រាជរដ្ឋាភិបាល សម្រេចលុបចោលគម្រោងអភិរក្សធនធានធម្មជាតិចំនួន៧ ដែលមិនបានដំណើរការ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្រេចលុបចោល គម្រោងវិនិយោគឥណទានកាបូន ជាគម្រោងសិក្សាអភិរក្សធនធានធម្មជាតិនៅកម្ពុជាចំនួន៧ ដោយសម្អាងថា ម្ចាស់គម្រោងទាំងនោះមិនបានអនុវត្ត ទៅតាមកិច្ចសន្យាជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា។

ការសម្រេចលុបចោលគម្រោងទាំងនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានត្រួតពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគចំនួន១៤ ក្នុងនោះមានគម្រោងសម្បទាន ដីសេដ្ឋកិច្ចចំនួន៦ និងគម្រោងវិនិយោគឥណទានកាបូនចំនួន៨ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នោះ បានឱ្យដឹង ចំពោះគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន៦ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្ត អនុវត្តគម្រោងបន្តទៀត ប៉ុន្តែត្រូវកាត់បន្ថយរយៈពេលឱ្យមកនៅត្រឹម ៥០ឆ្នាំ ចំណែកគម្រោងវិនិយោគចំនួន៨ រាជរដ្ឋាភិបាលបានសម្រេចបានសម្រេចលុបចោល ចំនួន៧ និងទុករយៈពេល ៦ខែសម្រាប់គម្រោងមួយទៀត ដើម្បីឱ្យក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តតាមដានការអនុវត្តគម្រោង ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលត្រូវបានដកហូតមកវិញនេះ សុទ្ធតែជាគម្រោងដែលមិនបាន អនុវត្តឱ្យបានពេញលេញ ដោយសារតែគម្រោងវិនិយោគទាំងនោះចាប់ផ្តើមតាំងពី ឆ្នាំ២០១០ និង២០១១ ប៉ុន្តែរហូតដល់ពេលនេះពួកគេមិនមានដំណើរការអ្វីទាំងអស់។

លោកបានបន្ថែមថា ទោះជាយ៉ាងនេះសម្រាប់ គម្រោងវិនិយោគឥណទានកាបូនមួយ ដែលទទួលបានការអនុញ្ញាតឱ្យសិក្សានៅតំបន់ភ្នំសំកុះ គ្រប់គ្រងដោយក្រុមហ៊ុន indochina Green ដែលក្រសួងបានទុកពេលឱ្យ ៦ខែនោះ គឺមានការវិវឌ្ឍជាងគេ៕