អ្នកនាំពាក្យ៖ កិច្ចប្រជុំ គណ:កម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៤ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ តុលា ដដែល

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ បានបញ្ជាក់ឡើងវិញនៅយប់ថ្ងៃទី១៦ ខែតុលានេះថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ដដែល មិនមានការលើកពេលនោះទេ។

នៅល្ងាចមិញនេះ ក្រសួងការបរទេស បានប្រកាសលើកពេលកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ តែលោក ជុំ សុន្ទរី អះអាងថា រៀបចំឯកសារមិនទាន់រួចរាល់។ បន្ទាប់ពីការប្រកាសពន្យារពេលនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រសួងបានចេញមកប្រកាសជាថ្មីថា កិច្ចប្រជុំនេះប្រព្រឹត្តតាមកាលកំណត់ជាធម្មតាវិញ។

លោក ជុំ សុន្ទរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ថ្ងៃនេះថា នៅព្រឹកមិញក្រសួងបានចេញប្រកាសថាលើកពេល ដោយសារតែមានបញ្ហាឯកសារ ប៉ុន្តែពេលនេះ ឯកសារទាំងនោះ បានរៀបចំរួចរាល់ហើយ ព្រមទាំងមានការសម្រេចភ្លាមៗថា នឹងត្រូវប្រជុំតាមការកំណត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ក្រសួងការបរទេសបានជូនដំណឹងថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះ នឹងពិភាក្សា ទៅលើស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហើយចុងបញ្ចប់ នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណ:កម្មការចំរុះកម្ពុជា-វៀតណាមលើកទី១៤។

បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម នៅតែជាប្រធានបទមួយ ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំ ណាក់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសនៅក្នុងមួយរយៈពេលចុងក្រោយនេះ នៅពេលវៀតណាម បានព្យាយាមសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានាតាមបន្ទាត់ព្រំដែន រំលោភទៅនិងកិច្ចព្រមព្រៀងព្រំដែននាឆ្នាំ២០០៥។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ប្រមុខការទូត កម្ពុជា ក៏នឹងលើកយកបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ទៅជជែកពិភាក្សាផងដែរ។ តែលោក ជុំ សុន្ទរី ក៏បានរំ ពឹងផងដែរថា លទ្ធផលវិជ្ជមានជាច្រើននឹងលេចឡើងនៅក្នុងកិច្ចប្រជុំនេះ ដែលជួយរុញច្រានឲ្យទំនាក់ទំនង និង សហប្រតិបត្តិការកម្ពុជា កាន់តែល្អប្រសើរថែមទៀត។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៣ ដែលប្រារព្វឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ។ របៀបវារៈជាច្រើនត្រូវបានលើកមកជជែកនាពេលនោះ ក្នុងនោះ ក៏មានការជំរុញឲ្យពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរផងដែរ។