ទាមទារ​ការថែរក្សា​ជាប្រចាំ​ទើប​ស្បែក​មុខស្រស់​ស្អាត​បែប​ធម្មជាតិ​

Sanofi

ស្បែក​ស្អាត​មិនមែន​សុទ្ធតែ​បាន​ពី​អំណោយផល​ធម្មជាតិ ១០០ ភាគរយ នោះទេ ដូចនេះ​ទាមទារ​ការថែរក្សា​ជាប្រចាំ​ ​ទើប​ស្បែក​ភ្លឺរលោង មាន​សុខ​ភាពល្អ ។

១. ស្គាល់​ប្រភេទ​ស្បែក​របស់​អ្នក​ឱ្យបាន​ច្បាស់ ព្រោះ​ប្រភេទ​ស្បែក​នីមួយៗ​ត្រូវការ​ការថែរក្សា​តាម​វិធី​ផ្សេងៗ​គ្នា​ ។
– ស្បែក​ស្ងួត មាន​សភាព​ស្រអាប់ ស្ងួត និង រមាស់ ជួនកាល​ងាយ​នឹង​ប្រតិកម្ម ។ ស្បែក​ស្ងួត​ត្រូវការ​សំណើម​ពី​ខាងក្នុង​(​ផឹកទឹក​) និង ពី​ខាងក្រៅ (​ក្រែ​ម ឬ ឡេ​ផ្តល់​សំណើម​) ។​

-​ស្បែក​ខ្លាញ់​មាន​សភាព​រលោង ភ្លឺ និង មាន​ខ្លាញ់ ដែលជា​បុព្វហេតុ​ងាយ​នឹង​កើត​«​មុន​» ។ ស្បែក​ខ្លាញ់ គួរ​ទទួល​ការព្យាបាល​ដោយ​ស្ទី​ម និង ម៉ាស​ផ្សំ​ពី​ដីឥដ្ឋ ។​
-​ស្បែក​ធម្មតា ជា​ប្រភេទ​ស្បែក​ល្អ​បំផុត មិន​ខ្លាញ់ មិន​ស្ងួត ប៉ុន្តែ​ក៏ត្រូវ​ការថែរក្សា​ដែរ ដូចជា​ការលាង ប្រើ​ថូ​ន័​រ និង ក្រែ​ម​ផ្តល់​សំណើម​ជាដើម ។​

២. ជាធម្មតា​មនុស្ស​ភាគច្រើន​មាន ប្រភេទ​ស្បែក​ដល់​ទៅ ២ គឺ​ស្បែក​ខ្លាញ់​បរិវេណ​អក្សរ T និង ស្បែក​ស្ងួត ឬ​ធម្មតា ត្រង់​បរិវេណ​ថ្ពាល់ ភ្នែក និង មាត់ និង ប្រែប្រួល​តាម​ពេលវេលា ហេតុនេះ​ត្រូវ​ថែរក្សា​តាម​វិធី​ផ្សេង​ពី​គេ និង ត្រូវ​តាមដាន​មើលថា​ពេលណា​ស្បែក​ប្រែប្រួល និង ផ្លាស់ប្តូរ​ផលិតផល ទៅតាម​នោះដែរ ។
-​ផឹកទឹក ដើម្បី​លាង​សម្អាត​ជាតិ ពុល​ពី​ក្នុង​ខ្លួន រក្សា​សំណើម​ស្បែក និង បំបាត់​បញ្ហា​ខា្ល​ញ់ ។


៣. ប្រើ​ហ្វូ​ម​លាងមុខ​ផ្សំ​ពី​ធម្ម​ជាតិ ព្រោះ​ហ្វូ​ម​សម្អាត​ផ្សំ​ពី​ជាតិគីមី​ច្រើន អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ធ្វើឱ្យ​ស្រទាប់​ស្បែក​ខូច ដូចនេះ​គួរ​ងាក​មក​ប្រើ​ហ្វូ​ម​ដែលមាន​គ្រឿងផ្សំ​ពី​ធម្មជាតិ ព្រោះ​ប្រសិទ្ធភាព​ក៏​ប្រសើរ​ជាង​ជាតិគីមី​ដែរ ។​

៤. ទទួលទាន​អាហារ​សម្បូរ​ជីវជាតិ​ចិញ្ចឹម​ជួយ​ស្បែក ដូចជា ផ្លែឈើ គ្រាប់​ធញ្ញជាតិ សណ្តែក ជាដើម ព្រោះ ថា​អាហារ​ទាំងនេះ​ជួយ​ដល់​ស្បែក​ច្រើន ជាង​ការ​លាប​ផលិតផល​ទៅទៀត ។


