បេ​ប៊ី ទាត់ចោល​បួន​រឿង​

Sanofi

ក្នុងចំណោម​តារា​សម្តែង និង ចម្រៀង​វ័យក្មេង​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ បេ​ប៊ី ត្រូវបាន​គេ​មើលឃើញថា ប្រជាប្រិយភាព​របស់​នា​ង​បាន​ហក់​ឡើង​ទាំង​ព្រម ពោលគឺ​ទាំង​ការងារ​សម្តែង និង ចម្រៀង​ហើយ​នាង​ក៏​កំពុង​អង្រួន​ឆាក​សិល្បៈ​ឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន និង ក្រុម​ផលិតករ​ផងដែរ ។ សកម្មភាព​នេះហើយ​ដែល​ធ្វើឱ្យ​នាង​ដណ្តើមបាន​ទីផ្សារការងា​រ​រក​ពេល​សម្រាក​គ្មាន​រហូត​សម្រេចចិត្ត​ព្យួរ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​ទី ១ ទុក​មួយ​ឡែក​ថែម​ទៀតផង ។​

​ទាក់ទង​នឹង​ភាពជោគជ័យ​នេះ អ្នកស្រី អិន ប៊ុន​ណា​រី ម្តាយបង្កើត​របស់​តារា​សម្តែង​វ័យ ១៩ ឆ្នាំ បេ​ប៊ី បាន​ប្រាប់​អ្នកយកព័ត៌មាន «​ប្រជាប្រិយ​» ថា ចាប់តាំងពី​ចូលឆ្នាំ ២០១៥ មក កូន​របស់​អ្នកស្រី នាង បេ​ប៊ី ជាប់រវល់ នឹង​ការងារ​សិល្បៈ​គ្មាន​ពេលទំនេរ​នោះទេ ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ​នាង​ចេញ​សម្តែង ច្រៀង និង ធ្វើ​ពិធី​ការិនី ស្ទើរតែ​គ្មាន​ពេល​សម្រាក​ឡើយ ។

អ្នកស្រី​បន្តថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បេ​ប៊ី មាន​ផលិតកម្ម​ទាក់ទង​ហៅ​នាង​សម្តែង​ខ្សែភាពយន្ត​ភាគ​ដល់​ទៅ​បួន​រឿង ហើយ​រឿង​ទាំង​បួន​នេះ​គេ​ឱ្យ​នាង​សម្តែង​ជា​តួឯក​ទាំងអស់​ថែម​ទៀតផង ប៉ុន្តែ បេ​ប៊ី មិនបាន​ទទួលយក​ទេ ព្រោះតែ ការសម្តែង​រឿង​ភាគ​ប្រើពេល​វេលា​ថត​ច្រើន​ខែ មានរឿង​ខ្លះ​ថត​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​មិនទាន់​ចប់​ក៏មានដែរ ដូច្នេះ ហើយ​ខាត​ពេល​ច្រើន ។

ម្យ៉ាងទៀត​នៅពេលនេះ បេ​ប៊ី កំពុង មាន​ទីផ្សារ​ធ្វើ​ពិធី​ការិនី និង ច្រៀង​តាម​ខន​សឺត​ច្រើន​រក ប្រាក់​បាន​ច្រើន ម្ល៉ោះហើយ​នាង​ផ្អាក​ទទួល​ថត​ខ្សែ​ភាព យន្ត​មួយរយៈ​សិន ។​ អ្នកស្រី អិន ប៊ុន​ណា​រី បាន​បន្ត​ប្រាប់ទៀតថា ប៉ុន្មាន​ខែ​នេះ បេ​ប៊ី មិន​ត្រឹមតែ​មិន​ទទួល​ថត​ខ្សែភាពយន្ត​នោះទេ សូម្បីតែ​អ្នកធានា​មកពី​ប្រទេស​អូស្ត្រាលី​ទាក់ទង​ធានា​នាង​ចេញទៅ​សម្តែង​រយៈពេល​ជាង​មួយខែ​ក៏​កូនស្រី​អ្នកស្រី​មិន​ទទួលយក​ដែរ ព្រោះ​នាង​ចង់យក​ពេលវេលា​នេះ​ពង្រឹងសមត្ថភាព​ច្រៀង រាំ និង ធ្វើជា​ពិធី​ការិនី​ឱ្យបាន​ល្អប្រសើរ​សិន ព្រោះ​ពេលនេះ​នាង​ក៏​ធ្វើ​កិច្ចសន្យា ជាមួយ​ទូរទស្សន៍ CTN រយៈពេល​ពីរ​ឆ្នាំ​ផងដែរ ។

