មាន១៥០នាក់ចុះឈ្មោះចូលរួមប្រកួតទ្រីយ៉ាត្លុង(TRIATHLON)ឆ្នាំនេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​នឹង​ ប្រកួត​ពីថ្ងៃ​ទី​២៤ ដល់ ២៦​តុលា​ដែល​ការប្រកួត​នោះ​ធ្វើ​នៅ​ឆ្នេរសមុទ្រ​ខេត្ត​កែប ។​

​    ​លោក​ងិន សុ​បញ្ញា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​និយាយថា​ ទ្រី​យ៉ា​ត្លុង​គឺជា​កីឡា​មួយ​ប្រ​ភេទ​ដែល​បញ្ចូល​គ្នា​ចំនួន ៣ វិញ្ញាសា​គឺ​ហែល​ទឹក​-​ជិះ​កង់ និង រត់ ។​

​    ​សម្រាប់​ឆ្នាំនេះ​សហព័ន្ធ​មិន​ត្រឹមតែ​រៀបចំ​ការប្រកួត​ទ្តី​យ៉ា​ត្លុង​ ប៉ុណ្ណោះ​ទេ​គឺ​រៀបចំ​ប្រកួត​ទាំង Duathlon​ដែល​ មាន ២​វិញ្ញាសា​បញ្ចូល​គ្នា​គឺ​រត់​-​ជិះ​កង់ និង បញ្ចប់​ដោយ​រត់ និង ប្រកួត Aquathlon ដែលមាន​២​វិញ្ញាសា​គឺ​ហែល​ទឹក និង រត់ ។​

​    ​លោក​អះអាងថា​ឆ្នាំនេះ​មាន​អ្នកចូលរួម​ប្រកួត​១៥០​នាក់​ដែល​មកពី​១២​ក្លឹប​ គឺ​កើន​លើស​ឆ្នាំ​កន្លងទៅ​៣០​ភាគ​រយ ដែល​កាលពី​ឆ្នាំទៅ​មានតែ ៨ ក្លឹប​ប៉ុណ្ណោះ ។​លោក​បន្តថា​ខេត្ត​កែប​អាចជា​កន្លែង​ដេ​ល​សហព័ន្ធ​របស់លោក​ត្រូវ​ជ្រើសរើស​ ធ្វើជា​កន្លែង​ប្រកួត​ទ្រី​យ៉ា​ត្លុង​ជា​រៀងរាល់ឆ្នាំ​ហើយ​មើលទៅ ។​ទីនោះ​ទិដ្ឋភាព និង​ស្ថានភាព​មាន​អំណោយ​ផល​ល្អ​សម្រាប់​ការប្រកួត​គឺ​ទាំង​សមុទ្រ ទាំង​ផ្លូវ​រត់ និង ជិះ​កង់ ។​

​    ​លោក​អគ្គលេខាធិការ​បា​ន​ឲ្យ​ដឹង​ទៀតថា​ឆ្នាំនេះ​សម្រាប់​ការប្រកួត​ទ្រី​ យ៉ា​ត្លុង​សហព័ន្ធ​បានកំណត់​ឲ្យ​អ្នក​ចូល​រួម​ត្រូវ​ហែល​ទឹក​ចម្ងាយ​១,៥០​ គីឡូម៉ែត្រ ហើយ​បន្ទាប់មក​ជិះ​កង់​ប្រណាំង​ចម្ងាយ​៤០​គីឡូម៉ែត្រ និង បញ្ចប់​ដោយ​ការ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ទៀត ។​សម្រាប់​ការប្រណាំង​កង់​គឺ​តម្រូវ​ឲ្យ​អ្នកចូលរួម​ប្រើ​កង់​គួ​ក ។​

​     ​ចំពោះ​វិញ្ញាសា DUATHLON គឺ​តម្រូវ​ឲ្យ​រត់​ចម្ងាយ ៥ គីឡូម៉ែត្រ បន្ទាប់មក​ជិះ​កង់​ប្រណាំង​ចម្ងាយ ២០​គីឡូម៉ែត្រ និង បញ្ចប់​ដោយ​រត់​ចម្ងាយ​២,៥០​គីឡូម៉ែត្រ ។ វិញ្ញាសា​នេះ​តម្រូវ​ឲ្យ​ជិះ​កង់​ដៃត្រង់ ។​

​    ​ឯ ប្រភេទ​កីឡា Aquqthlon វិញ​គឺ​ប្រកួត​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ការប្រកួត​នេះ​ តម្រូវ​ឲ្យ​ហែល​ទឹក​២៥០​ម៉ែត្រ និង រត់​ចម្ងាយ​៥​គីឡូម៉ែត្រ ។​
​    ​