ​ចិញ្ចើម​ផ្លូវ​សាធារណៈ​របស់​អាជ្ញាធរ​ពេល​នេះ។

ឆ្លើយ​តប​សារ​ព្រមាន​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ បង្ហាញ​ការ​គាំទ្រ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ឲ្យ​មាន​រៀប​រៀបរយ​ឡើង​វិញ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​ចុះ​អនុវត្ត​ឲ្យ​បាន​ស្នើ​ភាព​គ្នា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ថ្លែង​គាំទ្រ​សកម្មភាព​រៀប​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ​ដែល​រង​ការ​រិះគន់​កន្លង​មក។ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព និង​មាន​សកម្មភាព​ឲ្យ​បានជា​ប្រចាំ៖ «ខ្ញុំ​គាំទ្រ​ចំណាត់​ការ​របស់​អាជ្ញាធរ​ក្នុង​ការ​រៀបចំ​ក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​សោភណភាព​ឡើង​វិញ។ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​មាន​លក្ខណៈ​ទូទៅ នៅ​ទូទាំង​ក្រុង ហើយ​ត្រូវ​ឲ្យ​មន្ត្រី​តាមដាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ការអនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​មាន​របៀបរៀបរយ​ល្អ»

លោក ប៊ួន ណារិទ្ធិ ទទួល​ស្គាល់​ថា ពិតជា​មាន​អាជីវករ ឬ​ពលរដ្ឋ​មួយ​ចំនួន​បាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​ដាក់​តាំង​លក់​ដូរ ឬ​យក​ទៅ​ធ្វើ​អាជីវកម្ម ហើយ​ប៉ះពាល់​ដល់​សោភណភាព​ក្រុង និង​គ្មាន​ផ្លូវ​សម្រាប់​អ្នក​ដំណើរ​ពិត​មែន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​សំណូមពរ​​ដល់​អាជ្ញាធរ​ថា មុន​នឹង​មាន​វិធានការ​ក្ដៅ​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ត្រូវ​អនុវត្ត​ឲ្យ​ស្របច្បាប់ ឬ​ចុះ​ណែនាំ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមុន៖ «វិធានការ​នេះ​ត្រូវ​មាន​លក្ខណៈ​ច្បាស់លាស់ និង​ជាក់លាក់ ហើយ​ចំពោះ​ចិញ្ចើម​ផ្លូវ​សាធារណៈ​វិញ ត្រូវ​ឲ្យ​មាន​គំនូស​សម្រាប់​រថយន្ត​ចូល​ចត​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ហាម​តែ​មាត់ ប៉ុន្តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព»

ទោះ​ជា​បែប​ណា​ក៏ដោយ​ចុះ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ សង្កត់​ធ្ងន់​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក៏​ក្រុម​អាជីវករ​យក​ចំណី​ផ្លូវ​សាធារណៈ​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដូច​ពេល​កន្លង​មក​ទៀត​ទេ។ លោក​បន្ត​ថា អ្នក​រឹង​ទទឹង​មិន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​រៀបចំ​របៀបរៀបរយ​តាម​ផ្លូវ​សាធារណៈ នឹង​ត្រូវ​ទទួលរង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ។ បន្ថែម​លើ​នេះ ចំពោះ​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​ហាម​ដាច់ខាត​មិន​ឲ្យ​យក​តុ ឬ​កៅអី ដាក់​នៅ​លើ​ឆ្នេរ​ខ្សាច់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ និង​ដេក​សំដិល​ថ្ងៃ​ដូច​ពេល​មុន​ទៀត​ទេ។

លោក អ៊ី សុខឡេង៖ «ការ​ចត​រថយន្ត​លើ​ចិញ្ចើម​ផ្លូវ​នា​ខេត្ត​ព្រះសីហនុ ដែល​មាន​ការ​កក​ស្ទះ​ច្រើន​មាន ៣ ទីតាំង គឺ​នៅ​មុខ​ផ្សារ​លើ មុខ​ផ្សារ​ពាណិជ្ជកម្ម និង​នៅ​ទល់​មុខ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ហើយ​អាជ្ញាធរ​តម្រូវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ និង​ដឹក​អ្នក​ដំណើរ​ទាំង​នោះ ត្រូវ​រក​ចំណត​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អាជ្ញាធរ​មិន​ឲ្យ​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ទេ»

សារ​ព្រមាន​របស់​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​ថ្មី​បែប​នេះ ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​នានា ទូទាំង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ក្នុង​ស្ថាប័ន​នីមួយៗ ចុះ​រើស​សំរាម ឬ​សំអាត​អនាម័យ​នៅ​តាម​ទី​សាធារណៈ និង​តាម​ឆ្នេរ​ជាដើម ជា​ប្រចាំ​ខែ នៅ​ថ្ងៃ​ចុង​សប្ដាហ៍។

យ៉ាង​នេះ​ក្តី អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា យុទ្ធនាការ​ចុះ​សំអាត​បរិស្ថាន​របស់​មន្ត្រីរាជការ​នៅ​តាម​ស្ថាប័ន​រដ្ឋកន្លង​មក ហាក់​មិន​ទាន់​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ឬ​វិស័យ​ឯកជន​ឲ្យ​ផុលផុស​នៅ​ឡើយ​ទេ។ ជាង​នេះ​កាក​សំណល់​រឹង​រាវ ត្រូវ​បាន​គេ​បោះចោល​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ ឬ​តាម​ផ្លូវ បន្ត​កើត​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

​ឆ្លើយ​តប​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ ដែល​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា អាជ្ញាធរ​ខេត្ត​នេះ​មិន​បាន​ដាក់​ធុង​សំរាម​ពង្រាយ​តាម​ផ្លូវ ឬ​ទី​សាធារណៈ សម្រាប់​ទុកដាក់​កាកសំណល់​ឲ្យ​បាន​ច្រើន​ទេ។ បញ្ហា​នេះ​ទាំង​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បង្កើត​ឲ្យ​មាន​ធុង​សំរាម​ឲ្យ​បាន​ច្រើន ដាក់​តាំង​នៅ​តាម​ផ្លូវ​សាធារណៈ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​អនាម័យ​ក្រុង​ទេសចរណ៍ ជាមួយ​អាជ្ញាធរ ឲ្យ​មាន​សោភណភាព​ល្អ​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។