​សហភាព​អឺរ៉ុប រាប់​ថយក្រោយ ទៅកាន់​ថ្ងៃ​ប្រារព្ធ​សន្និសីទ​លើក​ទី​២១ នៃ​ការប្រែប្រួល​អាកាសធាតុ​

ភ្នំពេញ: សហភាព​អឺរ៉ុប​ចាប់ផ្តើម​នូវ​យុទ្ធនាការ "​ការរាប់​ថយក្រោយ​ឆ្ពោះទៅ កាន់​ថ្ងៃ​ប្រារព្ធ​សន្និសីទ​លើក​ទី ២១ នៃ​ភាគី​ហត្ថលេខី​ស្តីពី​ការប្រែប្រួល អាកាសធាតុ (COP21)" កម្មវិធី​បញ្ជូន​សារ​តាមរយះ​ទូរ​សព្ទ​អំពី​ការប្រែប្រួល​អាកាសធាតុ។

​សេចក្តីប្រកាស​ព័ត៌មាន សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​ផ្សព្វផ្សាយ​ថា  សហភាព​អឺរ៉ុប​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ទូរស័ព្ទ “Countdown to COP21” សម្រាប់ អ្នកប្រើប្រាស់​កម្ពុជា​ដែលមាន​បំណង​លើកកម្ពស់​ការយល់ដឹង​អំពី “​សន្និសីទ​ភាគី​ហត្ថលេខី​” លើក​ទី ២១ ដែល​នឹងត្រូវ​រៀបចំឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ យុទ្ធនាការ​ការទូត​ស្តីពី​ការប្រែប្រួល​អាកាសធាតុ “​ចាប់ផ្តើម​ឥឡូវនេះ​!” របស់​សហភាព​អឺរ៉ុប​។​

​ប្រតិភូ​សហភាព​អឺរ៉ុប បានដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ដើម្បី​ផ្ញើ​សារ ប្រចាំថ្ងៃ​ជូន​អ្នកប្រើប្រាស់​កម្ពុជា​អំពី​ការប្រែប្រួល​អាកាសធាតុ​។ កម្មវិធី​នេះ​ផ្ដល់ព័ត៌មាន​អំពី សកម្មភាព​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ព្រឹត្តិការណ៍ គំនិត និង​ចំណុច គន្លឹះ​សំខាន់ៗ​អំពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ ដោយ​ផ្តោតជាសំខាន់​លើ​យុវជន​កម្ពុជា សារ​របស់​កម្មវិធី​នេះ មាន​លក្ខណៈ​ជាការ​អប់រំ និង​ផ្ដល់ព័ត៌មាន​ផងដែរ​។ កម្មវិធី​នេះ​រួមបញ្ចូល​ក្រាហ្វិក​ដែលមាន លក្ខណៈ​ងាយស្រួល​អាន​ព័ត៌មាន​ថ្មីៗ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។​

​យុទ្ធនាការ​នេះ​នេះ​ត្រូវបាន​ដំណើរការ​នៅមុន​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ “​សន្និសីទ​ភាគី​ហត្ថលេខី​” ប្រចាំ​ឆ្នាំនេះ ពោលគឺ សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២១ របស់​ភាគី​ហត្ថលេខី​ដែល​បាន​ចូលរួម​ក្នុង អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) ដែល​សហភាព​អឺរ៉ុប​សង្ឃឹមថា កិច្ចប្រជុំ​នេះ​នឹង​សម្រេចបាន​នូវ​របកគំហើញ​ថ្មី​មួយ​នៅក្នុង​យុទ្ធនាការ​សកល ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​សកល និង​ភ្ជាប់​កាតព្វកិច្ច ផ្លូវច្បាប់​អំពី​អាកាសធាតុ​រវាង​បណ្ដា​ប្រជាជាតិ​ទាំងអស់​នៅក្នុង​ពិភពលោក​។​

​ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​ជាងគេ​បំផុត​មួយ​នៃ​កិច្ចព្រមព្រៀង​រយៈពេល​វែង អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​សន្និសីទ COP21 និង​ក្នុងនាម​ជា​ដៃគូ​ឈានមុខ​គេ​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល កម្ពុជា​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​បានដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ “​ចាប់ផ្តើម​ឥឡូវនេះ​!” កាល​ដើម​ឆ្នាំនេះ​។​

