ក្រសួង​មហាផ្ទៃ​មាន​ផែនការ​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចេញ​ក្រៅ​ភូមិ​គ្រឹះ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដាក់​សំណើ​ទៅ​ក្រសួង ដើម្បី​ស្នើ​ឲ្យ​ជនភៀសខ្លួន ៣​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិគ្រឹះ​ជា​ជម្រក​បណ្ដោះអាសន្ន ចេញ​មក​ក្រៅ​ដើម្បី​ធ្វើ​សមាហរណកម្ម​នឹង​បរិយាកាស​ខាង​ក្រៅ​នៃ​សង្គម​កម្ពុជា។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ទាំង​នោះ​នឹង​ត្រូវ​ទៅ​រស់​នៅ​ទី​ណា ឬ​ចាក​ចេញ​ពី​លំនៅឋាន​បណ្ដោះអាសន្ន​នោះ​នៅ​ពេល​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា នៅ​ពេល​នាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់​លិខិត​សុំ​គោលការណ៍​ពី​ក្រសួង ដើម្បី​ឲ្យ​ជនភៀសខ្លួន​ចេញ​ពី​វិឡា​នោះ ក្រសួង​បាន​ណែនាំ​ឲ្យ​រៀបចំ​ផែនការ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​បញ្ជូន​ចេញ​ពី​លំនៅឋាន​បណ្ដោះអាសន្ន។

លោក ខៀវ សុភ័គ មិន​ទាន់​ទទួល​ព័ត៌មាន​ជាក់លាក់​នៃ​ការ​ចាកចេញ​របស់​ជនភៀសខ្លួន​ទាំង​នោះ​នៅ​ឡើយ​ទេ៖ «នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដាក់​សំណើ​ទៅ​ក្រសួង ដើម្បី​ត្រៀម​ធ្វើ​សមាហរណកម្ម ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​មិន​ទាន់​មាន​គោលការណ៍​នៅ​ឡើយ​ទេ ហើយ​ពួកគេ​ត្រូវ​ទៅ​នៅ ធ្វើការ​នៅ​ណា​ក៏​ខ្ញុំ​មិនទាន់​ដឹង​ដែរ។ ជនភៀសខ្លួន គ្រាន់​តែ​មាន​សិទ្ធិ​ធ្វើ​ដំណើរ និង​បង្ហាញ​ឲ្យ​ដឹង​ថា គេ​ជា​ជនភៀសខ្លួន ប៉ុន្តែ​គ្មាន​សិទ្ធិ​បោះឆ្នោត​ទេ»

​លោក ខៀវ សុភ័គ បញ្ជាក់​ថា នៅ​ពេល​ជនភៀសខ្លួន​ចេញ​មក​ក្រៅ ពួកគេ​នៅតែ​ជា​ជនភៀសខ្លួន​ដដែល ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ធ្វើ​ដំណើរ ប្រកប​រប​ចិញ្ចឹម​ជីវិត រក​ការងារ​ធ្វើ ប៉ុន្តែ​ជនភៀសខ្លួន​ទាំង​នោះ​គ្មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។ បច្ចុប្បន្ន ជនភៀសខ្លួន​ទាំង​បី​នាក់​កំពុង​រស់​នៅ​ក្នុង​ភូមិគ្រឹះ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

​កាល​ពី​ដើម​ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា យល់​ព្រម​ទទួល​ជនភៀសខ្លួន​ចំនួន ៤​នាក់ ពី​កោះ​ណាវរូ (Naurau)។

ទាក់ទង​រឿង​ជនភៀសខ្លួន​នេះ​ដែរ មាន​ជនភៀសខ្លួន​ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) បាន​វិល​ទៅ​ប្រទេស​ភូមា​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ អំពី​ដំណើរ​ទៅ​កាន់​មាតុភូមិ​របស់​ជនភៀសខ្លួន​នោះ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នោះ​ដែរ មាន​ជនភៀសខ្លួន​ពីរ​នាក់​បន្ថែម​ទៀត​ដែល​កំពុង​រស់​នៅ​កោះ​ណាវរូ ស្នើ​សុំ​មក​រស់​នៅ​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​ថា ពួកគេ​នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។