ចោរ​ប្រដាប់​អាវុធ​ម្នាក់​ប្លន់​រថយន្ត Ford ក្រុមហ៊ុនទូរស័ព្ទ​០៩៧ នៅ​ស្រុក​អូរ​រាំង​ឪ

ខេត្ត​ត្បូងឃ្មុំ ៖ ជន​ម្នាក់​សម្បុរ​.​ស ស្លៀកខោ​ប៉ា​រ៉ា​ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​ បាន​ភ្ជង់​ប្លន់​យក​រថយន្ត Ford ១​គ្រឿង ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1483 ជា​របស់​ក្រុមហ៊ុនទូរស័ព្ទ ០៩៧ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី១៦ តុលា ២០១៥ នៅ​ចំ​នៅ​ចំ​ណុ​ច​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ខណៈ​ពេល​បុគ្គលិក​ក្រុមហ៊ុន​៣​នាក់​ចុះ​ត​ខ្សែកាប ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ប្លន់​រថយន្ត​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សា​រ៉ា​យ សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​, ២-​ឈ្មោះ ភឿ​ង ចាន់​ថា​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ជី​រោ​ក្រោម​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​៣-​ឈ្មោះ មុត ចាន់​ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង សង្កាត់​សួង ក្រុង​សួង ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជនប្រដាប់អាវុធ​ប្លន់​រថយន្ត​ក្រុមហ៊ុនទូរស័ព្ទ ០៩៧ បាន​បើករថយន្ត​គេចខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ លុះ​មក​ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​វិហារ ស្ថិត​ក្នុងភូមិ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ​ ក៏​បុក​គល់​ត្នោត​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ពេល​នោះ​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ក៏​បាន​ចុះ​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់ ។

នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ពិសេស​កម្លាំង​នៅ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​អូរ​រាំង​ឪ តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ តុលា ២០១៥ នេះ​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​នៅឡើយ​ទេ ៕