ជីវិត​គ្មាន​ទីពឹង រស់​សែន​វេទនា​

Sanofi

​នៅលើ​លោក​នេះ តើ​មាន​អ្នកណា​ចង់​ក្រ​នោះ ? វា​មិន​ខុស​អី​ពីបទ​ចម្រៀង​របស់ លោក ខេ​ម តារា ចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​ថោ​ន​នោះទេ ប៉ុន្តែ​បើ​ក្រ វា​មិន​ប៉ុន្មាន​នោះទេ កុំ​ឲ្យ​តែ​ឈឺ បើ​ក្រ​ហើយ​ឈឺ​ទៀត​នោះ​វា​កាន់តែ​ពិបាក​មែនទែន​ហើយ មានន័យថា ទុក្ខ​ជាន់​លើ​ទុក្ខ​ដូចជា​អ៊ំស្រី ធី សា​រុំ នេះ​ជាដើម គាត់​ក្រ​ហើយ ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ទៀត បើទោះបី ជា​គាត់​មាន​ជំងឺ​ប្រចាំកាយ​យ៉ាងណាក្តី ក៏​គាត់​ខិតខំ​ធ្វើ​ការងារ​បន្តិចបន្តួច ដើម្បី​យកប្រាក់​មក​ទិញ​អង្ករ​ដាំបាយហូប ។ ក្រៅពីនោះ​គឺ​អ្នក​នៅក្បែរ​ខាង គេ​ដាក់​ទាន​ឲ្យ​គ្រាន់​បាន​ហូប​ឆ្អែត​មួយពេលៗ​ដែរ ។​

អ៊ំស្រី ធី សា​រុំ អាយុ ៥៨ ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​តាំង​បំពង់ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង មើលទៅ​ជីវិត​រស់នៅ​របស់គាត់​មានការ​លំបាក​វេទនា​យ៉ាងខ្លាំង ដោយ​គាត់​រស់នៅក្នុង​ខ្ទម​ដ៏​កម្សត់​ដែល មាន​សភាព​ធ្លុះធ្លាយ មើល​ពីមុខ​ធ្លាយ​ដល់​ក្រោយ ដំបូល​ប្រក់​ស្លឹក​រខេក រខាក គ្មាន​កន្ទេល មុង ភួយ សូម្បីតែ​ខ្នើយ​ក៏​មើល​មិន​យល់​ដែរ ។ បើ​យើង​ចូល​ទៅដល់​ក្នុង​ខ្ទម​កម្សត់​របស់គាត់​គឺ​ឃើញតែ​ភួយ ខ្នើយ និង​សំពត់ អាវ​ចាស់ៗ​ប៉ុណ្ណោះ ដែល​អ្នកស្រុក​ផ្ដល់ឱ្យ បន្ទាប់ពី​គេ​ស្លៀកពាក់​រួចហើយ ។

ងាក​មក​សម្លឹងមើល​ជុំវិញខ្លួន​ឃើញ​ថង់អង្ករ​ព្យួរ​ជាប់​នឹង​ជញ្ជាំង សល់​ត្រឹមតែ​បបរ​មួយ​ពេលនោះ អ៊ំស្រី​បាន​និយាយ​ពី​ប្រវត្តិ​ខ្លះៗ​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ទាំង​សំឡេង​ខ្សាវៗ​ថា គាត់​ជា​កូនស្រី​ច្បង​នៅក្នុង​ចំណោម​បងប្អូន​ស្រី​ទាំង ២ នាក់ មាន​ឪពុក​ឈ្មោះ ធឿន ស្លាប់​កាលពី​ជំនាន់ ប៉ុល ពត ម្ដាយ​ឈ្មោះ ធឿន បាន​ស្លាប់​តាំងពី​គាត់​នៅ​ក្មេងៗ ។ តាំងពី​ពេលដែល​ពួកគាត់​ស្លាប់ចោល​ទៅ គាត់​ជា​កូនៗ​ត្រូវ​ពឹង​ផ្អែកលើ​ជីដូន​ចាស់ជរា​ម្នាក់ ដោយមាន​ដីស្រែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ លុះ​ក្រោយមក​ជីវភាព​គ្រួសារ​របស់គាត់​ក៏​កាន់តែ​ធ្លាក់ខ្លួន​ក្រ​ទៅៗ រក​សម្រាប់តែ​ចម្អែត​ក្រពះ​មួយពេលៗ​ស្ទើរតែ​មិន​គ្រប់​ផង ហើយ​ជីដូន​ក៏​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ គ្មាន​ថវិកា​ទិញ​ថ្នាំសង្កូវ​មើលថែ​ជីដូន គ្មានអ្វី​ក្រៅពី​សម្លឹង​ឃើញតែ​ដី​ភូមិ និង ដីស្រែ​បន្ដិចបន្តួច​នោះឡើយ ។

