ជាង​ស្ទើរ​ភ្លើង​សាក​កាមរី ក្រឡាប់​ពីរ​បី​ត្រឡប់ នៅ​ពោធិ៍សាត់

មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏ហួសចិត្តមួយ បានកើតឡើង នៅស្រុកពោធិ៍សាត់ ដោយសារតែការសាកឡាន របស់ជាងស្ទើរភ្លើងម្នាក់ បើកជ្រែងពាសពេញផ្លូវ រហូតក្រឡាប់ពីរបីត្រឡប់។
ជាង​ស្ទើរ​ភ្លើង​សាក​កាមរី ក្រឡាប់​ពីរ​បី​ត្រឡប់ នៅ​ពោធិ៍សាត់
ទិដ្ឋភាពក្រឡាប់ឡាន់ នៅនឹងកន្លែងកើតហេតុ ក្នុងខេត្តពោធិ័សាត់។ (រូបថត monoROOM.info/ H. Vuthy)

គ្រោះថ្នាក់ក្រឡាប់រថយន្ត ពីរបីត្រឡប់នេះ កើតមាននៅវេលាម៉ោង១២ និង៤០ នាទីថ្ងៃត្រង់ នាថ្ងៃទី ០៨ ខែ​តុលា ឆ្នាំ២០១៥ នៅតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បណ្តាល​ឲ្យមនុស្ស ចំនួន២នាក់ រងរបួសស្រាល។

តាមសម្តីរបស់លោក អេវ ងីម ជាម្ចាស់រថយន្ត មានវ័យ៣១ឆ្នាំ រស់នៅខេត្តប៉ៃលិន បានឲ្យដឹងថាមុន ពេល​កើតហេតុ គាត់ជិះរថយន្ត ធ្វើដំណើរពីប៉ៃលិន ទៅខេត្តតាកែវមានគ្នា ៧នាក់ តែពេលកំពុងធ្វើដំណើរ ស្រាប់​តែរថយន្តដាច់កាឡេ ទៅមុខមិនរួច ទើបគាត់បានហៅជាង មកជួសជុល។ ពេលជួសជុលរួច ជាង និង​ម្ចាស់​រថយន្ត បានបើកសាក មិនទាន់បាន១គីឡូម៉ែតផង ជាងបានបើកជែងគេឯងពេញផ្លូវ រហូតដល់ក្រឡាប់​ឡាន​ពីរបីត្រឡប់ ដល់ទើលើលូ។

លោក អេវ ងីម បានបន្តទៀតថា នេះសំណាងល្អហើយ ដែលគាត់ពាក់ខ្សែក្រវ៉ាត់ និងក្រុមគ្រួសារមិនបាន ជិះ​ជាមួយ នៅពេលសាករថយន្ត កុំអីត្រូវគ្រោះថ្នាក់មិនខាន់។ ចំណែកជាងជួសជុលរថយន្តនោះ មានឈ្មោះ ប្រាក់ រាជសី មានអាយុ ២០ ឆ្នាំ រស់នៅភូមិវ៉ា សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកធ្វើអន្តរាគមន៍។ ចំណែកម្ចាស់រថយន្ត សុខចិត្ត​មិនដាក់ពាក្យបណ្តឹង ព្រោះខាងជាងជួសជុល សុខចិត្តទិញរថយន្តថ្មីសង ដោយមានសមត្ថកិច្ចដឹងលឺ ចំពោះរឿងនេះ៕