ខ្សែ​ភាពយន្ត​ឯកសារ៖ ​ភាព​ក្រីក្រ​និង​ភាព​ងាយ​រងគ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ក្លាយ​ជា​ទាសករ​

ខ្សែ​ភាពយន្ត​ឯកសារ៖ ​ភាព​ក្រីក្រ​និង​ភាព​ងាយ​រងគ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ក្លាយ​ជា​ទាសករ​

ខ្សែភាពយន្តឯកសារ “The Storm Maker” ឬ «‍មេខ្យល់» ផលិត​ដោយ​លោក Guillaume Suon បង្ហាញពីទាសភាពក្នុងសង្គមទំនើបបច្ចុប្បន្ននៅប្រទេសកម្ពុជា ដោយឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់ស្ត្រីវ័យក្មេងម្នាក់នេះ និងជីវិតប្រចាំថ្ងៃរបស់អ្នកជួញដូរមនុស្សពីរនាក់។ (រូបថតដក់ស្រង់​ពីគេហទំព័រ៖ Investigative Film Festival)ម្មវិធី​នេះ​គឺជា​គម្រោង​មួយ ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អ្នក​រាយ​ការណ៍​ព័ត៌មាន​ប្រមាណ​១០០​នាក់​នៅ​សហ​រដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភព​លោក។​​ វ៉ាស៊ីនតោន—

ខណៈ​ដែល​បញ្ហា​ជួញ​ដូរ​មនុស្ស​បាន​ក្លាយ​ជា​ចំណង​ជើង​នៃ​ព័ត៌មាន​អន្តរជាតិ​ជា​ប្រចាំ​នោះ​ ​អ្នក​ជំនាញ​ពីរ​រូប​ ដែល​ចូលរួម​នៅ​ក្នុង​កម្ម​វិធី​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​បែប​ស៊ើប​អង្កេត​នៅ​សហ​រដ្ឋ​អាមេរិក ​បាន​ពិភាក្សា​អំពី​ភាព​ក្រីក្រ ​ភាព​ងាយ​រងគ្រោះ​ថ្នាក់ ​និង​អំពើ​ពុករលួយ ​ដែល​បាន​ក្លាយ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មនុស្ស​ក្លាយ​ជា​ទាសករ​ពលកម្ម។​

កាល​ពី​ថ្ងៃ​ទី២ ​ខែ​តុលា​កន្លង​ទៅ​នេះ ​នៅ​ឯ​វិចិត្រសាល​គំនូរ​ជាតិ​សហ​រដ្ឋ​អាមេរិក ​កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​បែប​ស៊ើប​អង្កេត​ (The Investigative Film Festival) ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​របាយ​ការណ៍​បែប​ស៊ើប​អង្កេត​នៅ​ជុំវិញ​ពិភព​លោក។​

កម្មវិធី​នេះ​គឺជា​គម្រោង​មួយ ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អ្នក​រាយ​ការណ៍​ព័ត៌មាន​ប្រមាណ​១០០​នាក់​នៅ​សហ​រដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភព​លោក។

នៅ​ក្នុង​កម្មវិធី​នោះ ​ខ្សែ​ភាពយន្ត​ឯកសារ​ឈ្មោះ​ «‍មេខ្យល់» ​ឬ ​«The Storm Makers» ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​នៃ​ជីវិត​របស់​ស្ត្រី​ខ្មែរ​វ័យ​ក្មេង​ ដែល​ត្រូវ​បាន​បោក​បញ្ឆោត​ឲ្យ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ស្ថានភាព​ជា​ទាសករ ​ ក៏​ត្រូវ​បាន​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​ផង​ដែរ។ ​ក្រោយ​ពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​រួច​ អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​បាន​បើក​វេទិកា​ពិភាក្សា​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ក្នុង​ការងារ​បែប​ទាសភាព។​