ដោយ​គ្មាន​ជម្រើស​មិនអាច​ឈរ​ឱបដៃ​មើល​ជីដូន​ឈឺ ដោយ​គ្មាន​ប្រាក់​ព្យាបាល​នោះ​គាត់​ក៏បាន​បង្ខំ​ចិ​ត្ដ លក់​ដី​កេរ​តិចតួច​នោះ ដើម្បី​ព្យាបាល​ជីដូន​ក្រែងលោ​បានជា​សះស្បើយ ។ គ្មាន​សង្ឃឹម​ទេ ពេលនោះ​ជំងឺ​របស់​ជីដូន​ក៏​ដុនដាប​រហូតដល់​បាត់បង់​ជីវិត​ចោល​គាត់ ហើយ​ដីស្រែ​ក៏​លក់​អស់​ទៀត ។ បន្ទាប់ពី​រៀបចំ​បុណ្យសព​ជីដូន​បាន​សព្វគ្រប់ គាត់​គ្មាន​សល់​អ្វី​ក្រៅពី​សម្លៀកបំពាក់​មួយ​ចង្កេះ​ឡើយ ។ ដូច្នេះ​ជីវិត​ពីរ​នាក់​បងប្អូន​ស្រី​ត្រូវ​រស់នៅ​តែលតោល​ជ្រកកោន​ផ្ទះ​អ្នកស្រុក ឯ​ការសិក្សា​រៀនសូត្រ​វិញ​គឺ​ពុំបាន​ស្គាល់​សាលា​ឡើយ ។

ដោយសារតែ​ជីវភាព​ប្រចាំថ្ងៃ​ជួប​ការលំបាក ពីរ​នាក់​បងប្អូន​មិនបាន​ទៅ​រៀន​ដូច​កូនចៅ​អ្នកដទៃ​នោះទេ គឺ​រវល់​តែ​ដើរ​ស៊ីឈ្នួល​គេ​គ្រប់​ច្រកល្ហក មិន​ថា​ដក​ស្ទូង លីសែង ឬ រែក​ដី​ឡើយ​ឱ្យតែបាន​ប្រាក់​។ ទោះបីជា​ពីរ​នាក់​បងប្អូន​ចូលដល់​វ័យ​ពេញក្រមុំ​ក្ដី ក៏​គ្មាន​ប្រុស​ណា​ម្នាក់​ចាប់​ចិ​ត្ដ​ប្រតិព័ទ្ធ​ដែរ ដូច្នេះ​ពីរ​នាក់​បងប្អូន​ចេះតែ​ប្រឹង​ដើរ​ស៊ីឈ្នួល​គេ​រហូតដល់​វ័យចាស់​រៀ​ងៗ​ខ្លួន ។​ ទន្ទឹមនឹង​ជំងឺ​ប្រចាំកាយ បាយ​ពុំដែល​ស្គាល់​ម្ហូប​ឆ្ងាញ់ កុំថាឡើយ​សាច់ គោ សាច់ជ្រូក មាន់ ទា សូម្បីតែ​ត្រី​ក៏​ស្ទើរតែ​មិនបាន​ហូប​ផង ។

អ៊ំស្រី​បាន​បន្ដទៀតថា ការហូបចុក​រាល់ថ្ងៃនេះ កុំថាឡើយ បាន​ហូប​ឆ្ងាញ់ សូម្បីតែ​ហូប​ឆ្អែត​ក៏​មិនបាន​គ្រប់ពេល​ផង ព្រោះ​អង្ករ​មួយពេល​លៃ​ទុក​សម្រាប់​មួយពេល ទៀត បើ​ហ៊ាន​តែ​ដាំ​ជ្រុល​លើស​កំណត់​គឺ​ពិតជា​អត់​ពេល​ក្រោយ​ជាពុំខាន​។ ដូច្នេះ​រឿង​ហូប​ឆ្អែត ឬ មិន​ឆ្អែត លែង​សំខាន់​ហើយ ឱ្យតែបាន​ហូប​គ្រប់ពេល ព្រោះ ពេលខ្លះ​ដាច់បាយ​ម្ដងម្កាល​ដែរ ។ បើ​ពេលណា​ឈឺ​វិញ ត្រូវ​ដេក​រង់ចាំ​អ្នកស្រុក​ភូមិ​ហុច​បាយទឹក​ឱ្យ បើ​ឈឺ​វិញ​គឺ​មិនដែល​បាន​ស្គាល់​ថ្នាំសង្កូវ​ទេ ព្រោះ​គ្មាន​លុយ​ទិញ ពេល​ឈឺ​ម្តងៗ​គឺ​ទៅតាម​ព្រេងវាសនា ថ្ងៃ​ណា​គឺ​ថ្ងៃ​ហ្នឹង​ទៅ​ចុះ ។​

