ពលករ​ខ្មែរ ចូល​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ថយចុះ ក្រោយពី​ភ្ជុំបិណ្ឌ​

បន្ទាយមានជ័យ: បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួចហើយ នៅពេលនេះ មិនសូវមាន​ប្រជាពលរដ្ឋ​ខ្មែរ ជិះ​រថយន្ត​ឈ្នូ​ល​ចេញចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ចូលទៅ​ធ្វើ​ការងារ នៅ​ប្រទេស​ថៃ​ទេ​។  
              
​ពលករ​ខ្មែរ​ម្នាក់ មានឈ្មោះ សុខ បូ​ណា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម បាន​និយាយថា នៅ​ឆ្នាំនេះ ភាគច្រើន ពលករ​ខ្មែរ មិនសូវមាន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ ព្រោះតែ​ខាង​ក្រុមហ៊ុន​ថៃ មិន​ចេញ​កាត​ស៊ី​ជំ​ពូរ​ឲ្យ​។ ដូច្នេះ​ពលករ​ខ្មែរ​យើង ត្រូវ​បង់លុយ​ឲ្យ​តម្រួត​ថៃ​ផង និង​បង់លុយ​ឲ្យ​ប៉ូលិស​ខ្មែរ​ផង​។ ចំណែក​ក្រុម​អ្នក​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភាគច្រើន សុទ្ធ​តែមាន passport​។​
   
មន្ត្រីប៉ូលិស​ផ្នែក​បែបបទ​ចេញចូល​ព្រំដែន​ប៉ោយប៉ែត ម្នាក់ បាន​និយាយ​ប្រាប់ថា ពលករ​ខ្មែរ​ឆ្នាំនេះ ចេញចូល​ប្រទេស​ថៃ ទៅធ្វើ​ការងារ​ទឹក​ថៃ ភាគច្រើន គឺជា​កម្មករ​របស់​ក្រុមហ៊ុន ដែលមាន passport​។ ចំណែក​ចំនួន​អ្នក​ចេញចូល ឆ្លងកាត់​ព្រំដែន​ប៉ោយប៉ែត នៅពេល​បុណ្យ​ភ្ជុំ​ឆ្នាំនេះ មិនមាន​ច្រើន ដូច​ឆ្នាំកន្លងមក​ទៅ​។​
 
ចំណែក​ស្ត្រី​ម្នាក់ ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​និយាយថា ពលករ​ខ្មែរ មិនសូវមាន​ចេញចូល​នៅ​ច្រកទ្វារ​ជាតិ​ប៉ោយប៉ែត ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ពួកគេ ភាគច្រើន ចេញចូល តាម​ច្រក​ដូង នៅ​ខេត្តបាត់ដំបង ព្រោះ​ងាយស្រួល​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ពលករ​ខ្មែរ​ម្នាក់ ចំណាយ​អស់​ថវិកា ២០០ បាត អាច​ឆ្លង​ផុត​ហើយ​។ ចំណែក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​គ្រាន់តែ​បង់លុយ​ឲ្យ​ប៉ូលិស​ខ្មែរ ម្នាក់ ៣០០ បាត ហើយ​នៅពេល​ឆ្លង​ដល់​ទឹកដី​ថៃ ត្រូវ​បង់លុយ ២០០ បាត​ទៀត​។ ជួនកាល ពលករ​ខ្មែរ ដែល​ឆ្លងដែន​តាម​ច្រក​ប៉ោយប៉ែត ដោយសារតែ​អត់​ឯកសារ​ត្រឹមត្រូវ ក៏ត្រូវ​ថៃ ចាប់ខ្លួន​ប​ញ្ជួ​ន​មកវិញ​ក៏មានដែរ​៕​

ពលករ​ខ្មែរ ចូល​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ថយចុះ ក្រោយពី​ភ្ជុំបិណ្ឌ​