ជនជាតិ​ន័​រវេ​ស ប្រគល់​វត្ថុ​បុរាណ​ខ្មែរ ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​

ភ្នំពេញ: តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស លោក ម័​រ​ធិ​ន បូ​ស្វ័​រ​រូដ ( Morten Bosterud ) ប្រធាន​ក្រុមហ៊ុន Atlasklinikken របស់​ប្រទេស​ន័​រវេ​ស បានប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ពី​ការប្រមូល​ទុក​ផ្ទាល់ខ្លួន​របស់លោក ចំនួន ២ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​។

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃទី​១៦​តុលា​នេះ បង្ហាញថា វត្ថុ​បុរាណ​ខ្មែរ​ទាំង ២ នោះ រួមមាន​៖ ព្រះ​កេស​ព្រះ​ឥសូរ សម័យអង្គរ សតវត្ស​ទី​៩ រចនាបថ​ព្រះ​គោ និង​ព្រះ​កេស​ទេព​ភេទ​ប្រុស សម័យអង្គរ ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាបថ​បាយ័ន​។

​ក្រៅពី​វត្ថុ​បុរាណ​ខ្មែរ​ទាំងពីរ​នោះ ក្រសួងការបរទេស ក៏បាន​ប្រកាសថា លោក ម័​រ​ធិ​ន បូ​ស្វ័​រ​រូដ ក៏បានផ្តល់​នូវ​វត្ថុ​សិល្បៈ​ចំនួន ៩ ដុំ ផ្សេងទៀត ( ពុំមែន​ជាវ​ត្ថុ​បុរាណ​ពិត​ទេ ) ដោយ​ផ្អែកលើ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ម៉ត់ចត់​ពី​អ្នកជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បង្ហាញថា លោក ម័​រ​ធិ​ន បូ​ស្វ័​រ​រូដ នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង ២ និង​វត្ថុ​សិល្បៈ ចំនួន ៩ ដុំ​នោះ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដោយមាន​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ នៅក្នុង​ពិធី ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ និង ៣០ នាទី នៅ​សារមន្ទីរ​ជាតិ នាទី​ក្រុងភ្នំពេញ​។​

​សេចក្តី​ជូន​ព័ត៌មាន ក៏បាន​បញ្ជាក់ថា បន្ទាប់ពី​ពិធី​ប្រគល់​នេះ លោក ម័​រ​ធិ​ន បូ​ស្វ័​រ​រូដ នឹង​ត្រូវបាន​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដោយ​លោកស្រី ភឿង ស​កុ​ណា នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ការប្រគល់​វត្ថុ​បុរាណ​ខ្មែរ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕​