រដ្ឋាភិបាល សម្រេច​លុបចោល​គម្រោង​វិនិយោគ​ឥណទាន​កាបូន ៧ និង​ទុកពេល​ឲ្យ ៦ ខែ សម្រាប់​គម្រោង ១ ទៀត​

ភ្នំពេញ: ​គម្រោង​វិនិយោគ​ឥណទាន​កាបូន ចំនួន ៨ ត្រូវបាន​ក្រសួងបរិស្ថាន បាន​ពិនិត្យ វាយតម្លៃ និង​ធ្វើ​របាយការណ៍ ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​។ ជា​លទ្ធផល រាជរដ្ឋាភិបាល បានសម្រេច​លុបចោល​គ​ម្រោ​ង​ចំនួន ៧ និង​សម្រេច​ទុក​រយៈពេល ៦ ខែ សម្រាប់​គម្រោង​មួយទៀត ដើម្បី​ឲ្យ​ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​តាមដាន​ការអនុវត្ត​គម្រោង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​។​។​

​សេចក្តីប្រកាស​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បានសម្រេច​លើ​លទ្ធផល​នៃ​ការពិនិត្យ និង​វាយតម្លៃ​គម្រោង​វិនិយោគ​ចំនួន ១៤ ក្នុងនោះ គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច ចំនួន ៦ និង​គម្រោង​វិនិយោគ​ឥណទាន​កាបូន ចំនួន ៨ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​។ ចំពោះ​គម្រោង​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ចំនួន ៦ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង កំពត និង​ពោធិ៍សាត់ ( មាន​ផ្ទៃដី​សរុប ទំហំ ៤៥.៤៦៨ ហិកតា ) ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​បន្ត​អនុវត្ត​គម្រោង និង​បន្ត​នីតិវិធី​លើ​ផ្ទៃដី ដែល​បាន​ដោះស្រាយ​ផលប៉ះពាល់​រួច ដោយ​ត្រូវ​រៀបចំ​ចុះកិច្ចសន្យា​ឡើងវិញ និង​ត្រូវ​កាត់បន្ថយ​រយៈពេល​វិនិយោគ មក​ត្រឹម ៥០ ឆ្នាំ​។​

​សេចក្តីប្រកាស​របស់​ក្រសួងបរិស្ថាន ក៏បាន​បញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​គោលការណ៍ សម្រាប់​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន ១១៣ ដែលមាន​ផ្ទៃដី​សរុប ៦១០.២៩៦,៧៥ ហិកតា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​៕​

រដ្ឋាភិបាល សម្រេច​លុបចោល​គម្រោង​វិនិយោគ​ឥណទាន​កាបូន ៧ និង​ទុកពេល​ឲ្យ ៦ ខែ សម្រាប់​គម្រោង ១ ទៀត​