​ចោរ​ប្រុស​-​ស្រី​២​នាក់ វាយ​សម្លាប់​អ្នក​រត់​ម៉ូតូឌុប​ប្លន់​យក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​យក​ទៅ​បាត់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ចំណុច​ផ្លូវលំ​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ពន្ធ​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​មានឈ្មោះ ស៊ន ទិ​ត្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​មាន​ប្រពន្ធ​ឈ្មោះ គី​ម ខន អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​ជ័យ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-3990 ។

ប្រភព​ពី​ក្មេង​ឃ្វាល​គោ​ម្នាក់​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​បានឃើញ​ម៉ូតូឌុប​១​គ្រឿង​ឌុ​ប​មនុស្ស​ប្រុស​-​ស្រី​២​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​មនុស្ស​ប្រុស​ដែល​ជិះ​ខាងក្រោយ​ក៏​បាន​ដក​ម៉ា​ឡេ​ត​សំពង​ក្បាល​អ្នក​រត់​ម៉ូតូឌុប​ពីក្រោយ​បណ្តាល​ឱ្យ​ម៉ូតូ​ដួល ហើយ​ជន​រង​គ្រោះ​ក៏​ព្យាយាម​រត់គេច ប៉ុន្តែ​ត្រូវ​ជន​ប្រុស​-​ស្រី​២​នាក់​នោះ​ដេញ​តាម​វាយ​ជា​ច្រើន​ម៉ា​ឡេ​ត​រហូត​ស្លាប់ ហើយ​ក៏​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ក្មេង​ប្រុស​ឃ្វាលគោ​នោះ​ក៏​ស្រែក​ប្រាប់​អ្នក​ភូមិ​នៅ​ក្បែរ​ៗ​នោះ​ឱ្យ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាយ​ថ្ងៃត្រង់​រួច ប្តី​របស់​គាត់​ក៏​ចេញ​រត់​ម៉ូតូឌុប​ដូច​រាល់ដង រហូត​ដល់​ម៉ោង​ប្រហែលជា​៥​ល្ងាច​ថ្ងៃ​ដដែល​មិនឃើញ​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ទូរស័ព្ទ​មក​ប្តី ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ប្រាប់​ថា ប្តី​របស់​ខ្លួន​ត្រូវ​គេ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​បាត់​ហើយ ក៏​ជិះ​ម៉ូតូឌុប​បណ្តើ​រយំ​បណ្តើរ​មក​កន្លែង​កើតហេតុ ។

លោក ឈឹ​ន គឹ​ម​ថុ​យ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានឱ្យ​ដឹង​ថា ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ​នេះ​អាច​ជា​ករណី​មនុស្ស​ស្គាល់គ្នា ព្រោះថា​កន្លែង​ដែល​ប្លន់​នេះ​ស្ងាត់ បើសិនជា​គ្រាន់តែ​ប្លន់​យក​ម៉ូតូ​នោះ​មិន​ចាំបាច់​ដេញ​វាយ​រហូត​ស្លាប់​នោះ​ទេ គ្រាន់តែ​វាយ​ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាន​បាត់​ទៅ​ហើយ តែ​នេះ​ដេញ​វាយ​រហូត​ស្លាប់​តែ​ម្តង ។

លោក​អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​បន្ត​ទៀត​ថា នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ប្រទះ​ឃើញ​ម៉ា​ឡេ​ត​ដែល​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​វាយ​ជន​រង​គ្រោះ ហើយ​ក៏​បាន​យក​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