លោក ​Terry Fitzpatrick ​នាយក​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ដោះលែង​ទាសករ ​ឬ ​Free the Slaves​ បាន​ឲ្យ​ដឹង​ថា ​កាលណា​ជម្រើស​សេដ្ឋ​កិច្ច​របស់​ប្រទេស​មួយ​មិន​មាន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទេ​ ​ប្រជាជន​ក្នុង​ប្រទេស​នោះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​ទីក្រុង​ ឬ​ឆ្លង​ប្រទេស​ដើម្បី​រក​ការងារ​ធ្វើ។ ​ហើយ​វិបត្តិ​នេះ​អាច​បណ្តាល​ឲ្យ​ពួក​គេ​ងាយ​រងគ្រោះ​ថ្នាក់​ពី​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។​

«‍យើង​ដឹង​ថា ​ចំនួន​ប្រជាជន​នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​គំហុក​ ក៏​ប៉ុន្តែ​ស្ថានភាព​សេដ្ឋ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​មិន​មាន​ភាព​ប្រសើរ​ឡើង​ណាស់​ណា​ទេ។ ​នេះ​មាន​ន័យ​ថា​ ពួក​គេ​ត្រូវ​តែ​ចាកចេញ​ពី​សហគមន៍​របស់​គេ​ដើម្បី​ទៅ​ធ្វើការ​នៅ​កន្លែង​ណា​មួយ ​ដែល​នេះ​អាច​បណ្តាល​ឲ្យ​ពួក​គេ​ងាយរងគ្រោះ​ថ្នាក់​ដោយសារ​ការ​ធ្វើ​ចំណាក​ស្រុក​នេះ»។​

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍មេខ្យល់»​នេះ ​ នាង​អាយ៉ា ​មាន​អាយុ​១៦​ឆ្នាំ​ នៅ​ពេល​ដែល​នាង​ត្រូវ​បាន​ម្តាយ​នាង​ជំរុញ​ឲ្យទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ​នៅ​ទី​នោះ ​នាង​ត្រូវ​បាន​គេ​វាយ​ធ្វើបាប​ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។ ​នៅ​ពេល​ដែល​នាងរត់​ចេញ​ពី​ការ​ធ្វើ​ការងារ​បែប​ទាសភាព​នោះ​ ​នាង​ត្រូវ​បាន​បុរស​ម្នាក់​ចាប់​រំលោភ ​និង​ឃុំ​ខ្លួន​រហូត​ដល់​ពេល​ដែល​ប៉ូលិស​ម៉ាឡេស៊ី​ធ្វើ​អន្តរាគមន៍។​

យោង​តាម​អង្គការ​ដោះលែង​ទាសករ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រមាណ​៣៦​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​ជួញដូរផ្លូវ​ភេទ ​និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។​ ហើយ​ជា​រៀង​រាល់​ឆ្នាំ ​ការ​ជួញដូរ​នេះ​បាន​បង្កើត​ប្រាក់​ចំណូល​ប្រមាណ​១៥០​លាន​ដុល្លារ​ដល់​ក្រុម​ជួញដូរ​មនុស្ស។​

កត្តា​ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​ងាយ​រងគ្រោះ​ពី​ការងារ​បែប​ទាសភាព ​និង​ការ​ជួញដូរ​មនុស្ស​គឺ​មួយ​ផ្នែក​ដោយសារ​តែ​ការ​ពង្រឹង​ច្បាប់​ពលកម្ម​របស់​ប្រទេស​នោះ​មាន​ភាព​ទន់​ខ្សោយ។ ​នេះ​បើ​យោង​តាម​លោក ​Terry Fitzpartrick។​

លោកTerry ក៏​បាន​បន្ថែម​ទៀត​ថា ​នៅ​ពេល​ដែល​ការងារ​ខាង​ផលិតកម្ម​គ្រឿង​ចក្រ​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ប្រទេស​ដែល​មាន​ច្បាប់​ពលកម្ម​រឹងមាំ​ទៅកាន់​ប្រទេស​ដែល​មាន​ច្បាប់​ពលកម្មទន់ខ្សោយ មាន​ការ​ធ្វើ​ការងារ​បែប​ទាសភាព​ក៏​កាន់​តែ​ច្រើន​ឡើង។​