​យុទ្ធនាការ "​ការរាប់​ថយក្រោយ​ឆ្ពោះទៅកាន់​ថ្ងៃ​ប្រារព្ធ​សន្និសីទ​លើក​ទី​២១ នៃ​ភាគី​ហត្ថលេខី ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP21)" នេះ​អាច​ទាញយក​បាន​ដោយ​ឥតគិតថ្លៃ​នៅលើ Android Platform ហើយនឹង​អាច​ទាញយក​បាន​តាម IoS Platform ក្នុងពេល​ឆាប់ៗ​នេះ​។ សូម​ស្វែងរក “COP21” ឬ “Countdown to COP21” នៅលើ PlayStore ដើម្បី​ទាញយក កម្មវិធី​នេះ​។​
​នៅពេលដែល​កម្មវិធី​នេះ​នឹង​អាច​ទាញយក​បាន​តាម​វេទិកា IoS Platform  យើង នឹង​ផ្សព្វផ្សាយ កម្មវិធី​នេះ​ជា​សាធារណៈ​នៅលើ​ទំព័រ Facebook៖ https://www.facebook.com/eu.cambodia?fref=ts
​កម្មវិធី​នេះ​អាច​ប្ដូរ​ពី​ភាសា​អង់គ្លេស​ទៅជា​ភាសា​ខ្មែរ ឬ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​វិញ​បាន នៅក្នុង Settings របស់​កម្មវិធី​។​

​សូមបញ្ជាក់ថា សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ COP21 នឹងត្រូវ​រៀបចំ​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​។ សន្និសីទ​នេះ គឺជា​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២១ នៃ​ភាគី​ហត្ថលេខី (COP 21) ដែល​បាន​ចូលរួម​ក្នុង​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​១៩៩២ (UNFCCC) និង​ជា​កិច្ចប្រជុំ លើក​ទី​១១ (CMP 11) នៃ​ហត្ថលេខី​នៃ​ពិធីសារ​ក្យូ​តូ​១៩៩៧​។​

​កម្មវត្ថុ​នៃ​សន្និសីទ​នេះ គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សកល និង​ភ្ជាប់​កាតព្វកិច្ច​ស្តីពី អាកាសធាតុ​។​
​សហភាព​អឺរ៉ុប គឺជា​អ្នកគាំទ្រ​រឹងមាំ​ជាងគេ​បំផុត​មួយ​នៃ​កិច្ចព្រមព្រៀង​រយៈពេល​វែង​អំពី​ការ ប្រែប្រួល​អាកាសធាតុ​នៅ​សន្និសីទ COP21 និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ធំធេង​បំផុត​រួចហើយ ក្នុង​ការជួយ​សម្រេច​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​។ សហភាព​អឺរ៉ុប​បាន​ចូលរួមចំណែក​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​បំពុលបរិស្ថាន​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ ក្នុងនាម​ជា​សមាជិក​ទីមួយ​របស់ G20 ដែល​បាន​ចូលរួមចំណែក​បែបនេះ​។ ការចូលរួមចំណែក​ដែល​បានកំណត់​គ្រោង​ទុកជា​លក្ខណៈ​ជាតិ (INDC) នៃ​សហភាព​អឺរ៉ុប​ឆ្លុះបញ្ចាំង​អំពី​ការសម្រេចចិត្ត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រីរ​បស់​សហភាព​អឺរ៉ុប នៅ​ខែតុលា ឆ្នាំ​២០១៤ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុងស្រុក​យ៉ាងហោចណាស់ ៤០​ភាគរយ​ធៀប​នឹង​កម្រិត​ឆ្នាំ​១៩៩០ នៅត្រឹម​ដំណាច់ឆ្នាំ​២០៣០ ខាងមុខនេះ​។ កត្តា​នេះ ក៏​នឹងធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ស្ថិតនៅលើ​គន្លង​ប្រសិទ្ធភាព​ថ្លៃ​ចំណាយ ដែល​បាន​កាត់ បន្ថយ​ការចំណាយ​ពី ៨០-៩៥​ភាគរយ​ធៀប​នឹង​កម្រិត​ឆ្នាំ​១៩៩០ នៅត្រឹម​ដំណាច់ឆ្នាំ​២០៥០ តាម​ការ ណែនាំ​របស់​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​អំពី​ការប្រែប្រួល​អាកាសធាតុ (IPCC)​។ ទោះបីជា​យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប​បញ្ចេញ​ឧស្ម័ន​ត្រឹមតែ ៩​ភាគរយ នៃ​ការបញ្ចេញ​ឧស្ម័ន​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ នៅតែ​បន្ត​ថយចុះ​ជានិច្ច ដូច្នេះ​ចាំបាច់​ត្រូវមាន​ការចូលរួមចំណែក ទាំងអស់គ្នា​នៅលើ​ពិភពលោក​។​

​យុទ្ធនាការ “​ចាប់ផ្តើម​ឥឡូវនេះ​!” របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា មានបំណង​បង្កើន​ការយល់ដឹង​អំពី COP21 និង​សារសំខាន់​នៃ​សន្និសីទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​៕​