​ម្តាយ បេ​ប៊ី បន្តថា រយៈ​ពេលដែល​កូនស្រី​អ្នកស្រី​ផ្អាក​មិន​ទទួល​ថត​ខ្សែភាពយន្ត​ខាងលើនេះ​ក៏មាន​ថៅកែ​ផលិតកម្ម​ខ្លះ​បាន​ឲ្យ​តម្លៃ​ខ្លួន បេ​ប៊ី ទ្វេដង ឱ្យតែ នាង​ទទួល​ថត ប៉ុន្តែ​ការដំឡើង​ប្រាក់​ឈ្នួល​លើកទឹកចិត្ត​នេះ​កូនស្រី​អ្នកស្រី​នៅតែ​មិន​ទទួលយក​ដដែល ។ ការផ្អាក​ទទួល​ថត​ខ្សែភាពយន្ត​នេះ បេ​ប៊ី គ្រាន់តែ​ផ្អឹប ទុក​មួយរយៈ​មិនមែន​លែង​សម្តែង​ខ្សែភាពយន្ត​នោះទេ គឺ​នៅពេលណា​ការងារ ចម្រៀង និង ពិធី​ការិនី​មិនសូវ​មមាញឹក​នាង​នឹង​វិល​មក​ទទួល​សម្តែង​ខ្សែភាពយន្ត​ជាថ្មី ប៉ុន្តែ​ពេលវេលា​នោះ​អ្នកស្រី​ក៏​មិនទាន់​អាច​កំណត់ថា​ត្រូវ​វិល​នៅពេល ណា​នៅឡើយ​ទេ ។

អ្នកស្រី អិន ប៊ុន​ណា​រី បន្តទៀតថា ការដែល បេ​ប៊ី ឡើង​តម្លៃ​ខ្លួន​ទ្វេដង នេះ​មិនមែន​នាង​ទាមទារ​ទេ គឺ​អ្នកកាន់ការ​ងារ​សិល្បៈ​ជា​អ្នក​ដំឡើង​ឱ្យ​នាង​តែម្តង ហើយ​តម្លៃ​ខ្លួន​នាង​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១៥ នេះ ព្រោះ​គេ​បាន​ប្រាប់ ថា​នាង​មាន​ក្រុម​រាំ និង មាន​សមត្ថភាព​ច្រៀង​មិន​ចាញ់​តារាចម្រៀង​ល្បីឈ្មោះ​ឡើយ ។ ជាមួយគ្នា​នឹង​ការបញ្ជាក់​ប្រាប់​របស់​អ្នកស្រី អិន ប៊ុន​ណា​រី នេះដែរ អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​ជជីក​សួរ​ពី​តម្លៃ ខ្លួន​របស់​នាង​ឡើងដល់​កម្រិតណា​ផងដែរ ប៉ុន្តែ​ចំណុច​នេះ​ត្រូវបាន​អ្នក ស្រី​ប្រាប់ថា មិនអាច​បញ្ជាក់ប្រាប់​ពី​តួលេខ​បានទេ ព្រោះ​អ្នកស្រី​មិន​ចង់បង្ហាញ​ចំណុច​នេះ​ឱ្យគេ​ដឹង​ឡើយ ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​របស់ បេ​ប៊ី វិញ អ្នកស្រី អិន ប៊ុន​ណា​រី ក៏បាន​ប្រាប់ថា រឿង​ស្នេហា​កូន​អ្នកស្រី​មិន​ជំទាស់​ទេ គឺ​ទុក​សិទ្ធិ​ឱ្យគេ​ជ្រើសរើស​ដោយ​ខ្លួនឯង​ចុះ តែ​រហូតមក​ដល់ពេលនេះ ទោះជា​មាន​បុរស​ជាច្រើន​បាន​ព្យាយាម​ចែចូវ​ខ្លួន​នាង​ផ្ទាល់ និង មកដល់​លោកស្រី​ជា​អាណាព្យាបាល​ក្តី​ក៏​នាង​នៅតែ​បដិសេធ​មិនទាន់​ទទួល យក​ដែរ ព្រោះ​នាង​ថា​នៅ​ក្មេង​មិនទាន់​គិតគូរ ឬ ចង់បាន​គ្រួសារ ឡើយ ៕ ចន្ថា​

​    

Related