​ការ​​​វិល​​​ត្រឡប់​​​​​​​​​នៃ​​​ទេពារក្ស

លោក លាង ស៊ីកន និងគំនូរ ប្រព័ន្ធ ផ្សព្វផ្សាយចម្រុះ របស់ លោកដែលមានចំណងជើងថា "សង្គ្រាមឥណ្ឌូចិន" ក្នុងស្ទូឌីយ៉ូនៅក្រុងភ្នំពេញ។ រូបថត ​: Jens Welding Ollgaard/The Cambodia Daily

លោក លាង ស៊ីកន និងគំនូរ ប្រព័ន្ធ ផ្សព្វផ្សាយចម្រុះ របស់ លោកដែលមានចំណងជើងថា “សង្គ្រាមឥណ្ឌូចិន” ក្នុងស្ទូឌីយ៉ូនៅក្រុងភ្នំពេញ។ រូបថត ​: Jens Welding Ollgaard/The Cambodia Daily

លោក លាង ស៊ីកន ទទួល​​​បាន​​​ការ​​​ផុស​​​គំនិត​​​ពី​​​វត្ថុ​​​បុរាណ​​​​​​ប្រទេស​​​កម្ពុជា​​​​​​សម្រាប់​​​​​​ការ​​​តាំង​​​ពិព័រណ៍​​​ថ្មី​​​​​​​​​​​​របស់​​​លោក​​​នៅ​​​​​​ញូវ​​​យ៉ក​​​​​​​​​

ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ លោក លាង ស៊ីកន ​​​ប្រើ​​​សិល្បៈ​​​របស់​​​លោក​​​ ដើម្បី​​​​​​បង្ហាញ​​​ភាព​​​ជ្រួល​​​ច្របល់​​​​​​ដែល​​​បាន​​​​​​ញាំ​​​ញី​​​ពលរដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​​​​នា​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៧០ និង​​​១៩៨០។

​ការ​​​នេះ​​​ចាប់​​​ផ្តើម​​​ជា​​​មួយ​​​នឹង​​​”សំពត់​​​ធ្ងន់”​​​ដែល​​​ដាក់​​​ឈ្មោះ​​​​​​​​​តាម​​​សម្លៀក​​​បំពាក់​​​​​​ដែល​​​ម្តាយ​​​របស់​​​លោក​​​​​​បាន​​​ប្រើ​​​ប្រាស់ ដោយ​​​​​​ដេរ​​​ប៉ះ​​​ជាន់​​​លើ​​​គ្នា​​​​​​​​​​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​នា​​​​​​ដើម​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៧០​​​ ក្នុង​​​ពេល​​​ដែល​​​ភូមិ​​​របស់​​​គេ​​​​​​បាន​​​ទទួល​​​រង​​​ការ​​​ទម្លាក់​​​គ្រាប់​​​បែប​​​។​​​​​​

ឥឡូវ​​​នេះ ដោយ​​​មាន​​​ផ្ទាំង​​​គំនូរ​​​គូរ​​​នៅ​​​ជញ្ជាំង​​​​​​​​​ដែល​​​លោក​​​បាន​​​បង្កើត​​​ឡើង​​​​​​សម្រាប់​​​ការ​​​តាំង​​​ពិព័រណ៍​​​​​​នៅ​​​ញូវយ៉ក​​​​​​របស់​​​លោក​​​​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​​​​នៅ​​​​​វិចិត្រ​​​សាល​​​ស៊ុន​​​ដា​​​រាម​​​ តាហ្គរ  លោក ស៊ី​​​កន​​​​​​ នឹង​​​​​​នាំ​​​​​​មក​​​នូវ​​​ការ​​​បញ្ចប់​​​បែប​​​សិល្បៈ​​​​​​ចំពោះ​​​ការ​​​ឈឺ​​​ចាប់​​​វេទនា​​​​​​​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ទស​​​វត្សរ៍​​​កន្លង​​​មក​​​នេះ ដោយ​​​ប្រើ​​​​​​ការ​​​បញ្ជូន​​​មក​​​ប្រទេស​​​​​​វិញ​​​នា​​​ពេល​​​ថ្មី​​​កន្លង​​​មក​​​នេះ​​​​​​នូវ​​​វត្ថុ​​​បុរាណ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​ចោរ​​​លួច​​​ ដើម្បី​​​​​​ធ្វើ​​​ជា​​​និមិត្ត​​​រូប​​​​​​ដល់​​​ការ​​​បញ្ចប់​​​ខាង​​​ផ្លូវ​​​ចិត្ត​​​​​​នៃ​​​សង្គ្រាម​​​ស៊ី​​​វិល​​​​​​រាប់​​​ទសវត្សរ៍​​​មក​​​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​​​ពី​​​ខែ​​​ឧសភា រូប​​​ចម្លាក់​​​ហនុមាន​​​​​​នា​​​សតវត្សរ៍​​​ទី​​​១០​​​ ដែល​​​គេ​​​ជឿ​​​ថា ត្រូវ​​​បាន​​​ចោរ​​​លួច​​​​​​ពី​​​ប្រា​​​សាទ​​​កោះ​​​កេរ​​​នា​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៦០​​​ ​​​ត្រូវ​​​បាន​​​សារ​​​មន្ទីរ​​​សិល្បៈ​​​ក្លេ​​​វឺឡែន​​​​​​បញ្ជូន​​​មក​​​ឲ្យ​​​ខ្មែរ​​​វិញ​​​។

