កម្ពុជា ដឹក​ដៃ​៣​ប្រទេស​ទៀត​ធ្លាក់​ពី​ជម្រុះ World Cup ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី​មុនគេ

ភ្នំពេញ៖ វគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី នៅសល់ការប្រកួតចំនួន ៣ដងទៀតក៏ដោយ តែប្រទេសចំនួន៤ មានកម្ពុជា ប៊ូតាន់ យេមែន និងឥណ្ឌា មានឈ្មោះ តែមិនអាចឆ្លងទៅកាន់ជុំបន្ទាប់បានទេ ក្រោយប្រកួតបាន ៥លើក ជួបបរាជ័យទាំង៥ ។

សម្រាប់កម្ពុជា ដែលស្ថិតក្នុងពូល E ជាមួយប្រទេសជម្រើសជាតិជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសិង្ហបុរី បានប្រកួត៥ លើកចាញ់សិង្ហបុរី ៤-០ ចាញ់អាហ្វហ្គានីស្ថាន ១-០ ចាញ់ជប៉ុន ៣-០ ចាញ់ស៊ីរី ៦-០ ក្នុងជើងទី១ និងចាញ់សិង្ហបុរី ២ -១ ។ ៣ ប្រកួតបន្ទាប់កម្ពុជា ត្រូវជួបក្រុមអាហ្វហ្គានីស្ថាន ជប៉ុន និងស៊ីរី ។

ចំណែកក្រុមប៊ូតាន់ ស្ថិតក្នុងពូល C ជាមួយប្រទេសកាតា ហុងកុង ចិន និង ម៉ាល់ឌីវ ។ ៥ប្រកួតកន្លងមក ប៊ូតាន់ ចាញ់ក្រុមកាតា ១៥-០ ចាញ់ហុងុង ៧-០ ចាញ់ចិន ១-០ ចាញ់ម៉ាល់ឌីវ ៤-៣ និងចាញ់ហុងកុង ១-០ គ្រាដែលក្រុមឥណ្ឌា ស្ថិតក្នុងពូល D ជាមួយក្រុម អូម៉ង់ អ៊ីរ៉ង់ ទួរមេនីស្ថាន និងហ្គាម ។ ក្រុមឥណ្ឌា បានប្រកួតចាញ់ អូម៉ង់ ៣-០ ចាញ់ក្រុមទួរមេនីស្ថាន ២-១ ចាញ់ក្រុមហ្គាម ២-១ ហើយបន្តចាញ់អូម៉ង់ ២-១ និងចាញ់អ៊ីរ៉ង់ ៣-០ ។
សម្រាប់ក្រុមយេមែន វិញស្ថិតក្នុងពូលជាមួយកូរ៉េខាងជើង អ៊ូបេគីស្ថាន ហ្វីលីពីន និង ប៉ារ៉ែន ។ ប្រកួត៥លើកកន្លងមកនេះ យេមែន បានរងបរាជ័យក្រោមថ្វីជើងក្រុមកូរ៉េខាងជើង ៣-០ ចាញ់ហ្វីលីពីន ២-០ ចាញ់បារ៉ែន ៤-០ ចាញ់អ៊ូបែគីស្ថាន ១-០ និងចាញ់ក្រុមកូរ៉េខាងជើង ១-០ ។

សម្រាប់លើកនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានកំណត់ឲ្យប្រទេសទាំង ៤៦ ដែលជាសមាជិករបស់ខ្លួនត្រូវប្រកួតគ្នាចំនួន ៤ដំណាក់កាលមុនរកឃើញក្រុមខ្លាំងចំនួន ៤កៅអីកន្លះឡើងទៅលេងវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup 2018 ។ គិតត្រឹមពេលនេះការប្រកួតធ្វើដំណើរដល់ជុំទី២ ហើយដោយសល់ប្រទេសចំនួន ៤០ ចែកជា៨ពូល ។

ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន ១២ប្រចាំវគ្គនេះ មានឈ្មោះឡើងទៅលេងនៅវគ្គជុំទី៣ជាបន្តទៀត ។ ទោះ ជាក្រុមទាំង ៤មានកម្ពុជា ប៊ូតាន់ យេមែន និង ឥណ្ឌា មានឈ្មោះអស់ឱកាសឆ្លងទៅជុំបន្ទាប់មុនគេមែន ប៉ុន្ដែក្រុមនេះនៅមានឱកាសប្រកួត ជម្រុះក្នុងពានរង្វាន់ ជើងឯកប្រចាំទ្វីបអាស៊ី 2019 AFC Asian Cup ដែលរៀបចំនៅប្រទេសអារ៉ាប់រួម ៕

កម្ពុជា ដឹក​ដៃ​៣​ប្រទេស​ទៀត​ធ្លាក់​ពី​ជម្រុះ World Cup ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី​មុនគេ

កម្ពុជា ដឹក​ដៃ​៣​ប្រទេស​ទៀត​ធ្លាក់​ពី​ជម្រុះ World Cup ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី​មុនគេ