អ្នក​ជំនាញ​នឹង​វាយ​តម្លៃ​តម្រូវការ​សុខភាព​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​រដ្ឋ​ Connecticut

អ្នក​ជំនាញ​នឹង​វាយ​តម្លៃ​តម្រូវការ​សុខភាព​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​រដ្ឋ​ Connecticut

រូបថត៖ កម្មវិធី​ស្តី​ពី​សុខភាព​និង​សុខាមាលភាព​របស់​សហគមន៍​អាស៊ីអាគ្នេយ៍​អាមេរិកាំង។លោកស្រី ​គួច ធានវី​ នាយិកា​ប្រតិបត្តិ​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ​នៅ​រដ្ឋ​ Connecticut ​ដែល​ជា​អ្នក​ចូលរួម​រៀបចំ​បាន​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ពិភាក្សា​នោះ នឹង​ជួយ​ដល់​ការ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ថ្មី​ប្រចាំ​រដ្ឋ​ផង​ដែរ។ វ៉ាស៊ីនតោន—

ពលរដ្ឋ​ខ្មែរ ​វៀតណាម​ និង​ ឡាវ ​ដែល​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​មាន​បញ្ហា​សុខភាព​ស្រដៀង​គ្នា​គឺ​ពួកគេ​មាន​ជំងឺ​ផ្លូវចិត្ត​និង​ការ​បាក់ស្បាត​ដោយសារ​បាន​ឆ្លងកាត់​សង្គ្រាម​និង​ការ​ធ្វើទុក្ខ​បុក​ម្នេញនៅ​ប្រទេស​កំណើត។​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកឯកទេស​ខាង​ផ្នែក​សុខភាព។

សម្ព័ន្ធ​សុខភាព​ពលរដ្ឋ​អាស៊ីអាគ្នេយ៍​អាមេរិកាំង ​(Southeast Asian American Health Coalition) ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​ Connecticut ​នឹង​រៀបចំ​ការ​ជួបជុំ​របស់​ពួកគេ​ជាមួយ​នឹង​អ្នក​ជំនាញ​សុខភាព​និង​មន្ត្រី​សុខាភិបាល​ប្រចាំ​រដ្ឋ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ឱ្យ​ពួកគេ​បាននិយាយ​រៀបរាប់​ពី​រឿងរ៉ាវ​ផ្ទាល់​ខ្លួននិង​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ទាំងនោះ​។

លោកស្រី ​គួច ធានវី​ នាយិកា​ប្រតិបត្តិ​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ​នៅ​រដ្ឋ​ Connecticut ​ដែល​ជា​អ្នក​ចូលរួម​រៀបចំ​បាន​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ពិភាក្សា​នោះ នឹង​ជួយ​ដល់​ការ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ថ្មី​ប្រចាំ​រដ្ឋ​ផង​ដែរ។

«ពេលនេះ​ជា​ពេល​ដែល​សំខាន់​បំផុត​ដោយសារ​រដ្ឋ​ Connecticut យើង​នេះមាន​បញ្ហា​សុខភាព​ថ្មី​ដែល​គេ​នឹង​រៀបចំ​គម្រោងការ។ ជន​ជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​ទាំងបី​ដែល​មក​ពី​ស្រុក​មាន​សង្គ្រាម​ហ្នឹង​មាន​បញ្ហា​សុខភាព‍»។

លោកស្រី​បញ្ជាក់ថា​សម្រាប់​សហគមន៍​ខ្មែរ​គឺ​មាន​រហូត​ដល់៦២ភាគរយ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត (Trauma) ​និង​ PTSD ​ដែល​មាន​ដូច​ជា​យល់​សប្តិ​អាក្រក់​ ចង់​រស់នៅ​ដាច់​ឡែក​ពី​គេ​និង​មិន​ចង់​និយាយ​ស្តី​រកគេ។ លោកស្រី​ពន្យល់​ពី​ផល​ប៉ះពាល់​មក​លើ​សុខភាព​ផ្លូវ​កាយ​ថា៖

«សុខភាព​ផ្លូវ​ចិត្ត​ហ្នឹង​គឺ​វា​មាន​ទំនាក់​ទំនង​មក​ជាមួយ​នឹង​សុខភាព​រ៉ាំរ៉ៃ​ដូចជា​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ឡើង​ ហើយ​នឹង​ខ្លាញ់​នៅ​ហ្នឹង​សរសៃ​បេះដូង‍»។

សម្រាប់​ការ​ជួបជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ​លោកស្រី ​បាន​លើក​ទឹក​ចិត្ត​សមាជិក​សហគមន៍​ខ្មែរ​ឱ្យ​និយាយ​ចេញ​ពី​ការ​លំបាក​និង​តម្រូវ​ការ​របស់​ពួកគេ​ដើម្បី​រដ្ឋ​អាច​នឹង​ដាក់​ចេញ​គោល​នយោបាយ​សុខភាព​បាន​ត្រឹម​ត្រូវ៕

ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​ខ្មែរ​នៅ​អាមេរិក​សូម​ចូល​ទៅត្រង់​នេះ