ជន​ឆបោក​ម៉ូតូ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​តាម​ប្រមាញ់​បាន​នៅ​ខេត្តតាកែវ

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​ម្នាក់ ក្នុង​ករណី​ឆបោក​យក​ម៉ូតូ​មួយ​គ្រឿង និង​យោង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ខេត្តមណ្ឌលគិរី ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​កណ្តឹង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ខណៈ​ជនសង្ស័យ​កំពុង​ព្យាយាម​គេចខ្លួន​ជាមួយនឹង​វត្ថុ​តាង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ម៉ា​ន់ ហៅ​ត្រា ភេទ​ប្រុស ជា​កូនកាំបិត​នៅ​អាហារ​ដ្ឋា​ន​មួយ​កន្លែង​នៅ​ខេត្តមណ្ឌលគិរី មាន​ទីលំនៅ​ក្នុងស្រុក​ឈូក ខេត្តកំពត ។

បើ​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ តុលា ២០១៥ កន្លង​មក បន្ទាប់​ពី​បញ្ចប់​​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​មក ជនសង្ស័យ​ខាងលើ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​រដ្ឋ 12-2007 ដោយ​មូល​ហេតុ​ថា យក​ទៅ​លេង​ផ្ទះ​មេ​ចុងភៅ ព្រោះ​អផ្សុក​ពេក ។ លុះដល់​ពេល​ល្ងាច ដោយ​មានការ​បារម្ភ ជន​រង​គ្រោះ​ក៏​ទាក់ទង​សួរ​មេ​ចុងភៅ​ទើប​ដឹង​ថា ចាញ់បោក​ជនសង្ស័យ​ខាងលើ ទើប​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ។

ក្រោយ​ពី​ស្រាវជ្រាវ និង​ដោយ​មានការ​សហការ​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី រួម​នឹង​សមត្ថកិច្ច​ខេត្តតាកែវ ក៏​បាន​វែក​រកមុខ​សញ្ញា និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បាន​ដោយ​ជោគជ័យ ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចា​វិធានការ​តាម​ច្បាប់​ ៕