នាយ​នគរបាល​ប៉ុស្តិ៍​កំពង់ត្រាច​ខាងលិច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួសធ្ងន់

ខេត្តកំពត ៖ លោកនាយ​នគរបាល​ប៉ុស្តិ៍​កំពង់ត្រាច​ខាងលិច​បាន​រង​របួសធ្ងន់​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ តុលា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣ ត្រង់​ចំណុច​មុខ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៣០២ ការពារ​ព្រំដែន​គោក ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។

មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក ការ សា​រឿ​ន ជា​នាយ​នគរបាល​ប៉ុស្តិ៍​កំពង់ត្រាច​ខាងលិច ជិះ​ម៉ូតូ​របស់​អង្គភាព ម៉ាក​ស្មាស់ ពាក់​ស្លាក​លេខ នគរបាល 1-2975 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ចូល​ទៅ​ឆ្វេង​ដៃ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1E-3483 បើកបរ​ដោយ​ឈ្មោះ ឃ​ន ថេ អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​៣០២ ការពារ​ព្រំដែន​គោក ដែល​កំពុង​ជិះ​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​លោកនាយ​ប៉ុស្តិ៍​​​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ចំណែកឯ​មន្ត្រី​យោធា​រង​របួសស្រាល ។

មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មន្ត្រី​យោធា​រង​គ្រោះ​នោះ​ធ្លាប់​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​ម្តង​រួច​ហើយ គឺ​ជិះ​ម៉ូតូ​បុក​រទេះ​គេ​កាលពី​ខែ​មុន ចំណែក​លោក​អនុសេនីយ៍ឯក ការ សា​រឿ​ន កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ទើប​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែរ គឺ​ជិះ​ម៉ូតូ​បុក​ស្ត្រី​ម្នាក់ ខ្លួន​មិន​ទាន់​ជា​មុខរបួស​ផង ឥឡូវ​ទទួល​រង​គ្រោះជា​លើក​ទី​២​ទៀត ។

ក្រោយ​ពេលធ្វើការ​វាស់វែង​រួច ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង ព្រោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ៕