ចិន​ផ្ដល់​ជំនួយ​សម្ភារៈ​ការិយាល័យ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត

នៅ​ថ្ងៃ​ទី​១៦ តុលា​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​សម្ភារៈ​ការិយាល័យ​ពី​ប្រទេស​ចិន​បន្ថែម​ទៀត ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ទើបតែ​បាន​ទទួល​ជំនួយ​ឥត​សំណង​ពី​ប្រទេស​នេះ​ជាង​មួយ​រយ​លាន​ដុល្លារ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា សម្ភារៈ​ការិយាល័យ​ដែល​ចិន​ប្រគល់​នៅ​ពេល​នេះ មាន​កុំព្យូទ័រ​លើ​តុ ៥០​គ្រឿង កុំព្យូទ័រ​យួរ​ដៃ ២០​គ្រឿង មាស៊ីនព្រីន ២០គ្រឿង និង​ម៉ាស៊ីន​ថត​ចម្លង​៥​គ្រឿង។

លោក ជុំ សុន្ទរី ចាត់​ទុក​ប្រទេស​ចិន​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ ទាំង​ការ​ផ្ដល់​ជំនួយ វិនិយោគទុន និង​ទេសចរណ៍​ជាដើម​សម្រាប់​អភិវឌ្ឍ​កម្ពុជា៖ «ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ព្រោះ​ប្រទេស​អភិវឌ្ឍ​ត្រូវ​ការ​ទំនាក់ទំនង ដើម្បី​ជំនួយ វិនិយោគិន ពាណិជ្ជកម្ម និង​ទេសចរ​បរទេស»

កាល​ពី​ថ្ងៃ​ទី​១៥ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ចិន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​បន្ថែម​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​យ័ន្ត (Yuan) ស្នើ​នឹង​ជាង ១៥៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ និង​ជួយ​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ។

ប្រទេស​ចិន​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល ចាត់​ទុក​​ថា​ជា​ប្រទេស​មហាមិត្ត​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។