សម្រាប់​​​លោក ស៊ី​​​កន ការ​​​​​​បញ្ជូន​​​​​​​​​បដិមា​​​ហនុមាន​​​មក​​​កម្ពុជា​​​វិញ មាន​​​ន័យ​​​ថា ប្រ​​​ទេស​​​​​​នេះ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​​​​រក្សា​​​ការ​​​ពារ​​​​​​​​​របស់​​​​​​ទេវតា។​​​ តួ​​​អង្គ​​​​​​គួរ​​​ជាទី​​​ពេញ​​​ចិត្ត​​​បំផុត គឺ​​​ហនុមាន​​​ដែល​​​ដើរ​​​តួនាទី​​​​​​​​​ដ៏​​​លេច​​​ធ្លោ​​​​​​​​​ក្នុង​​​រឿង​​​រាម​​​កេរ្តិ៍​​​ ជា​​​​​​រឿង​​​វីរ​​​កថា​​​ឥណ្ឌា​​​បែប​​​ខ្មែរ។

នៅ​​​ក្នុង​​​រូប​​​គំនូរ​​​ស៊េរី​​​ថ្មី​​​របស់​​​លោក ស៊ី​​​កន ហនុមាន​​​តំណាង​​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប ដែល​​​បាន​​​ចាក​​​ចេញ​​​ពី​​​មាតុភូមិ​​​នា​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៧០ និង​​​១៩៨០ បាន​​​រត់​​​ទៅ​​​បរទេស ហើយ​​​​​​ក៏​​​មាន​​​បំណង​​​​​​វិល​​​​​​ត្រឡប់​​​​​​មក​​​មាតុភូមិ​​​វិញ​​។​​​ ប៉ុន្តែ​​​វិចិត្រ​​​ករ​​​​​​រូប​​​នេះ​​​​​​ក៏​​​បាន​​​ឃើញ​​​អាទិ​​​ទេព​​​​​​ថា​​​ជាអ្នក​​​​​​​​​​​​រក្សា​​​​​​ការពារ​​​ជា​​​និមិត្ត​​​​​​​​​រូប​​​របស់​​​ប្រទេស ដែល​​​បាន​​​ធ្លាក់​​​ចូល​​​ក្នុង​​​ភាព​​​​​​វឹក​​​វរ​​​ចលាចល​​​ក្នុង​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ទសវត្សរ៍​​​ ក្រោយ​​​ពី​​​​​​រូប​​​ចម្លាក់​​​ត្រូវ​​​គេ​​​លួច​​​ទៅ​​​បាត់។​​​​​​​​​​​​​​​​​​​​​ ការ​​​ធ្វើ​​​ដំណើរ​​​​​​​​​របស់​​​ហនុមាន​​​ មាន​​​រៀប​​​រាប់​​​​​​នៅ​​​ក្នុង​​​ផ្ទាំង​​​គំនូរ​​​​​​មួយ​​​ក្នុង​​​បណ្តា​​​ផ្ទាំង​​​គំនូរ​​​ទាំង​​​​​​អស់​​​​​​ដែល​​​ដាក់​​​តាំង​​​ពិព័រណ៍ គឺ​​​ជា​​​​​​គំនូរ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្យាយ​​​ចម្រុះ​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ហេតុ​​​ដែល​​​ហនុមាន​​​​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ”។ ផ្ទាំង​​​គំនូរ​​​នេះ​​​​​​មាន​​​រៀប​​​រាប់​​​អំពី​​​ចក្ខុវិស័យ​​​​​​បី​​​របស់​​​អាទិទេព គឺ​​​នៅ​​​ខាង​​​ឆ្វេង ហនុមាន​​​​​​ជា​​​គ្រោង​​​ឆ្អឹង​​​​​​យំ​​​ទួញ​​​សោក​​​ នៅ​​​ចំកណ្តាល​​​ ហនុមាន​​​ត្រូវ​​​គេ​​​វះ​​​ពុះ​​​ច្រៀក​​​ ដើម្បី​​​បង្ហាញ​​​​​​ដាវ​​​ក្នុង​​​ពោះ​​​ និង​​​ផែន​​​ទី​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​ខួរ​​​ក្បាល ហើយ​​​នៅ​​​ខាង​​​ស្តាំ​​​ដៃ​​​ ហនុមាន​​​​​​មាន​​​រូប​​​ទាំង​​​មូល​​​ ជា​​​អ្នក​​​ចម្បាំង​​​​​​មាន​​​​​​សម្បុរ​​​មាស​​​និង​​​ប្រ​​​ផេះ។​​​​​​

