រដ្ឋាភិបាល​ស៊ីរី៖ ​យោធា​រដ្ឋាភិបាល​កំពុង​វាយប្រហារ​យក​ទឹក​ដី​មក​វិញ

រដ្ឋាភិបាល​ស៊ីរី៖ ​យោធា​រដ្ឋាភិបាល​កំពុង​វាយប្រហារ​យក​ទឹក​ដី​មក​វិញ

យុទ្ធជន​ឧទ្ទាម​ម្នាក់​មក​ពី​ក្រុម First Battalion ក្នុង​កងទ័ព​សេរីភាព​ស៊ីរី (Free Syrian Army) ចូលរួម​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​ នៅ​ក្នុង​ខេត្ត Aleppo កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ពួក​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​ចាប់ផ្តើម​ធ្វើ​ការ​វាយ​លុក​ខាង​យោធា​មួយនៅ​ក្នុង​ខេត្ត Aleppo ដែល​ជា​យុទ្ធនាការ​ថ្មី​បំផុត​មួយ​ដើម្បី​វាយ​យកដែនដី​មក​វិញ ​នៅ​ពេល​កំពុង​មា​ន​ជម្លោះ​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ ឥស្លាម និង​ក្រុម​នានា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។

ទីភ្នាក់ងារ​ព័ត៌មាន​ Interfax បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​រុស្សី​បាន​និយាយ​ដែរ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ពួកគេ​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ស៊ីរី «ធ្វើ​ការ​វាយ​លុក​នៅ​ទូទាំង​ប្រទេស»។

ប្រភព​ព័ត៌មាន​ស៊ីរី ​និង​រុស្សី​បាន​អះអាង​ថា ​ពួក​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​យក​បាន​មកវិញ​នូវ​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ជាច្រើន​ មាន​ដូចជា ខេត្ត Latakia ខេត្ត Aleppo ខេត្ត Idlib ខេត្ត Hama និង​ខេត្ត​ Homs ជាដើម។​

កងកម្លាំង​ស្មោះត្រង់​ជាមួយ​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឆ្មាំ​បដិវត្តន៍​នៃ​ប្រទេស​អ៊ីរ៉ង់ ពួក​យុទ្ធជន Hezbollah នៃ​ប្រទេស​លីបង់​ និង​កង​ជីវពល Shi'ite មក​ពី​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និង​ប្រទេស ប៉ាគីស្ថាន​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នៅ​ Aleppo និង​នៅ​ទូទាំង​ប្រទេស​ស៊ីរី។​

ប្រទេស​រុស្សី​បាន​ចូលរួម​ក្នុង​ក្រុម​ចម្រុះ​យោធា​ស៊ីរី​កាលពី​ចុង​ខែកញ្ញា។ ការ​វាយ​ប្រហារ​តាម​អាកាស​ប្រចាំ​ថ្ងៃ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ធ្វើ​ឱ្យ​មាន​ភាព​មិន​ពេញ​ចិត្ត​ដល់​កងកម្លាំង​បរទេស​ឯទៀតៗ​ដែល​ធ្វើ​ការ​វាយ​លុក​តាម​អាកាស​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ហើយ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ជាច្រើន​ដង​មក​ហើយ​ជាមួយ​ប្រទេស​តួកគី​ដែល​ជា​ប្រទេស​ជិត​ខាង​ នៅ​ខាង​ជើង​ប្រទេស​ស៊ីរី។​

កាលពី​ថ្ងៃ​សុក្រ​ យោធា​តួកគី​បាន​និយាយ​ថា​ ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​មួយ​ដែល​គេ​មិន​ដឹង​ថា​ ជា​របស់​ប្រទេស​ណា​ដែល​បាន​ហោះ​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​ពួកគេ​នៅ​ជិត​ព្រំដែន​ស៊ីរី។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​យោធា​តួកគី​បាន​និយាយ​ថា យន្តហោះ​នោះ​មិន​បាន​ស្តាប់​ដល់​ការ​ព្រមាន​បី​ដង​នៅ​មុន​ពេល​យន្តហោះតួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​នោះ​កាលពី​ថ្ងៃ​សុក្រ។​

ទូរទស្សន៍​តួកគី​ដែល​មាន​ឈ្មោះ​ថា NTV បាន​រាយការណ៍​ថា យន្តហោះ​នោះ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ហើយ​បាន​ត្រូវ​បាញ់​ធ្លាក់​នៅ​ចម្ងាយ​ប្រមាណ​៣គ.ម.​ខាង​ក្នុង​ដែន​អាកាស​តួកគី​នៅ​ជិត​ព្រំដែន​ស៊ីរី៕