បក្ស​ប្រឆាំង​ចោទ​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ការ​ដុត​ស្លាក​គណបក្ស​នៅ​ឧត្តរមានជ័យ

គណបក្ស​ប្រឆាំង​ចោទ​គណបក្ស​កាន់​អំណាច​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ដុត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​រើសអើង​នយោបាយ។

មន្ត្រី​បក្ស​ប្រឆាំង​ចោទ​ថា​ ព្រឹត្តិការណ៍​ដុត​បំផ្លាញ​ស្លាក​គណបក្ស​ដែល​រៀបចំ​ឡើយ​ដោយ​គូបដិបក្ខ មិន​មែន​ជា​រឿង​ថ្មីថ្មោង​ឡើយ ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​នោះ។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​មាន​សកម្មភាព​ទម្លាក់ និង​ដុត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម នៅ​ភូមិ​សំបួរមាស សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សកម្មភាព​នេះ​​គឺ​មាន​ចេតនា​បង្ខូច​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ៖ «កាល​ពី ១០​ឆ្នាំ ឬ ១៥​ឆ្នាំ​មុន ហើយ​រហូត​មក គឺ​យើង​ឃើញ​រហូត ព្រឹត្តិការណ៍​បែប​ហ្នឹង នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ច្រើន​ឡើង។ ខ្ញុំ​គ្មាន​ការ​បារម្ភ ព្រោះ​គ្រាន់​តែ​ជា​រឿង​ដដែល​ទេ ហើយ​ប្រជាពលរដ្ឋ​នឹង​យល់​បញ្ហា​ហ្នឹង»

​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គឺ​ជា​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ផ្លាស់ប្ដូរ​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ។ ពួកគេ​អះអាង​ថា គណបក្ស​ប្រឆាំង​បាន​ភូតភរ​បោកប្រាស់​ប្រជារាស្ត្រ​ដោយ​មិន​គោរព​តាម​គោលនយោបាយ និង​បាវចនា​ដែល​ថា សង្គ្រោះ បម្រើ និង​ការពារ។

បែបនេះ​ក្ដី លោក យឹម សុវណ្ណ ថា មិន​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទៅ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជាជន​នោះ ព្រោះ​ជា​សិទ្ធិ​នយោបាយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​ដែល​គណបក្ស​កាន់​អំណាច​រៀបចំ​ព្រឹត្តិការណ៍​អាក្រក់​កាន់​តែ​ច្រើន​នោះ គឺ​រឹតតែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន ព្រោះ​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​រក​មូលហេតុ​ពិត​ច្បាស់លាស់។

ជា​ការ​ឆ្លើយតប មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុន ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ក្លាយ​ជា​បក្ស​នយោបាយ​ពេញ​លក្ខណៈ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ព្រោះ​តែងតែ​បដិសេធ​មិន​ដែល​ទទួល​ស្គាល់​ការពិត៖ «គាត់​ចេះ​តែ​ដើរ​ចោទ​គេ អោយ​តែ​អ្នក​ណា​ប្រឆាំង ឬ​ក៏​ផ្ទៃក្នុង​គណបក្ស​គាត់​បែក​បាក់​គ្នា គឺ​ថា គណបក្ស​ប្រជាជន​ជា​អ្នក​បំបែក។ យើង​អស់​សំណើច​ចំពោះ​មារយាទ​នយោបាយ​របស់​ពួកគាត់»

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ចាត់​វិធានការ​ចំពោះ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំ​អោយ​បន្ត​សកម្មភាព​រើសអើង​នយោបាយ​បែប​នេះ៖ «ប្រសិនបើ​គណបក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​អ៊ីចឹង គឺ​ត្រូវ​ចុះ​ឈ្មោះ ត្រូវ​ឡើង​តុលាការ និង​ចាប់​ដាក់​គុក​ជាដើម តែ​យើង​មើល​ទៅ​ការ​អនុវត្ត​ច្បាប់​ដូចជា​ទន់​ខ្សោយ​នៅ​ឡើយ។ និយាយ​រួម​ថា វា​មាន​ភាព​រើសអើង​ទៅ​លើ​ភាគី​ផ្សេងៗ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អោយ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា កន្លង​ទៅ ប្រជាពលរដ្ឋ​មួយ​ក្រុម​នេះ ក៏​បាន​នាំ​គ្នា​ជិះ​គោយន្ត​រារាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អោយ​ឃោសនា​នយោបាយ​នៅ​ក្នុង​តំបន់​ពួកគេ​ដែរ។ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ រហូត ក្រោយ​ពី​ពួកគាត់​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ខ្លះ​ថា មិនមែន​ជា​ឆន្ទៈ​របស់​ពួកគាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។