នៅ​​​ពេល​​​ដែល​​​រូប​​​ចម្លាក់​​​ត្រូវ​​​គេ​​​លួច​​​ទៅ​​​បាត់​​​ លោក ស៊ីកន​​​ បាន​​​និយាយ​​​ថា “គេ​​​ដាក់​​​តាំង​​​រូប​​​ចម្លាក់​​​ក្នុង​​​សារ​​​មន្ទីរ​​​ឲ្យ​​​មនុស្ស​​​មើល។​​​ គាត់​​​មាន​​​សុត្ថិភាព​​​​​​ក្នុង​​​សារ​​​មន្ទីរ​​​ ប៉ុន្តែ​​​​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​ទាល់​​​តែ​​​សោះ គិត​​​តែ​​​ពី​​​យំ​​​​​​យែក​​​​​​រទូ ហើយ​​​​​​រាង​​​កាយ​​​កាន់​​​តែ​​​ស្គម​​​ស្គាំងទៅៗ  ត្បិត​​​នឹក​​​ស្រុកពេក​​​”។​​​​​​​​​

លោក ស៊ីកន អង្គុយក្នុងស្ទូឌីយ៉ូ របស់លោកនៅក្រុង ភ្នំពេញ។ រូបថត: Jens Welding Ollgaard/The Cambodia Daily

លោក ស៊ីកន អង្គុយក្នុងស្ទូឌីយ៉ូ របស់លោកនៅក្រុង ភ្នំពេញ។ រូបថត: Jens Welding Ollgaard/The Cambodia Daily

វិ​​​ចិត្រករ​​​​​​រូប​​​នេះ បាន​​​និយាយ​​​ថា “គេ​​​មិន​​​យល់​​​ថា​​​ ហេតុអ្វី​​​បាន​​​ជា​​​​​​បដិមា​​​​​​ស្រែក​​​ទ្រហោ​​​យំ ហើយ​​​ក៏​​​ស្គម​​​ស្គាំង​​​ទៀត។ ដូច្នេះ គេ​​​បាន​​​សម្រេច​​​ចិត្ត​​​​​​យក​​​គាត់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​។​​” យោង​​​តាម​​​ទស្សន​​​របស់​​​វិចិត្រ​​​ករ​​​​​​រូប​​​នេះ​​​ចំពោះ​​​ព្រឹត្តិការណ៍​​​នេះឲ្យ​​​ដឹង​​​ថា ក្នុង​​​ពេល​​​ដែល​​​គេ​​​សែង​​​ហនុមាន​​​ចេញ​​​ពី​​​សារ​​​មន្ទីរ ស្រាប់​​​តែ​​​ព្រះ​​​អាទិត្យ​​​​​​​​​ជះ​​​ពន្លឺ​​​ទៅ​​​លើ​​​រូប​​​គាត់​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ពន្លឺ​​​ជះ​​​ទៅ​​​មើល​​​ឃើញ​​​​​​ខាង​​​ក្នុង​​​ពោះ ហើយ​​​ក៏​​​ធ្វើ​​​ឲ្យ​​​បុគ្គលិក​​​សារ​​​មន្ទីរ​​​មើល​​​ឃើញ​​​ដាវ​​​មួយ​​​ក្នុង​​​ពោះ​​​គាត់​​​ និង​​​ផែនទី​​​ប្រទេស​​​​​​ខ្មែរ​​​មួយ​​​ផ្ទាំង​​​ជាប់​​​នឹង​​​​​​ខួរ​​​ក្បាល ក៏​​​ដូច​​​ជា​​​នៅ​​​លើ​​​ដៃ​​​ស្តាំ និង​​​បេះ​​​ដូង​​​គាត់​​​។

