ពីរ​នាក់​រួម​គ្នា​ប្លន់​បាន​សម្រេច តែ​ម្នាក់​បក​ក្រោយ ត្រូវ​ជាប់​ខ្នោះ


ចោមួយក្រុម មានគ្នាពីរនាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ប្រភេទ K 59 បានប្លន់ យកម៉ូតូមួយគ្រឿង នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែត្រូវជាប់ខ្នោះម្នាក់។
ពីរ​នាក់​រួម​គ្នា​ប្លន់​បាន​សម្រេច តែ​ម្នាក់​បក​ក្រោយ ត្រូវ​ជាប់​ខ្នោះ

ជនទីមួយ ដែលជាប់សង្ស័យថាបានរួមគំនិតប្លន់ និងម៉ូតូធ្វើសកម្មភាព។ (រូបថត monoROOM.info/ H. Vuthy)

សកម្មភាពប្លន់យកម៉ូតូឌុបនេះ បានកើតឡើង នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៥ វេលាម៉ោង ៦ និង ២៥ នាទី​ព្រឹកស្ថិតនៅជាប់របងព្រះវិហារ គ្រឹស្តសាសនា ក្នុងក្រុមទី ៦ ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភព ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ (ជនទីមួយ) បានហៅម៉ូតូ របស់​គាត់​ជិះពីត្រពាំងថ្លឹង ទៅច្រមុះជ្រូកស្ទឹងមានជ័យ តែពេលដល់គោលដៅ ជននោះបានឲ្យខ្លួន ដឹកត្រឡប់ក្រោយ។ មកដល់កន្លែងកើតហេតុ បុរសចម្លែកបានចុះពីម៉ូតូ ហើយប្រាប់ចាំមួយភ្លែត ដើម្បីខ្លួន ទៅយកឥវ៉ាន់ពីមិត្ត។ ពេលនោះ ជននេះបានដើរចុះដើរឡើង រហូតដល់ជនម្នាក់ទៀត ជិះម៉ូតូមកដល់ បានយកកាំភ្លើង មកផ្ជង់​ម្ចាស់​ម៉ូតូឌុប ឲ្យចេញពីម៉ូតូ​ដោយស្ងៀមស្ងាត់ ហើយយកម៉ូតូឌុបទៅបាត់ ដោយទុកម៉ូតូមួយ ឲ្យជនទីមួយ​ជិះ។

ចំណែកជនទីមួយ ដែលជិះម៉ូតូរបស់ជនទីពីរ ដែលបានដកកាំភ្លើងភ្ជង់ ម្ចាស់ម៉ូតូរងគ្រោះនោះ បានធ្វើ​ដំណើរ​ចេញទៅ បានប្រហែលជា ៥០ម៉ែត្រ ក៏ត្រឡប់ក្រោយវិញ ពេលនោះជនរងគ្រោះ ឃើញឳកាសល្អ បាន​ប្រតាយ​ប្រតប់ ជាមួយជនសង្ស័យ និងបានស្រែក ឲ្យប្រជាពលរដ្ឋនៅម្តុំនោះជួយ។ ក្រោយពីលឺសម្រែក​ហើយ ប្រជាពលរដ្ឋបាននាំគ្នា មកជួយចាប់ជនទីមួយនេះ និងម៉ូតូជិះធ្វើសកម្មភាពបាន ព្រមទាំងវាយ​ជន​នេះ ឡើង​ទ្រមខ្លួន។

ជនរងគ្រោះ មានឈ្មោះ អ៊ន ថាន់ មានវ័យ២២ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលបាត់ មានប្រភេទ ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាក់លេខ ភ្នំពេញ 1AH 8472 ។ ចំណែកជនទី ១ ឈ្មោះ ឌឿន ភ័ស្ត មានអាយុ ២៣ឆ្នាំមានមុខរបរនិង ស្នាក់មិនពិត​ប្រាកដ។ រីឯជនទីពីរ ដែលប្រដាប់ដោយអាវុធផង មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូធ្វើសកម្មភាពប្រភេទ ហុងដា ស្លាក់លេខ ភ្នំពេញ 1O 5922 ។

បន្ទាប់ពីចាប់ខ្លួន ជនទីមួយបានហើយ ប្រជាពលរដ្ឋបានហៅសមត្ថកិច្ច ដើម្បីមកធ្វើអន្តរាគមន៍នៅកន្លែង។ ក្រោយមកសមត្ថកិច្ច បានមកដល់ ដោយនាំយកជនសង្ស័យ និងម៉ូតូទៅប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីកសាង សំនុំរឿងបញ្ជូនបន្ត ទៅអធិកាខណ្ឌមានជ័យ៕