រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រឡុក​ស៊ីម៉ង់ បត់​កិន​លើ​ម៉ូតូ ស្លាប់​ម្នាក់


គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយរថយន្តក្រឡុកស៊ីម៉ង់ បានបត់កិនម៉ូតូមួយគ្រឿង កិនចំមនុស្សម្នាក់។
រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រឡុក​ស៊ីម៉ង់ បត់​កិន​លើ​ម៉ូតូ ស្លាប់​ម្នាក់

រថយន្ដហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់ និងជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ។ (រូបថតសហការី)

ករណីរថយន្តហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់ របស់ក្រុមហ៊ុន CLTK បត់កិនម៉ូតូនេះ បានកើតឡើង នៅវេលា​ម៉ោង២១ និង១០នាទីយប់ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅចំពីមុខក្រុមហ៊ុន CLTK ដែលស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ធ្លាយខួរចេញមកក្រៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ឃើញជនរងគ្រោះ ជិះម៉ូតូហុងដា សេ១២៥ ពណ៍ខ្មៅស្លាកលេខ ភ្នំពេញ 1CM 7043 បើកតាមផ្លូវជាតិលេខ ៣ ពីជើងទៅត្បូង លុះមកដល់ កន្លែងកើត​ហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង ពណ៍ស ស្លាក់លេខភ្នំពេញ 3B 9655 ធ្វើដំណើ បញ្រ្ចាស់ទិស​គ្នា បានជ្រួលទៅបុកកិនជនរងគ្រោះ ចេញខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង។ បន្ទាប់ពីបង្កគ្រោះថ្នាក់នេះរួច អ្នកបើក​រថយន្តក្រឡុកស៊ីម៉ង់ បានរត់គេចខ្លួនបាត់ឈឹង ដោយបន្សល់ទុករថយន្ត នៅនិងកន្លែង។

ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ សុខ វិសាល មានវ័យ ២០ ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចរាចរណ៍ បានចុះវាស់វែង និងនាំ​យករថយន្ត ម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយ។ ចំណែកឯសាកសពវិញ ក្រុមមន្ត្រីសមត្ថកិច្ច បានស្រាវជ្រាវរកគ្រួសារ របស់ជនរងគ្រោះ ដើម្បីប្រគល់ឲ្យ យកទៅធ្វើបុណ្យ តាម​ប្រពៃណី៕