វិចិត្រករ​​​រូប​​​នេះ បាន​​​និយាយ​​​ថា “គេ​​​ក៏​​​បាន​​​ដឹង​​​ថា រូប​​​ចម្លាក់​​​​​​នេះ​​​ជា​​​របស់​​​ប្រទេស​​​កម្ពុជា។  ដូច្នេះ​​​គេ​​​ក៏​​​ប្រគល់​​​មក​​​​​​ឲ្យ​​​វិញ។ ឥឡូវ​​​នេះ​​​ ហនុមាន​​​​​​បាន​​​វិ​​​ល​​​ត្រឡប់​​​មក​​​ការ​​​ពារ​​​មាតុភូមិវិញ​​​ហើយ”។

នៅ​​​ក្នុង​​​ផ្ទាំង​​​គំនូរ​​​មួយ​​​ទៀត​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “សង្គ្រាម​​​ឥណ្ឌូចិន” អ្នក​​​ចម្បាំង​​​ពីរ​​​នាក់​​​​​​​​​ក្នុង​​​សម្លៀក​​​បំពាក់​​​ប្រពៃណី​​​ គឺ​​​បោក​​​ចំបាប់​​​គ្នា​​​នៅ​​​ខាង​​​ឆ្វេង​​​ដៃ​​​នៃ​​​ផ្ទាំង​​​គំនូរ​​​​​​ ចំណែក​​​ឯ​​​នៅ​​​ខាង​​​ស្តាំ​​​ដៃ​​​ គេ​​​បាន​​​ក្លាយ​​​ជា​​​រូប​​​ចម្លាក់​​​​​​ដោយ​​​គ្មាន​​​ដៃ។ ពួក​​​គេ​​​​​​តំណាង​​​ឲ្យ​​​រូប​​​ចម្លាក់​​​ថ្ម​​​ភក់​​​ពីរ​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​កោះ​​​កេរ ដែល​​​ត្រូវ​​​គេ​​​លួច​​​​​​ក្នុង​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ស្រុក​​​វិញ​​​​​​នា​​​ពេល​​​ថ្មីៗ​​​នេះ​​​ ដែល​​​តំណាង​​​ភឹម និង​​​ទុរយោធ​​​​​​។​​​​​​​​​​​​​​​​​​​​​​ នៅ​​​ផ្ទៃ​​​ខាង​​​ក្រោយ​​​ មាន​​​រូប​​​ឥន្ទ្រី​​​​​​កាន់​​​​​​គ្រាប់​​​បែក​​​ ជា​​​ការ​​​សំដៅ​​​ទៅ​​​លើ​​​ការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​​​​​​​ពី​​​សំណាក់​​​​​​សហ​​​រដ្ឋ​​​អា​​​មេរិក​​​​​​នា​​​ចុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៦០​​​និង​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​ហើរ​​​រំលង​​​ដើម​​​ត្នោត​​​ខ្ពស់ៗ​​​។ នៅ​​​ខាង​​​​​​ក្រោម​​​ មាន​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ម្នាក់​​​​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​​​​បង្ហាញ​​​នៅ​​​ចន្លោះ​​​កណ្តុរ​​​ក្រហម​​​​​​ដែល​​​លី​​​បាវ​​​លើ​​​ស្មា។ ផ្ទាំង​​​គំនូរ​​​នេះ​​​ ​​​​​​គូរ​​​​​​ដោយ​​​ប្រើ​​​​​​ថ្នាំ​​​អាគ្រី​​​លិក​​​​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់​​​ ចំណែក​​​ឯ​​​រាង​​​កាយ​​​របស់​​​តួអង្គ​​​​​​ធ្វើ​​​អំពីសំពត់​​​ និង​​​បន្ទះ​​​ស្បែក​​​​​​កាត់​​​ជា​​​បន្ទះៗ។