ជាមួយ​គ្នា​នេះ​ អំពើ​ពុក​រលួយ​ក៏​ជា​កត្តា​ប្រឈម​មួយ ​ដែល​រារាំង​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ពលករ​ចំណាក​ស្រុក​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស។ ​នេះ​បើ​យោង​តាម​លោកស្រី ​Sara Colm ​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​ជា​អតីត​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ។​

«‍យើង​សង្កេត​ឃើញ​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ក្រីក្រ​ដែល​មាន​ការ​អប់រំ​ទន់​ខ្សោយ។ ​ដូច្នេះ​ការ​អនុវត្ត​ច្បាប់​ពិត​ជា​ពិបាក។ ​ហើយ​សំខាន់​ជាង​នេះ​គឺ​បញ្ហា​អំពើ​ពុក​រលួយ»។​

លោក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ រដ្ឋាភិបាល​ដែល​ពុក​រលួយ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ពលកម្មបែប​ទាសភាព​តាមរូបភាព​ជា​ច្រើន។​

«‍នៅ​ពេល​ដែល​ការ​ជួញដូរ​មនុស្ស​បាន​ក្លាយ​ជា​ការ​រក​ស៊ី​មាន​ទ្រង់ទ្រាយ​ធំ​ មាន​ន័យ​ថា​ វា​បង្កើត​ប្រាក់​ច្រើន​ណាស់ ហើយមាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​ច្រើន​រវាង​ក្រុមហ៊ុន​រកស៊ី​ជួញ​ដូរ​មនុស្ស​បែប​ខុស​ច្បាប់​នេះ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល»។​

ដើម្បី​បញ្ឈប់​ពលកម្ម​បែប​ទាសភាព​នេះ ​ លោក​ Terry Fitzpartrick ​យល់​ថា ​ការ​ពង្រីក​ឱកាស​ការងារ​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​ច្រើន ​និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​សិទ្ធិ​របស់​ពួក​គេ ​អាច​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត​មួយ។​

«ការងារ​ក្នុង​សហគមន៍​សំខាន់​ណាស់។ ​នៅ​ពេល​ដែល​យើង​ធ្វើការ​នៅ​តាម​សហគមន៍​ដើម្បី​ជួយ​បង្កើត​គម្រោង​សន្សំ​ប្រាក់ ​គម្រោង​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ជួយ​អប់រំ​ដល់​ក្មេង​ស្រី​ មាន​ន័យ​ថា ​យើង​ជួយ​ដល់​សមត្ថភាព​ដោះស្រាយបញ្ហា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍»។​

បន្ថែម​លើ​នេះ ​សារ​ព័ត៌មាន​ក៏​អាច​នាំ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​លើ​បញ្ហា​នេះ ​ដែលអាច​ជួយ​ឲ្យ​មាន​អន្តរាគមន៍។ ​នេះ​បើ​យោង​តាម​លោកស្រី ​Sara Colm។​

«‍ខ្ញុំ​យល់​ថា ​សារ​ព័ត៌មាន​ដើរ​តួនាទី​ដ៏​សំខាន់​ ពី​ព្រោះ​ថា ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ។​ ឧទាហរណ៍ ​បុរស​ដែល​ធ្វើ​ការ​តាម​ទូក​ក្នុង​សមុទ្រ។​ តើ​យើង​អាច​ដឹង​ពី​ស្ថានភាព​ការងារ​របស់​ពួក​គេ​ទេ? ​ដូច្នេះ ​ការ​យក​ព័ត៌មាន​ពី​រឿង​នេះ​ និង​ការ​អន្តរាគមន៍​ពី​ក្រុម​សិទ្ធិ​មនុស្ស​សំខាន់​ណាស់»។​

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ​ស្ត្រី​និង​ក្មេងស្រី​ប្រមាណ​៤០​ម៉ឺន​ទៅ​៥០ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី៕