៥. កាត់បន្ថយ​គ្រឿងសម្អាង ព្រោះ​ការប្រើ​គ្រឿងសម្អាង​ច្រើន និង រយៈ ពេល​យូរ​អាចធ្វើឱ្យ​ស្បែក​ខូច​ដោយ​មិនដឹង​ខ្លួន ។ ប្រសិនបើ​អ្នក​ចូលចិត្ត​ផាត់មុខ​គួរ​ជ្រើស​យក​ផលិតផល​ណា​ដែល​ផ្សំ​ពី​ធម្មជាតិ ។​


៦. កុំ​ហាល​ក្តៅ​យូរពេក ដោយ​ព្យាយាម​ស្ថិតក្រោម​កម្តៅថ្ងៃ​តិច​តាម​ដែល​អាច​ធ្វើបាន ជាពិសេស​ក្នុង​កំលុង​ម៉ោង ១០ ព្រឹក ទៅ ២ រសៀល ។ ប្រសិនបើ​ចាំបាច់​ត្រូវធ្វើ​ការ​ហាល​ក្តៅ សូមកុំ​ភ្លេច​លាប​ក្រែ​ម​បម្រុង​ស្បែក​ដែលមាន SPF ចាប់ពី ១៥ ឡើងទៅ និង ពាក់មួក ពុំនោះ​អ្នកនឹង​ប្រឈម​នឹង​ស្នាម​ជ្រីវជ្រួញ និង ជំងឺមហារីក​ស្បែក​មិន​ខាន​។​


៧. ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច ១៥ នាទី ក្នុង ១ ថ្ងៃ ព្រោះ​លំ​ហាត់ប្រាណ នឹង​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង ប៉ុន្តែ​កុំ​ភ្លេច​លាងមុខ​បន្ទាប់ពី​ហាត់ប្រាណ​ហើយ ដើម្បី​សម្អាត​ញើស និង សារធាតុ​កខ្វក់​កប់​ក្នុង​រន្ធ​ញើស ។​


៨. ត្រូវ​លាងមុខ​ឱ្យបាន​ហ្មត់ចត់ ដោយ​លាងមុខ ២ ដង ក្នុង​១ ថ្ងៃ រួច​កុំ​ភ្លេច​ប្រើ​ថូ​ន័​រ ។ ប្រសិនបើ​អ្នក​ផាត់មុខ​នៅពេល​លាង​គួរ​លុបមុខ​នឹង​ទឹក​ត្រជាក់​ជាមុនសិន​ដើម្បីឱ្យ​រន្ធ​ញើស​រួម​តូច​មុននឹង​សម្អាត​ដោយ​ហ្វូ​ម​លាង​ចេញ ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ ពេល​លាង​ស្អាត​ហើយ​ត្រូវ​លុប​នឹង​ទឹក​ត្រជាក់​ម្តងទៀត ដើម្បីឱ្យ​រន្ធ​ញើស​ភ្ជិត​វិញ ។

៩. ផឹក​«​តែ​»​ផ្សំ​ពី Red Clover ដើម្បី​ជួយ​សម្អាត​ឈាម ក្រៅពី​ការសម្អាត​ឈាម​នៅមាន​អាហារ​មួយចំនួនទៀត​ដែល​គួរ​បរិភោគ​ដើម្បី​កម្ចាត់​«​មុន​»​ដូចជា អាហារ​សម្បូរ​វីតាមីន A វី​តា​-​មីន B ចម្រុះ វីតាមីន C ជាដើម ។


១០. ចំពោះមុខ​ឡើង​«​មុន​»​ធំៗ គួរ​សាកល្បង​ទឹកខ្មេះ​ផ្សំ​ពី​ផ្លែ​ប៉ោម ដោយ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក រួច​លាប​លើ​បរិវេណ​ដែលមាន​«​មុន​» ។ វិធី​ម្យ៉ាងទៀត​គឺ​ស្ទី​ម​មុខ​ដោយ​ប្រើ​ប្រេង​ឡា​វិ​ន​ឌ័​រ ក៏​ទទួលបាន​ប្រសិទ្ធភាព​ដូចគ្នា​ដែរ ៕​ ​ ​


 

Related