កើត​​​ក្នុង​​​ឆ្នាំ​​​១៩៧០ លោក ស៊ី​​​កន​​​ មក​​​ពី​​​ជំនាន់​​​ទី​​​មួយ​​​នៃ​​​វិចិត្រករ​​​​​​​​​ក្រោយ​​​សង្គ្រាម​​​ ដែល​​​បាន​​​​​​ចាប់​​​ផ្តើម​​​​​​​​​តាំង​​​ពិពរ័ណ៍​​​​​​ក្នុង​​​​​​ចុង​​​ទស​​​វត្សរ៍​​​​​ឆ្នាំ​​​​​​១៩៩០។ ឥឡូវ​​​ក្លាយ​​​ជា​​​វិចិត្រករ​​​​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​ គំនូរ​​​របស់​​​​​​លោក​​​​​​បាន​​​ដាក់​​​បង្ហាញ​​​​​​ក្នុង​​​ក្រុង​​​ឡុង​​​ដ៍​​​កាល​​​ពី​​​ឆ្នាំ​​​មុន និង​​​ក្រុង​​​ហុង​​​កុង​​​​​​កាល​​​ពី​​​ពីរ​​​បី​​​ខែ​​​មុន ហើយ​​​បច្ចុប្បន្ន​​​នេះ​​​​​​​​​ដាក់​​​តាំង​​​​​​នៅ​​​ក្រុ​​​ង​​​លីល ប្រទេស​​​បារាំង។​​​​​​​​​​​​​​​​​​​​​

នៅ​​​​​​​​​​​​ញូវ​​​យ៉ក គំនូរ​​​លោក​​​ ស៊ី​​​កន នឹង​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​តាំង​​​ពិព័រណ៍​​​ដែល​​​មាន​​​ចំណង​​​ជើងថ​​​ា “REV | ACTION: សិល្បៈសហសម័យ​​​​​​ពី​​​អាស៊ី​​​អាគ្នេយ៍​​​” ​​​​​​និយាយ​​​អំពី​​​វិចិត្រករ​​​១០​​​នាក់​​​មក​​​ពី​​​​​​តំបន់​​​នេះ​​​។​​​ លោក​​​​​​ស្រី ល័រ​​​ដាណា ប៉ារ៉ាសស៊ៀណា ប្រ​​​ធានការ​​​​​​តាំង​​​ពិ​​​ព័រណ៍ បាន​​​និយាយ​​​ថា លោក ស៊ីកន​​​ មាន​​​វិធី​​​សាស្ត្រ​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​​​​ចំពោះ​​​សិល្បៈ​​​សហ​​​សម័យ  ដោយ​​​ប្រើ​​​សិល្បៈ​​​បិទ​​​ក្រដាស​​​ពណ៌ និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ចម្រុះ ក្នុង​​​ការ​​​​​​វេញ​​​ត្រ​​​បាញ់​​​​​​​​​​​​បញ្ចូល​​​​​​​​​និទាន​​​កថា​​​ផ្ទាល់​​​ខ្លួន​​​ជា​​​មួយ​​​នឹង​​​រឿង​​​រ៉ាវ​​​នៃ​​​ប្រវត្តិ​​​សាស្ត្រ​​​​​​មាតុ​​​ប្រទេស​​​របស់​​​លោក។​​​ លោក​​​ស្រី​​​បាន​​​និយាយ​​​ថា ​​​សរុប​​​ទៅ​​​ គំនូរ​​​របស់​​​លោក ស៊ី​​​កន “​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​​នូវ​​​​​​រឿង​​​រ៉ាវ​​​​​​​​​ទាំង​​​ឡាយ​​​​​​បែប​​​​​​​​​​​​ប្រវត្តិ​​​សាស្ត្រ ផ្ទាល់​​​ខ្លួន និង​​​ជា​​​សមូហភាព”។​​​​​​​​​​​​​​​​​​​​​

ការ​​​តាំង​​​ពិព័រណ៍​​​​​​បើក​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍៕ រើន​​​

The post ​ការ​​​វិល​​​ត្រឡប់​​​​​​​​​នៃ​​​ទេពារក្ស appeared first on ខេមបូឌា ដេលី.