​អ៊ំស្រី​បានបញ្ជាក់​ប្រាប់ថា ក្រោយមក​បងប្អូន​ស្រីរ​បស់​គាត់​ត្រូវ​បែក​គ្នា​រក​ជម្រក​រៀងៗ​ខ្លួន ដោយ​ប្អូនស្រី​ទៅ​រស់​នៅផ្ទះ​អ្នកផ្សេង​ចោល​គាត់​ទុកឱ្យ​គាត់​នៅ​ម្នាក់ឯង ដោយ​សុំ​ដី​របស់​អ្នកភូមិ​សង់​ខ្ទម​រស់នៅ​បណ្តោះ អាសន្ន ។ ចាប់តាំងពី​ដឹងក្តី​មក ជីវិត​របស់គាត់​ស្គាល់​តែ​សេចក្តី​ទុក្ខលំបាក​វេទនា ពុំមាន​ពេល​ល្ហែ​ម្តងណា​ឡើយ ចេះតែ​ស៊ូទ្រាំ​រស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទំរាំ​ដល់​ថ្ងៃ​ស្លាប់ ។ រាល់ថ្ងៃនេះ គាត់​ដើរ​ទិញ ឬ សុំ​ប្ញ​ស្សី​គេ ដើម្បី​យកមក​ធ្វើជា​ចង្អេរ ក​ញ្រែ្ច​ង​លក់​ទាំងឈឺទាំងជា គ្រាន់​បាន​ប្រាក់កាស​ខ្លះ​ទិញ​អង្ករ​ដាំបាយហូប ។

ក្នុង​មួយថ្ងៃ គាត់​ធ្វើ​ចង្អេរ​បាន​មួយ ហើយ​ចង្អេរ​មួយ​លក់បាន​ប្រាក់ ២ ០០០ រៀល​ប៉ុណ្ណោះ ។ ប្រាក់​ដែល​បានមកពី​លក់​ចង្អេរ​នេះ គាត់​លៃ​ទិញ​អង្ករ​ខ្លះ ម្ហូប​ខ្លះ តែបើ​ថ្ងៃ​ណា​មិន​បានធ្វើ​ចង្អេរ​លក់ ក៏​អត់លុយ​ទិញ​អង្ករ​តាម​នោះដែរ ដូច្នេះ​ត្រូវ​ដើរ​ខ្ចីបុល​អង្ករ​អ្នកជិតខាង ជួនកាល​ខ្ចី​គេ​មិនបាន ក៏ត្រូវ​ដេក​អត់​មួយពេល​អ៊ីចឹងទៅ ។ ជួនកាល​ជំងឺ​ធ្វើទុក្ខ​ប្រាក់​ក៏​គ្មាន​ទិញ​ថ្នាំសង្កូវ​លេប​ត្រូវ​ដេក​ឈឺ​ចុកចាប់​ម្នាក់ឯង​ក្នុង​ខ្ទម​នោះ ទម្រាំ​តែមាន​គេ​មក​អើតមើល​ប្រាប់​គេ​ឱ្យជួយ ។​ ចុងក្រោយ​អ៊ំស្រី​បានបញ្ជាក់​ប្រាប់​ទាំង​ដកដង្ហើម​ធំ​ថា «​ក្មួយ​អើយ​ការរស់នៅ​រាល់ថ្ងៃនេះ​មានការ​ពិបាក​ខ្លាំងណាស់ មួយថ្ងៃ​កាត់ មួយថ្ងៃ​កោរ ប៉ុន្ដែ​ធ្វើយ៉ាងណា បើ​វាសនា​តម្រូវ​មក​ឲ្យ​ក្រ​បែប​នេះនោះ ដូច្នេះ​ចេះតែ​ទ្រាំ​ទៅ ចាំ​ដល់​ថ្ងៃ​ណា​ស្លាប់​ថ្ងៃនោះ​ទៅ​ចុះ​» ៕​លី​លី​

Related