សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពោធិ៍សាត់​ដាក់​សាក្សី​ដោះ​បន្ទុក​ក្នុង​សំណុំ​រឿង​កាប់​រាន​ដី​ព្រៃ

មេធាវី និង​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​កាប់​រុក​រាន​ព្រៃ​បម្រុង​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ខេត្ដ​ពោធិ៍សាត់ បាន​ដាក់​សាក្សី​ដោះបន្ទុក​ចំនួន ៣​នាក់​បន្ថែម​ទៀត ក្រោយ​ពី​សាក្សី​ចំនួន ៤​នាក់ ត្រូវ​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សាកសួរ​រួច​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ ជន​សង្ស័យ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌ ប្រសិនបើ​ចៅក្រម​ប្រកាន់​នូវ​គតិយុត្តិធម៌។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ស៊ីណា ចេញ​ដីកា​កោះហៅ​សាក្សី ៣​នាក់ ដើម្បី​បំភ្លឺ​បន្ថែម​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៣១៦ ដែល​ចោទ​លោក សោម សារាវុត ថា បាន​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ។

សាក្សី​ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក អ៊ូ ឆាន ដែល​បច្ចុប្បន្ន​មាន​វ័យ ៦១​ឆ្នាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា រូប​លោក​នឹង​ចូល​ខ្លួន​ទៅ​បកស្រាយ​តាម​ដីកា​ដោយ​មិន​អល់អែក​អ្វី​ឡើយ ព្រោះ​លោក​ដឹង​ច្បាស់​ថា ដូនតា និង​ឪពុក​ម្ដាយ​របស់​ជន​សង្ស័យ បាន​កាន់​កាប់​ដី​នៅ​តំបន់​ដែល​អាជ្ញាធរ​ចោទ​នោះ​ជា​ច្រើន​ជំនាន់​មក​ហើយ ប៉ុន្តែ​លោក​មិន​ដឹង​ដើម​ចម​នៃ​បញ្ហា​កើត​ឡើង​ចុង​ក្រោយ​នេះ​ទេ៖ «»។

សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អនុ​ប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ​គណបក្ស​សង្គ្រោះ​ជាតិ លោក សោម សារាវុត ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក។ បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ដី​ទំហំ ៥០០​ហិកតារ នៅ​ចំណុច​អន្សរក្ដាម ធ្វើ​ជា​ព្រៃ​សហគមន៍។ ការ​កំណត់​ដី​សហគមន៍​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ បាន​ប៉ះពាល់​ដល់​ដី​អ្នកភូមិ​អន្សរក្ដាម នៃ​ស្នាអន្សា ​៦៤​គ្រួសារ ប៉ុន្តែ​បាន​ដោះដូរ​ដី​ចេញ​ជា​បន្តបន្ទាប់។

ចំណែក​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក សោម សារាវុត មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​អ្នកភូមិ​ចំនួន ២០​គ្រួសារ​ផ្សេង​ទៀត មាន​ដី​ប៉ះពាល់​ទំហំ ៦៣​ហិកតារ មិន​ព្រម​ទទួល​យក​ការ​ដោះដូរ​ចេញ​ពី​ទីតាំង​ចាស់​ឡើយ។ លោក​ថា ពលរដ្ឋ​ដែល​ព្រម​ដោះដូរ​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​ដី​ដែល​អាជ្ញាធរ​ដោះដូរ​នោះ​ប៉ះ​លើ​ទីតាំង​ជាន់​គ្នា និង​អ្នក​ខ្លះ​មិន​ទទួល​បាន​ដី​ក៏​មាន ប៉ុន្តែ​ពួកគាត់​ខ្លបខ្លាច​មិន​ហ៊ាន​តវ៉ា។ ចំពោះ​លោក​មិន​ដែល​គិត​ថា ខ្លួន​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ដោយ​គ្រាន់​តែ​ត្រួសត្រាយ​ព្រៃ​តូចៗ​ដើម្បី​បង្កបង្កើន​ផល​ស្រូវ​​លើ​ទីតាំង​ចាស់​ដែល​ឪពុក​ម្ដាយ​ខ្លួន​ធ្លាប់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨៣ នោះ​ទេ៖ «»។

កាល​ពី​​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​នៅ​ស្រុក​ក្រគរ ប្រមាណ ១០០​នាក់ នាំ​គ្នា​អម​ដំណើរ​លោក សោម សារាវុត ឡើង​សវនាការ ដោយ​អ្នក​ខ្លះ​ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ​ និង​ខ្លះ​ឈ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់។ សវនាការ​កាល​ណោះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ជជីក​សួរ​តែ​ពី​ប្រវត្តិ​នៃ​ការ​ចូល​កាន់កាប់​ដី​របស់​​លោក សោម សារាវុត ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។